សហគមន៍​ឡ​ពាង​ដាក់​ភស្តុតាង​ជូន​តុលាការ​ក្រុង​ភ្នំពេញ​តាម​ការកំណត់

ដោយ មួង ណារ៉េត
2019-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។
អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។
Provided photo

សហគមន៍​ឡពាង ដែល​មកពី​កំពង់ឆ្នាំង ប្រមាណ ៤៥​នាក់​ប្រមូល​ផ្ដុំ​គ្នា​មុខ​តុលាការ​ក្រុងភ្នំពេញ​ជាថ្មី​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ខណៈ​តំណាង​ពួកគេ ចូល​ដាក់​ភស្តុតាង​បន្ថែម​តាម​ការកំណត់​របស់​ចៅក្រម ពាក់ព័ន្ធ​នឹង​បណ្ដឹង​មោឃភាព​កិច្ចព្រមព្រៀង​ជាមួយ​អ្នកស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) កាលពី​ឆ្នាំ​២០១៤។ ប្រជាពលរដ្ឋ​ស្នើសុំ​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទទួល​ស្គាល់​ដីធ្លី​របស់​អ្នកភូមិ។

តំណាង​សហគមន៍​ឡពាង លោកស្រី អ៊ុំ សុភី ប្រាប់​អាស៊ីសេរី​ថា អ្នកភូមិ​ឡ​ពាង ដាក់​ឯកសារ​បន្ថែម ជូន​តុលាការ​ក្រុងភ្នំពេញ​រួចរាល់​ហើយ ក្រោយពី​រក​ឃើញ​កិច្ចព្រមព្រៀង​នោះ លើ​ទំព័រ​កាសែត​កោះសន្តិភាព ចុះផ្សាយ​កាលពី​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។ ចំពោះ​កិច្ចព្រមព្រៀង​ពិតប្រាកដ​វិញ ពួកគាត់ រក​មិន​ឃើញ​ឡើយ ទាំង​នៅ​សាលាឃុំ​តាជេស និង​សាលាស្រុក​កំពង់ត្រឡាច ក្នុង​កំឡុង​៣​សប្ដាហ៍​កន្លង​មក​នេះ ដែល​ចៅក្រម លោក សំ ប៊ុនពៅ ទុក​ពេល​ឱ្យ​តំណាង​ពលរដ្ឋ រក​ភស្តុតាង​ទាំងនោះ​ដើម្បី​ដាក់​ជូន​តុលាការ។

តំណាង​ពលរដ្ឋ លោកស្រី អ៊ុំ សុភី ឱ្យ​ដឹង​ថា​ទាំង​មន្ត្រី​ថ្នាក់​ឃុំ និង​ស្រុក និយាយ​ដោះ​សារ​យករួចខ្លួន​ជានិច្ច ទាក់ទង​នឹង​សំណៅ​ឯកសារ​ទាំងនោះ ពេល​ពលរដ្ឋ​នាំគ្នា​ទៅ​ជួប​ម្ដងៗ​។ លោកស្រី យល់ថា មាន​តែ​ភាគី​ក្រុមហ៊ុន​ខេ​.​ឌី​.​សី (DKC)​ទេ ដែល​មាន​កិច្ចព្រមព្រៀង​នោះ។

កិច្ចព្រមព្រៀង ឬ​សំណង​គោល​នយោបាយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក កាលពី​ឆ្នាំ​២០១៤​នោះ សរសេរ​ថា ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) បាន​ផ្ដល់​ថវិកា ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧​ពាន់​ដុល្លារ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ ហើយ​ថវិកា ១​ម៉ឺន​ដុល្លារ​ផ្សេងទៀត ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

ប៉ុន្តែ លោកស្រី អ៊ុំ សុភី ថា ចំនួន​ទឹកប្រាក់ ដែល​ចុះផ្សាយ​នោះ គឺ​ក្លែង​បន្លំ ហើយ​មាន​នៅ​លើ​តែ​ក្រដាស​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​មិនដែល​បាន​ទទួល​ថវិកា ពី​ក្រុមហ៊ុន​ឡើយ សូម្បី​មួយ​រយ​រៀល ចាប់​តាំងពី​មាន​វិវាទ​ដីធ្លី នៅ​ឆ្នាំ​២០០៦។ លោកស្រី បញ្ជាក់​ថា ក្នុង​កិច្ចព្រមព្រៀង​នោះ​ទៀតសោត មិនបាន​និយាយ អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការដោះដូរ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ។ តំណាង​អ្នកភូមិ​ឡ​ពាង ស្នើសុំ​តុលាការ​ជួយ​ផ្ដល់​ដល់​យុត្តិធម៌​ជូន​ពួកគាត់ ដែល​ជា​ពលរដ្ឋ​ក្រីក្រ ដោយសារ​បាត់បង់​ដី​ធ្វើស្រែ​ចម្ការ អស់​ជាង​១៣​ឆ្នាំ​មក​ហើយ៖ «សូម​ឱ្យ​គាត់​យក​រឿង​ហ្នឹង យក​មក​សវនាការ ឬក៏​កោះហៅ​ប្រជាពលរដ្ឋ សួរ​ហេតុផល​ហើយ ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឱ្យ​បាន​ឆាប់​ទៅ​ៗ ព្រោះ​ខ្ញុំ​មិន​ចង់​អូស​បន្លាយពេល​យូរ​ទេ។ បើ​តុលាការ​អូស​បន្លាយ​ពេល​យូរ​ទៅ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​កាន់តែ​ខ្សត់ខ្សោយ​ទៅ។ ខំប្រឹង​រកលុយ​មក​ចិញ្ចឹម​កូន ចិញ្ចឹម​គ្រួសារ​ផង ហើយ​មួយ​ចំណែក​ទៀត​យើង​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​មក​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​តវ៉ា​ទៀត។ អ៊ីចឹង យើង​ត្រូវ​បែក​ចែក​ចំណែក​ច្រើន​ជា​បន្ទុក​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា»

ជុំវិញ​បណ្ដឹង​រដ្ឋប្បវេណី វាង​អ្នកភូមិ​ឡ​ពាង ជាមួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ការ​ដាក់បន្ទុក​ទៅលើ​ភាគី​ណាមួយ​ទៅ​បាន គឺ​អាស្រ័យ​ទៅ​លើ​ភស្តុតាង របស់​ភាគី​ដើមបណ្ដឹង ថា​តើ​មាន​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ​កម្រិត​ណា។ លោក អំ សំអាត យល់​ថា អ្វី​ដែល​ពលរដ្ឋ បាន​រក​ឃើញ ដើម្បី​ដាក់​ជូន​តុលាការ​នៅ​ពេល​នេះ អាច​ជា​តម្រុយ​មួយ​សម្រាប់​តុលាការ ធ្វើការ​ពិចារណា​លើ​ដំណើរការ​នីតិវិធី។ លោក អំ សំអាត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ស្វែងរក​មេធាវី ជួយ​ផ្នែក​ច្បាប់ ក្នុង​រឿងក្ដី​នេះ៖ «វា​អាស្រ័យ​ទៅ​លើ​តុលាការ ដែល​លោក​ពិចារណា​ទៅលើ​រឿង​ទាំងអស់​នេះ ហើយ​នឹង​ពិនិត្យ​ទៅលើ​ភស្តុតាង​ទាំងអស់​ហ្នឹង​។ ប៉ុន្តែ​គ្រាន់តែ​ថា ទោះ​យ៉ាង​ណា​ក៏ដោយ យើង​សង្ឃឹមថា យុត្តិធម៌​សម្រាប់​ពលរដ្ឋ​អាច​នឹង​កើតមានឡើង»

អាស៊ីសេរី មិន​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បី​ឆ្លើយតប​នឹង​ការ​លើកឡើង របស់​ពលរដ្ឋ​បាន​នៅឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​ពេល​កន្លងទៅ លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ ក្នុង​ចំណោម ៥២​គ្រួសារ ដែល​នៅ​សេសសល់ ពី​ការ​ដោះស្រាយ​កន្លងទៅ។

លោក​ថា អ្នក​ដែល​ទទួល​សំណង​ហើយ​នៅ​បន្ត​តវ៉ា និង​អ្នក​ប្ដឹង​ថ្មី គឺជា​មនុស្ស​ខូច លោភលន់ និង​ពុំ​មាន​ឯកសារ​កាន់កាប់​លើ​ដី ដែល​ខ្លួន​កំពុង​ទាមទារ​នោះ​ត្រឹមត្រូវ​ឡើយ។

ក្រោយពី​ដាក់​ភស្តុតាង​បន្ថែម​នៅ​រដ្ឋបាល​តុលាការ​ក្រុង​ភ្នំពេញ អ្នក​ឡ​ពាង​ដែល​ភាគច្រើន​ជា​ស្ត្រី ក៏​នាំគ្នា ដើរ​ទៅ​ដាក់​ញត្តិ សុំ​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត ពី​ក្រសួង​យុត្តិធម៌ ស្ថិតនៅ​ក្បែរ​ព្រះបរមរាជវាំង។ អ្នកភូមិ​ឡ​ពាង​ប្រកាន់​ជំហរ​ថា ពួកគាត់​នឹង​នាំគ្នា​ឡើង​មក​តុលាការ​ក្រុងភ្នំពេញ​ជាថ្មី ប្រសិនបើ​តុលាការ មិន​ជូនដំណឹង​ឱ្យ​ពួកគាត់ ដឹង​ពី​ដំណើរការ​ក្ដី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល