ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន មេហ្គាហ្វើ​ស ថា គេចវេះ​មិន​ប្រជុំ​ដោះ​ស្រាយ​ជម្លោះ​ដី ៣ពាន់​ហិកតារ

ដោយ សេក បណ្ឌិត
2020-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ជនជាតិ​ព្នង ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា កំពុង​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ស្រុក-ឃុំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេហ្គា​ហ្វើស (Mega First Corporation Berhad) នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
សហគមន៍​ជនជាតិ​ព្នង ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា កំពុង​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ស្រុក-ឃុំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេហ្គា​ហ្វើស (Mega First Corporation Berhad) នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Adhoc

ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ជាង ៥០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មន្ទីរ​ដែនដី​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី១០ កញ្ញា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ទំហំ ៣.០០០​ហិកតារ ជាមួយ​ក្រុមហ៊ុន​មេហ្គា ហ្វើស (Mega First Corporation Berhad) ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​មិនបាន​មក​ជួប​អ្នកភូមិ​តាម​ការ​សន្យា​នោះ​ទេ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា និង​ឃុំ​ដាក់ដាំ ស្រុក​អូរ​រាំង​ខឹងសម្បា​ចំពោះ​ទង្វើ​របស់​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គាហ្វើស ដែល​គេចវេះ​មិន​ចង់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ទំហំ ៣ពាន់​ហិកតារ​ដែល​កំពុង​ចម្រូង​ចម្រាស់។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ប៊ូស្រា លោក ផើន តែម ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ កញ្ញា​ថា​ ​ក្រុមហ៊ុន​មេ​ហ្គាហ្វើ​ស​បន្ត​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​មិនទាន់​ដោះស្រាយ​រួចរាល់​ ​អស់​ជិត ១រយ​ហិកតារ (១០០) ជា​ថ្មី​ទៀត ក្នុង​នោះ​ក្រុមហ៊ុន​ក៏​កំពុង​ដាំ​ដំណាំឧស្សាហកម្ម​ផង​ដែរ។ លោក​ថា ពលរដ្ឋ​តែងតែ​រារាំង​សកម្មភាព​ឈូស​ឆាយ​នោះ​ ​ព្រោះ​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ និង​ដាំដំណាំ​ជា​តំបន់​ព្រៃ​កប់​សព​ ​ព្រៃ​ត្រណម​ ​ព្រៃ​ជំនឿ​ ​និង​ព្រៃ​មាន​រុក្ខជាតិ​កម្រ​ឋិត​ក្នុង​លក្ខខណ្ឌ ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ផល​ប៉ះពាល់​។​ ​លោក​ចាត់​ទុក​ ​ទង្វើ​របស់​ក្រុមហ៊ុន​ថា ជា​ការ​ភូតភរ​ពលរដ្ឋ​ដោយ​គ្មាន​ការទទួលខុសត្រូវ៖ «ក្រុមហ៊ុន​ហ្នឹង​ខូច​ហ្មង​ ​ជា​ក្រុមហ៊ុន​កុហក​ប្រជាជន​អ៊ីចឹង។ កុហក​ថា គាត់​ជួយ​ដោះស្រាយ​តែ​គាត់​អត់​ដោះស្រាយ​ទេ​ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ចាប់តាំង​ពី​ឆ្នាំ២០១៦។ ជាមួយ​ខាង​ក្រុមហ៊ុន​ហ្នឹង​ ​គឺ​ក្រុមហ៊ុន​ ​មិន​ផ្អាក​ទេ​ ​ការ​ឈូស​ឆាយ​របស់​គាត់ នៅតែ​បន្ត​រហូត​តំបន់​ស្លឹក​តៀប​សត្វ​ក៏​មាន ហើយ​ខ្លះ​ទៀត​ក៏​មាន​ប៉ះពាល់​អូរ​ដែរ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​នាយក​រដ្ឋបាល​ក្រុមហ៊ុន​មេ​ហ្គាហ្វើ​ស​ ​លោក​ ​ជា​ សុ​វណ្ណា​ ​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​ ​តែ​ទូរសព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ទី​ ​១​០​ ​កញ្ញា​។​

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ ​លោក​ ​សុក​ ​សេ​រ៉ា​ ​និង​អភិបាល​ខេត្ត​មណ្ឌលគិរី​ ​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​ក៏​មិន​លើក​ទូរសព្ទ​ដែរ​ ​នៅ​ថ្ងៃ​ដដែល​នេះ​។​

