សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន លី យ៉ុងផាត់

ដោយ សេក បណ្ឌិត
2018-02-25
Share
តុលាការ កោះកុង ៦២០ សាលាដំបូង​ខេត្ត​កោះកុង
Photo: RFA

សង្គម​ស៊ីវិល​នៅ​ខែត្រ​កោះកុង ទាមទារ​ឲ្យ​តុលាការ ដោះលែង​តំណាង​របស់​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន អេស​.​អ៊ី​.​ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខែត្រ​កោះកុង បានសម្រេច​ចោទ​តំណាង​ពលរដ្ឋ​ម្នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​មេការ​ក្រុមហ៊ុន។

មន្ត្រី​អង្កេត​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខែត្រ​កោះកុង លោក ញ៉េប សំអឿន ហៅ​ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​ដីធ្លី ឈ្មោះ ហេង សុខ ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាម​ដ៏​ធ្ងន់ធ្ងរ ដល់​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​រាប់​ឆ្នាំ ជាមួយ​ក្រុមហ៊ុន ស្ករអំពៅ​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅ​ក្នុង​ខែត្រ​កោះកុង អន្តរាគមន៍​សិក្សា​ឲ្យ​បាន​ច្បាស់ អំពី​ករណី​សមត្ថកិច្ច​ចាប់ខ្លួន សកម្មជន​ដីធ្លី នៅ​ខែត្រ​កោះកុង តាម​បណ្ដឹង​របស់​ឈ្មួញ៖ «ជា​ការ​ចាប់​បំបាក់​ស្មារតី រហូតដល់​ពី បី​ឆ្នាំ​ក្រោយនេះ អត់​ទាន់​មាន​នរណា​ហ៊ាន​ធ្វើបាតុកម្ម​ទេ ដល់​ចាប់​ដាក់​ពន្ធនាគារ ធ្វើ​ចាប់​អ៊ីចឹង ប្រជាពលរដ្ឋ​បាក់ស្បាត ក្នុង​ខណៈ​ដែល​គេ (​ក្រុមហ៊ុន​) មក​រំលោភ​យក​ដី​ពួកគាត់​ហើយ គាត់ (ពលរដ្ឋ) មិន​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុង​ការ​ទាមទារ​ទៀត តើ​សង្គម​ហ្នឹង​វា​យ៉ាង​ម៉េច សង្គម​ហ្នឹង​វា​អយុត្តិធម៌​ណាស់ សម្រាប់​ពលរដ្ឋ»

តំណាង​ពលរដ្ឋ​ជាង ៥០​គ្រួសារ​ម្នាក់ ឈ្មោះ ហេង សុខ អាយុ ៤៨ ឆ្នាំ រស់នៅ ភូមិ​សំរុងកែវ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ត្រូវ​បាន​មេការ​ក្រុមហ៊ុន​SEZ ឈ្មោះ ចាន់ ណាគ្រី ប្ដឹង ពី​បទ​ប្រើ​ហិង្សា កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ។ នាយ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រែកខ្សាច់ លោក គឹម វណ្ណា បាន​ទៅ​ចាប់ខ្លួន​តំណាង​សហគមន៍ ដល់​ទី​តាំង​ដី​ទំនាស់ កាលពី​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​២៣ កុម្ភៈ ។ បន្ទាប់ពី​ចាប់ខ្លួន ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បាន​បញ្ជូន លោក ហេង សុខ នៅ​តុលាការ​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ។ ដំបូង​បណ្ដឹង​នេះ ត្រូវ​បាន​សាកសួរ​ដោយ​ផ្ទាល់ ពី​ប្រធាន​សាលាដំបូង​ខេត្ត​កោះកុង គឺ​លោក មីន មករា។

នៅ​ក្នុង​ថ្ងៃ​ទី​២៤ ដដែល តំណាង​អយ្យការ​អម​សាលាដំបូង​ខែត្រ​កោះកុង ព្រះរាជអាជ្ញា​រង អ៊ង រី បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន តាម​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​ចោទប្រកាន់​សកម្មជន​ដីធ្លី លោក ហេង សុខ តាម​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ថា​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់ អចលនវត្ថុ ដោយ​សុចរិត ។ បន្ទាប់​មក ព្រះរាជអាជ្ញារង បាន​បញ្ជូន​សកម្មជន​ដីធ្លី ទៅ​ចៅក្រម​ស៊ើបសួរ លោក កែវ សុខា។

អនុប្រធាន​សាលាដំបូង​ខែត្រ​កោះកុង និង​ជា​ចៅក្រម​ស៊ើបសួរ លោក កែវ សុខា កាលពី​ថ្ងៃ​ទី​២៤ បាន​សម្រេច​ឃុំខ្លួន សកម្មជន​ដីធ្លី លោក ហេង សុខ តាម​បទ​ចោទ ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​សុចរិត របស់​ព្រះរាជអាជ្ញា​រង និង​របាយការណ៍​របស់​ប៉ូលិស។

កាល​ពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រុមហ៊ុន SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធិ​សភា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន លើ​ដី​មាន​ជម្លោះ របស់​ប្រជាពលរដ្ឋ​ចំនួន​៥០ គ្រួសារ នៅ​ចំណុច​ឆាយក្រូច។ ពលរដ្ឋ​អះអាង ការ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ កាលណោះ បាន​ប៉ះពាល់ លើ​ផ្ទៃដី​ទំហំ ១០៣ ហិចតារ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ត្រូវតែ​ទូទាត់​សំណង។

លោក ហេង សុខ ត្រូវ​បាន​ចាប់ខ្លួន ខណៈ​សកម្មជន​ដីធ្លី​រូប​នេះ កំពុង​ព្យាយាម​ទៅ បោះ​បង្គោល​លើ​ដី ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ ព្រោះ​បាត់ តម្រុយ​ព្រំ​ដី។ អ្នកភូមិ​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​២៣ សកម្មជន​ដីធ្លី លោក ហេង សុខ បាន​ទៅ​បោះ​បង្គោល​តម្រុយ​ព្រំ​ដី​ឡើងវិញ តែម្នាក់​ឯង ដើម្បី​បង្កើត​ស្នាម ព្រំ​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង និង​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន បំពាន​ដី​របស់​អ្នកភូមិ​តទៅទៀត។

អាស៊ីសេរី មិន​អាច​រក​ប្រភព​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​ក្រុមហ៊ុន SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បានទេ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ។ សង្គម​ស៊ីវិល និង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី មើល​ឃើញ​ថា ក្រុមហ៊ុន ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺជា​ក្រុមហ៊ុន កាច​ជាងគេ ប្រចាំ​ខេត្ត​កោះកុង ព្រោះ​ក្រុមហ៊ុន​នេះ តែង​ប្រើ​ដៃ​របស់​អាជ្ញាធរ​ដើម្បី​ចាប់​សកម្មជន​ដីធ្លី និង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល