ពលរដ្ឋម្នាក់កំពុងបាត់ខ្លួន ខណៈដែលក្រុមគ្រួសារកំពុងតាមរកគ្រប់ទីកន្លែងតែរកមិនឃើញនៅឡើយ គិតមកដល់ពេលនេះ ជិតមួយខែមកហើយ។ អាជ្ញាធរខេត្តអះអាងប្រាប់អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ថាការបាត់ខ្លួនពលរដ្ឋម្នាក់នោះ គឺដោយសារតែពលរដ្ឋរូបនោះរត់គេចពីការឃុំខ្លួនពីការិយាល័យបរិស្ថានមួយកន្លែងដោយខ្លួនឯង។ ក្រុមគ្រួសារពលរដ្ឋដែលបាត់ខ្លួន ស្នើសុំក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យជួយស្វែងរកស្វាមីគាត់ឲ្យឃើញ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
លោកស្រី ភឹម ម៉ៅ វ័យ ៥២ឆ្នាំ ជាភរិយាលោក ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំដែលបានបាត់ខ្លួននោះ ប្រាប់អាស៊ីសេរីថា រូបគាត់ដើរស្វែងរកប្ដីជាច្រើនកន្លែងហើយ មិនថានៅពន្ធនាគារខេត្តព្រះវិហារ តុលាការខេត្ត និងការិយាល័យដែនជម្រកសត្វព្រៃនោះទេ នៅតែរកមិនឃើញ មិនដឹងថាប្ដីគាត់បាត់ទៅទីណានោះទេ។ ក្រោយមកទៀត លោកស្រី ភឹម ម៉ៅ ក៏តាមទៅរកនៅខេត្តតាកែវ ក្រែងថារកឃើញនៅផ្ទះដន្លង ប៉ុន្តែក៏នៅតែរកមិនឃើញ។
ក្រៅពីនេះ លោកស្រី ភឹម ម៉ៅ ក៏ដើររកតាមមន្ទីរពេទ្យនានាក្នុងក្រុងភ្នំពេញបន្ថែមទៀត នៅតែរកប្ដីមិនឃើញ បន្ទាប់ពីគាត់ទទួលដំណឹងពីអភិបាលរងស្រុកជាំក្សាន្ត លោក វុធ តារា ប្រាប់ថា លោក ស៊ុំ ម៉ឺន ត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ ដោយសារតែបាក់ឆ្អឹងដងកាំបិត តែមិនបានប្រាប់ថានៅមន្ទីរពេទ្យណាមួយនោះទេ។
ក្រោយពីបាត់ខ្លួនលោក ស៊ុំ ម៉ឺន ជិត១ខែមកនេះ លោកស្រី សម្រេចដាក់ពាក្យបណ្ដឹងទៅក្រសួងការពារជាតិ ឲ្យជួយអន្តរាគមន៍ស្វែងរកប្ដី។ ស្ត្រីរូបនេះយល់ថា ការបាត់ខ្លួនប្ដីគាត់ ដែលរកមិនឃើញរហូតមកដល់ពេលនេះ គឺដោយសារតែអាជ្ញាធរស្រុកជាំក្សាន្ត រួមនឹងកងអន្តរាគមន៍យោធាវរៈលេខ២៦១ ប្រចាំខេត្តឧត្តរមានជ័យ ឬហៅថាទាហានកងពលលេខ៦ ដែលឈរជើងការពារដីឲ្យក្រុមហ៊ុនមេត្រីភាព បានចាប់ខ្លួនកូនប្រុសនិងប្ដីគាត់ និងអ្នកភូមិផ្សេងទៀត យកទៅឃុំខ្លួនដោយគ្មានមូលហេតុ៖ « ខ្ញុំសំណូមពរថា បើឥឡូវហ្នឹងប្ដីខ្ញុំរកមិនឃើញទេ ធ្វើមិចជួយដោះលែងកូនខ្ញុំ ឲ្យខ្ញុំហ្នឹងមានកម្លាំងចិត្តផង។ ដើម្បីឲ្យវាហ្នឹងបានជាជំហរ បាននាំខ្ញុំដើរឆ្ងាយអ៊ីចឹង។សូមដោះលែងកូនខ្ញុំទៅ កូនខ្ញុំវាអត់ដឹងអីទេ។ ពេលដាក់ញត្តិអីហ្នឹងទៅ គេថាដោះលែងៗ នៅតែមិនឃើញ តាំងពីថ្ងៃទី២២ហ្នឹងមក»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺ ពីអភិបាលរងស្រុកជាំក្សាន្ត លោក វុធ តារា និង អនុប្រធានការិយាល័យជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក សោម សុផាត បានទេ ទាក់ទិននឹងរឿងបាត់ខ្លួនពលរដ្ឋម្នាក់នេះ។
ក្រោយពីចុះស៊ើបអង្កេតករណីចាប់ខ្លួនពលរដ្ឋ១៤នាក់មានម្នាក់បាត់ខ្លួននេះ ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ឲ្យដឹងថា ទាំងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ ខាងតុលាការ រួមទាំងមន្ត្រីបរិស្ថាន អះអាងដូចៗគ្នាថា លោក ស៊ុំ ម៉ឺន បានរត់គេចខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កាលពីថ្ងៃទី២១មករា ខណៈអាជ្ញាធររៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តព្រះវិហារ។ លោក សំ អាត យល់ថា ផ្អែកតាមផ្លូវច្បាប់ គឺស្ថិតនៅក្នុងការសង្ស័យនៅឡើយ ចំពោះការលើកឡើងរបស់អាជ្ញាធរអំពីការបាត់ខ្លួនពលរដ្ឋនេះ។ ដើម្បីឲ្យដឹងច្បាស់ពីរឿងនេះ លោកស្នើឲ្យអាជ្ញាធរបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមើល ថាតើការបាត់ខ្លួនលោក ស៊ុំ ម៉ឺន កើតចេញពីបញ្ហាអ្វី៖ « យើងបានជួបហើយអាជ្ញាធរហ្នឹង។ខ្ញុំជឿថាអាជ្ញាធរក៏កំពុងរកព័ត៌មានពីលោក ស៊ុំ ម៉ឺន ដូចគ្នាដែរ។ យើងជាសង្គមស៊ីវិលហើយក៏ដូចជាគ្រួសារគាត់ កំពុងរកព័ត៌មានឲ្យជាក់លាក់អំពីលោក ស៊ុំ ម៉ឺនហ្នឹងដែរ ថាតើ ក្រោយពីបាត់ព័ត៌មានបាត់ខ្លួនមកនេះ គាត់ទៅកន្លែងណា សុខទុក្ខយ៉ាងណាហើយ»។
កាលពីថ្ងៃទី២០ មករា លោក ស៊ុំ ម៉ឺន និងកូនប្រុសឈ្មោះ អឿ ឈៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលបើកគោយន្តដឹកឥវ៉ាន់លក់ចាប់ហួយសំដៅទៅផ្ទះ ធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុនមេត្រីភាព។ ក្នុងពេលចាប់ខ្លួននោះ លោកស្រី ភឹម ម៉ៅប្រាប់ថា អាជ្ញាធរដែលមានកម្លាំងទាហានចូលរួមផង បានយកកាំភ្លើងវាយធ្វើបាបពួកគាត់។
ក្នុងវិវាទដីធ្លីរវាងពលរដ្ឋ៣៣០គ្រួសារជាមួយនឹងក្រុមហ៊ុនមេត្រីភាព មានពលរដ្ឋ១៣នាក់ត្រូវបានអាជ្ញាធរចាប់និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ ម្នាក់បាត់ខ្លួន ហើយអ្នកភូមិខ្លះទៀត រត់គេចចេញពីការតាមចាប់របស់អាជ្ញាធរ។ ក្រៅពីនេះពលរដ្ឋថា កងអន្តរាគមន៍វីរយោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ បានឈូសកម្ទេចផលដំណាំ និងដុតផ្ទះពលរដ្ឋអស់ជាច្រើនខ្នង។
កាលពីចុងខែមករា ឆ្នាំ២០១៩ ក្រុមពលរដ្ឋនៅខេត្តព្រះវិហារ ៣៣០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព នាំគ្នាមកភ្នំពេញដើម្បីដាក់ញត្តិជូនមេដឹកនាំរបបក្រុងភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងដែនដី ឱ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី ទម្លាក់បទចោទលើពលរដ្ឋ ២៥នាក់ និងទាមទារឱ្យដោះលែងពលរដ្ឋ ១៤នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ មានម្នាក់បាត់ខ្លួន។ ក្រោយមកនៅថ្ងៃទី៦ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារ បានកោះហៅភាគីពាក់ព័ន្ធរួមមាន ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម តំណាងក្រុមហ៊ុន និងមន្ត្រីសង្គមស៊ីវិលមកប្រជុំពិភាក្សារកដំណោះស្រាយជម្លោះដីធ្លីរវៀងពលរដ្ឋ ៣៣០គ្រួសារ និង ក្រុមហ៊ុនមេត្រីភាព។ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ក៏សម្រេចដាក់ចេញវិធានការ៥ចំណុចសម្រាប់រឿងវិវាទដីធ្លីនេះ។
វិធានការ ៥ចំណុចនោះរួមមាន បង្កើតក្រុមការងារ វាស់វែងនិងដោះស្រាយផលប៉ះពាល់ជាក់ស្ដែង ជំរុញឱ្យមានការចុះបញ្ជីដីក្រុមហ៊ុនមេត្រីភាព ស្នើឱ្យក្រុមហ៊ុន កំណត់ព្រំដី ឱ្យបានច្បាស់លាស់ និងត្រូវមានកម្លាំងការពារសន្តិសុខរបស់ខ្លួន។ ស្នើឱ្យពលរដ្ឋ ដែលបានអាស្រ័យផលលើដីមានជម្លោះហើយ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ការកាប់ទន្ទ្រានលើដីមានជម្លោះបន្តទៀត ត្រូវរង់ចាំអាជ្ញាធរពាក់ព័ន្ធសម្របសម្រួល និងស្នើសុំឱ្យតុលាការខេត្តនេះ បញ្ឈប់ការចេញដីកាកោះហៅ ឬចាប់ខ្លួនពលរដ្ឋបន្តទៀត។
មន្ត្រីសមាគម អាហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ ឲ្យដឹងថាអាជ្ញាធរខេត្តនៅមានកិច្ចប្រជុំមន្ត្រីជំនាញមួយលើកទៀត មុននិងឈានចុះទៅដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
