ពលរដ្ឋ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​កោះកុង​ដាក់​ញត្តិ​ស្នើ​អាជ្ញាធរ​ឃុំ​រក​ដំណោះស្រាយ​ដីធ្លី

ដោយ សន ចាន់រដ្ឋា
2022.09.20
ពលរដ្ឋ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​កោះកុង​ដាក់​ញត្តិ​ស្នើ​អាជ្ញាធរ​ឃុំ​រក​ដំណោះស្រាយ​ដីធ្លី ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្ត​កោះកុង តវ៉ា​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​សហគមន៍កសិករក្រីក្រជនបទខេត្តកោះកុង766

ប្រជាពលរដ្ឋ​ប្រមាណ ៥​រយ​នាក់​(៥០០) តំណាង​ឱ្យ​ពលរដ្ឋ​ជិត​១​ពាន់​នាក់​(៩៥០) មកពី​៥​ឃុំ ប្រមូល​ផ្តុំគ្នា ដាក់​ញត្តិ​ស្នើសុំ​អាជ្ញាធរ​ឃុំ​ក្នុងស្រុក​ស្រែអំបិល​រក​ដំណោះស្រាយ​ដីធ្លី​សមរម្យ​ជូន​ពួកគេ​។ សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​ត្រូវ​ធានា​នូវ​សិទ្ធិ​រស់រាន​របស់​ពល​រដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​គួរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ។

តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ស្រែអំបិល​អះអាង​ថា ពួកគេ​ដាក់​ញត្តិ​ចំនួន​២ ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ពលរដ្ឋ​គ្មាន​ទីជម្រក​រស់នៅ គ្មាន​ដី​ធ្វើ​កសិកម្ម និង​ស្នើ​រក្សា​ផែនទី​ភូមិសាស្ត្រ​រដ្ឋបាល​ចាស់ រវាង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម និង​ភូមិ​ឈូក ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ឲ្យ​នៅ​ស្ថានភាព​ដូច​មុន​ដដែល នៅ​ថ្ងៃទី​១៩ កញ្ញា។ តំណាង​ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ រស់នៅ​ក្នុង​ស្រុកស្រែ​អំបិល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការរស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​គឺ​មាន​ភាព​លំបាក​ខ្លាំង ដោយ​ពលរដ្ឋ​មួយចំនួន​ស៊ីឈ្នួល​ចាំចម្ការ​ឲ្យ​គេ និង​ខ្លះ​សុំ​ដី​គេ​ដើម្បី​សង់ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ពលរដ្ឋ​ខ្លះទៀត​មាន​ដីស្រែ​បន្តិចបន្តួច ហើយ​សមាជិកគ្រួសារ​ច្រើន​មិនអាច​ផ្គត់ផ្គង់​ជីវភាព​បាន រហូតដល់​ត្រូវ​បង្ខំចិត្ត​ឱ្យ​កូនៗ​បោះបង់​ការសិក្សា ដើម្បី​ស្វែងរក​ទីជម្រក និង​ជួយ​គ្នា​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

តំណាង​ប្រជាពលរដ្ឋ​អ្នកស្រី ផាវ ញើ​ង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​១៩ កញ្ញា ថា ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​លំនៅឋាន និង​ដី​កសិកម្ម​បាន​ប្រមូលគ្នា​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​តាម​ឃុំ​ចំនួន​៥ រួមមាន ឃុំ​ជីខ​ក្រោម ឃុំ​ជីខលើ ឃុំ​ដងពែង ឃុំ​បឹងព្រាវ និង​ឃុំ​ស្រែអំបិល ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង​សរុប​ជិត ១​ពាន់​នាក់​(៩៥០)​។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ក៏បាន​ស្នើសុំ​អាជ្ញាធរ កុំ​ផ្លាស់ប្ដូរ​ភូមិសាស្ត្រ​ព្រំប្រទល់​ភូមិសាស្ត្រ​រដ្ឋបាល​ចាស់ រវាង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម និង​ភូមិ​ឈូក ឃុំ​ជីខលើ ព្រោះ​ពលរដ្ឋ​ជួប​ការ​លំបាក​ពេល​ទៅ​ទទួល​សេវា​រដ្ឋបាល​ម្ដងៗ​។ អ្នកស្រី​បន្ត​ទៀត​ថា កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​ទៅ​ស្នើសុំ​នៅ​ថ្នាក់​ជាតិ ប៉ុន្តែ​អាជ្ញាធរ​បាន​ណែ​នាំ​ឱ្យ​ពួកគាត់​មក​ស្នើសុំ​នៅ​មូលដ្ឋាន​រស់នៅ​វិញ៖ «ចាស​!​ដោយសារតែ​មានការ​ណែនាំ​ពី​ខុទ្ទកាល័យ​សម្ដេច​ថា ឃុំ​ណា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ណា សូម​ឱ្យ​ដាក់​ញត្តិ​ទៅ​ឃុំ​ហ្នឹង​ទៅ​។​អ៊ីចឹង​ទៅ​បាន​គាត់​រៀបចំ​ឯកសារ​មក​ដាក់​ហ្នឹង​អូន ដោយសារតែ​គាត់​អត់​យល់​ពី​នីតិវិធី ឬក៏​អ្វី​ដែរ​។ គាត់​គិតថា​កម្មវត្ថុ​នៃ​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ប្រហែលជា​មានតែ​រដ្ឋាភិបាល​មួយ​ទេ ដែល​ជា​គេ​អាច​ដាក់​ឱ្យ ដោះ​អោយ​គាត់​អ៊ីចឹង​ហាស ព្រោះ​គាត់​បាន​ដាក់​សាលាស្រុក សាលា​ខេត្ត​ហើយ តែ​អ្នក​ទាំង​២​ហ្នឹង​នៅតែ​ឆ្លើយ​ថា ពួកគាត់​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បានទេ ទាល់តែ​ថ្នាក់​ជាតិ​ដោះស្រាយ​បាន បាន​។ អ៊ីចឹង​ទៅ​ថ្នាក់​ជាតិ​បាន​ប្រាប់​គាត់​ថា​មក​ដាក់​នៅ​តាម​ឃុំ​មក អ៊ីចឹង​បាន​ពួកគាត់​ដាក់​នៅ​តាម​ឃុំ​ហ្នឹង»

ចំណែក​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ក្នុង​ឃុំ​បឹងព្រាវ​អ្នកស្រី ទិន តាំង ថ្លែង​ថា សហគមន៍​អ្នកស្រី និង​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ទាំងនោះ​ណែនាំ​ឱ្យ​មក​ដាក់​ញត្តិ​នៅ​មូលដ្ឋាន​វិញ​កាលពី​ថ្ងៃទី​៦ កញ្ញា​។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ក្រីក្រ​ស្នើសុំ​ដី​សង្គមកិច្ច ដើម្បី​ឱ្យ​មាន​ជម្រក​រស់នៅ​សមរម្យ និង​អាច​ចិញ្ចឹមសត្វ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ និង​អាច​ឱ្យ​កូនចៅ​រៀនសូត្រ​ដូច​ពលរដ្ឋ​ដទៃ​។ អ្នកស្រី​បញ្ជាក់​ថា ប្រជា​សហគមន៍ និង​អ្នកស្រី​បាន​ដើរ​ដាក់​ញត្តិ​នេះ​តាំងពី​ឆ្នាំ​២០១៩​ម្ល៉េះ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ទើបតែ​ថ្ងៃទី​៦ កញ្ញា មាន​ការ​ណែនាំ​ថ្មី​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ៖ «អ៊ូយ​ពិបាក​ណាស់​! បើសិនជា​និយាយ​រួម​ទៅ​វា​ពិបាក​និយាយ បើសិនជា​គាត់​ជា​អាជ្ញាធរ​មែន គាត់​ចុះទៅ​ពិនិត្យមើល​តាម​ភូមិ​ឃុំ​គឺ​វា​ស្រួល​ល្អ​តែម្ដង គឺ​ពួក​ខ្ញុំ​អត់​មាន​ដី​ធ្វើ​ផ្ទះ​ផង​។ ខ្លះ​ហ្នឹង​គ្រាន់តែ​បាន​គ្រួសារ​ទៅ ក៏​នាំគ្នា​ទៅ​ជួល​ផ្ទះ​នៅ​ក្រុង​ធ្វើការ​រោងចក្រ​អី​អ៊ីចឹង​ទៅ ហើយ​គឺ​អត់​មាន​អ្វី​ដែល​ថា​ចង់​ចិញ្ចឹម​មាន់​ទា​ដាំ​បន្លែ​នៅផ្ទះ​ជួបជុំ​គ្រួសារ​អី គឺ​អត់​បានតែ​ម្ដង​អ៊ីចឹង​ហាស»

តំណាង​ប្រជាពលរដ្ឋ​លើកឡើង​ថា ការ​ដាក់​ញត្តិ​នៅ​តាម​ឃុំ​ក្នុងស្រុក​ស្រែអំបិល​មាន​ឃុំ​មួយចំនួន​មិន​ព្រម​ទទួលយក​ញត្តិ​របស់​ពួកគាត់​ឡើយ ដោយ​ចោទប្រកាន់​ថា បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុសច្បាប់​។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​ជីខលើ និង​ឃុំ​ដងពែង បាន​ឱ្យ​ពលរដ្ឋ​កែតម្រូវ​ឯកសារ​មួយចំនួន និង​ដាក់​ជាថ្មី​ម្ដងទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេឃុំ​ជីខក្រោម​លោក អាង ទី នឹង​មេឃុំ​បឹងព្រាវ លោក ឃឹម ផាវ និង​អភិបាល​ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ដោយ​លោក​ថា ជាប់រវល់​ប្រជុំ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សហគមន៍​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) លោក ញ៉ិល ភាព យល់ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ក្នុង​ការ​រស់នៅ ព្រោះ​រដ្ឋ​ត្រូវ​ធានា​ឱ្យ​ពលរដ្ឋ​នូវ​សិទ្ធិ​ក្នុង​ការ​រស់រាន​មាន​ជីវិត​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​រក​ដំណោះស្រាយ និង​គាំពារ​ដល់​ពលរដ្ឋ​ក្រីក្រ ទទួល​បាន​ដីធ្លី​រស់នៅ​សមរម្យ​។ លោក​បន្តទៀត​ថា កន្លងមក​សមាគម​របស់​លោក​តែងតែ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្នុង​ស្រុកស្រែ​អំបិល​ដែល​គ្មាន​ដីធ្លី​ក្នុង​ការ​ប្រកប​របរ និង​ធ្វើ​លំនៅឋាន ដើម្បី​ជួយ​លើក​ជីវភាព​រស់នៅ​របស់​ពួកគាត់​តាមរយៈ​ការ​បង្រៀន​បច្ចេកទេស​ចិញ្ចឹមសត្វ​ផ្សេងៗ។ លោក ញ៉ិល ភាព អំពាវនាវ​ដល់​រដ្ឋាភិបាល ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ៖ «រដ្ឋ​ត្រូវតែ​ធ្វើការ​គាំពារ ដោយ​ធ្វើ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់​ហ្នឹង អោយ​ពួកគាត់​ទទួល​បាន​ដីធ្លី​សម្រាប់​សាងសង់​លំនៅឋាន សម្រាប់​ការ​ធ្វើ​ស្រែ ធ្វើ​ចម្ការ ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។ អាហ្នឹង​ទើប​មានន័យថា​រដ្ឋ​ទទួលខុសត្រូវ​នៅក្នុង​ការ​គាំពារ​ទៅលើ​ប្រជាពលរដ្ឋ​អោយ​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​ការ​រស់នៅ​របស់​ពួកគាត់»

កន្លងមក​ប្រជាពលរដ្ឋ និង​សហគមន៍​បាន​នាំគ្នា​ដាក់​ញត្តិ​ទៅកាន់​រដ្ឋបាល​ស្រុក ស្រែអំបិល និង​រដ្ឋបាល​ខេត្ត​កោះកុង ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ឡើយ​។ ថ្មីៗ​នេះ​ប្រជា​សហគមន៍​បាន​ប្រមូល​ផ្តុំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងបរិស្ថាន និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ទទួល​បាន​ការណែនាំ​ត្រូវធ្វើ​ការ​ដាក់​ញត្តិ​នៅ​តាម​ឃុំ​ដែល​ពលរដ្ឋ​រស់នៅ ទើប​ពលរដ្ឋ​នាំគ្នា​ដាក់​ញត្តិ​ពី​ឃុំ​ឡើង​ទៅ​វិញ។

តំណាង​ពលរដ្ឋ និង​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដោះស្រាយ​និង​ផ្ដល់​ដី​សម្បទាន​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​សមរម្យ និង​មាន​ទីជម្រក​ច្បាស់​លាស់​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។