សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​សាទរ​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) ខេត្ត​មណ្ឌលគិរី​សាទរ​ការ​សម្រេច​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ទប់​ស្កាត់​មិន​ឲ្យ​ទន្ទ្រាន​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​នៅ​មិន​ទាន់​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ទីនោះ ឲ្យ​ដាក់​ស្រឡះ​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ លោក ឈឹម ផលវរុណ បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក ក្នុង​កិច្ច​ប្រជុំ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​កាល​ពី​ពេល​ថ្ងៃ​ទី២៨ កុម្ភៈ​ថា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មណ្ឌលគិរី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទប់​ស្កាត់​ការ​ទន្ទ្រាន​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ និង​ត្រូវ​រឹប​អូស​មក​វិញ ហើយ​ត្រូវ​ផ្ដល់​លទ្ធភាព ឲ្យ​អាជ្ញាធរ​រដ្ឋ​ប្រើ​ប្រាស់​ថវិកា​ធ្វើ​របង​ហ៊ុមព័ទ្ធ។

លេខាធិការ​គណៈកម្មការ គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ លោក ក្រើង តុលា លើក​ឡើង​ថា ជនជាតិ​ដើម​ភាគ​តិច​ទាំង​អស់​នឹង​ថ្លែង​អំណរគុណ ដល់​លោក ហ៊ុន សែន ប្រសិន​បើ​លោក ពិត​ជា​មាន​ឆន្ទៈ​ដោះ​ស្រាយ​រឿង​នេះ​ដោយ​យុត្តិធម៌​មែន។ លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ ផ្ទៃ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​មាន​ទំហំ ១០២ហិកតារ ទទួល​រង​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អ្នក​មាន​អំណាច និង​មន្ត្រី​នគរបាល​ខ្លះ បាន​សាងសង់​ភូមិគ្រឹះ ផ្ទះ និង ហ៊ុមព័ទ្ធ​របង​យក​ដី​នៅ​តំបន់​នោះ​មួយ​ផ្នែក ធ្វើ​ជា​សម្បត្តិ​បុគ្គល៖ «»

លោក ក្រើង តុលា បារម្ភ​ថា អាជ្ញាធរ​មូលដ្ឋាន អាច​នឹង​មិន​ស្ដាប់​បញ្ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ ប្រសិន​បើ​លោក ហ៊ុន សែន ពុំ​មាន​ប្រព័ន្ធ​តាម​ដាន​ប្រសិទ្ធភាព​ការងារ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ច្បាស់លាស់​នោះ​ទេ។

ភ្នំ​ដោះ​ក្រមុំ​ ​មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ​ ​ឋិត​ក្នុង​ភូមិ​ស្វាយ​ចេក ​សង្កាត់​សុខដុម ​ខេត្ត​មណ្ឌលគិរី​។ ​កាលពី​ឆ្នាំ ២០០៤ ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ទំហំ​ដី​ជាង ១០២ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។