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេ​ហ្គា ហ្វើ​ស​ (​Me​g​a​ ​First​ ​Corporation​ ​Be​r​h​a​d​) ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជាង​ ​៩​ពាន់​ហិកតារ​ ​នៅ​ស្រុក​អូរ​រាំង​ ​តាំងពី​ឆ្នាំ​២០១២។​ ​តំណាង​ក្រុមហ៊ុន​ធ្លាប់​អះអាង​ថា​ ​ខ្លួន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ទំហំ​ ​៣​ពាន់​ហិកតារ​ ​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅសល់​តែ​ដី​ទំហំ​ជាង​ ​៦​ពាន់​ហិកតារ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ ​លោក​ គ្រើ​ង​ ​តុលា​  ឱ្យ​ដឹង​ថា​ ​ព្រៃ​កប់​សព​ព្រៃ​ត្រណម​ ​ព្រៃ​បម្រុង​ទុក​ ​ព្រៃ​អារក្ស​ ​តំបន់​ជម្រាល​ទឹក​អូរ​ ​និង​ព្រៃ​សម្បូរ​រ​ក្ខ​ជាតិ​ក​ម្រ ​មាន​ទំហំ​៣​ពាន់​ហិកតារ​ ​ដែល​ជា​កន្លែង​ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យផល​  ​កាន់តែ​ហិនហោច​ដោយសារតែ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ទំនាស់​នេះ​។​ ​លោក​ថា​ ​ក្រុមហ៊ុន​នៅតែ​ ​ឈូស​ឆាយ​ព្រៃ​ទាំងនោះ​ ​ផ្ទុយពី​កិច្ចសន្យា​វិនិយោគ​ ​ដោយមាន​ពេលខ្លះ​ ​បាន​ទង្គិច​ជាមួយ​សហគមន៍​ទៀត​ផង៖ «ក្នុងនាម​យើង​ជា​ពលរដ្ឋ​ចាត់​ទុក​ ​គាត់​ភូត​កុហក​ ​គាត់​គេច​វេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង តែ​ពលរដ្ឋ​នៅតែ​មាន​ជំហរ​មិន​ឱ្យ​គាត់ (ក្រុមហ៊ុន) ដាំ​បន្ត​ទៀត​ទេ បើ​សិន​គាត់​ដាំ​យើង​នឹង​មាន​វិធានការ ដើម្បី​ទប់​ស្កាត់​រង់ចាំ​ការ​ដោះ​ស្រាយ​ទាំង​អស់​គ្នា»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ដែល​ចុះ​អង្កេត​ករណី​នេះ​ ​អះអាង​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ពន្យារពេល​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះឱ្យ​ដាច់​ស្រឡះ​នោះ​ទេ​ ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​ជាហេតុ​រុញច្រាន​ឱ្យ​ជីវភាព​ពលរដ្ឋ​ធ្លាក់​ចុះ។ លោក​យល់​ថា ក្រុមហ៊ុន​ហាក់​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​ផល​ប៉ះពាល់​នានា ឱ្យ​ដាច់​ស្រឡះ​នោះ​ទេ៖ «ស្នើសុំ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​លើ​បញ្ហា​ហ្នឹង ហើយ​ជំរុញ​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ចៀសវាង​អូស​បន្លាយ​រយៈពេល​យូរ​វា​ធ្វើ​ឱ្យ បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ក្រ​ ​និង​កាន់តែ​លំបាក​ខ្លាំង»

កាលពី​ឆ្នាំ២០១៩ ក្រុម​ជនជាតិ​ដើម​ភាគ​តិច ៥០នាក់ តំណាង​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជាង ៥០០​គ្រួសារ​បាន​ផ្តិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ការពារ​ដី​ទំហំ ៣ពាន់​ហិកតារ ដែល​កំពុង​រង​ការ​រំលោភបំពាន​ពីសំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គាហ្វើស។ ក្នុង​ពាក្យបណ្ដឹង​នោះ ពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃ​ជំនឿ ផ្នូរ​កប់​សព​តំបន់​ភូមិ​ចាស់ ប្រភព​ទឹក​អូរ​ធម្មជាតិ បាត់បង់​ព្រៃស្រោង​ជាទី​ជម្រក​សត្វព្រៃ និង​អនុផល​ព្រៃឈើ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល