តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​២​នាក់​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ

ដោយ វ៉ែន សុមេធ
2019.02.15
ដីធ្លីព្រះវិហារ ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ អាដហុក
រូបថត៖ សមាគម អាដហុក (ADHOC)

តំណាង​ពលរដ្ឋ ២​នាក់ កំពុង​រត់គេច​និង​លាក់ខ្លួន ក្រោយពី​ដឹង​ថា តុលាការ​ខេត្ត​ព្រះវិហារ ចេញ​ដីកា​ឱ្យ​អាជ្ញាធរ តាម​ចាប់​រឿង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​កាប់​ទន្ទ្រាន​រាន​ដី​ព្រៃ ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​២​នាក់ លោក ឡយ លីហួរ ឱ្យ​ដឹង​ថា រូបលោក ជាមួយ​នឹង​លោក ផន វណ្ណៈ នៅ​ពេល​នេះ កំពុង​រត់​ភៀសខ្លួន​ទៅ​រស់នៅ​កន្លែង​មាន​សុវត្ថិភាព គេច​ចេញពី​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ក្រោម​ដីកា​បង្គាប់​ពី​ព្រះរាជអាជ្ញា​លោក ទី សុវិនថាល់។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា មាន​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​១២​នាក់ ទៅ​ព័ទ្ធ​ផ្ទះ ហើយ​សួររក​លោក​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ គឺ​២​ថ្ងៃ ក្រោយពី​អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​មេត្រីភាព កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ មកដល់ពេលនេះ តំណាង​ពលរដ្ឋ​ទាំង​២​នាក់ មិន​ហ៊ាន​វិញ​ត្រលប់​ចូល​ផ្ទះ​ដូច​អ្នកភូមិ​ផ្សេងទៀត​នោះទេ៖ «ខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​សម្ដេច​តេជោ អាជ្ញាធរ​ខេត្ត​ដែល​ពាក់ព័ន្ធ នឹង​លោក ព្រះរាជអាជ្ញា​លោក ទី សុវិនថាល់ សូម​ឱ្យ​លោក​មេត្តា​កុំ​ចោទប្រកាន់​ខ្ញុំ​អី ព្រោះ​អី​ខ្ញុំ​មិនបាន​ដូច​ពាក្យ​ដែល​លោក​ចោទប្រកាន់​ខ្ញុំ​ទេ​។ ខ្ញុំ​គ្រាន់តែ​ដឹកនាំ​ប្រជាពលរដ្ឋ​ដើម្បី​ចង់​សិទ្ធិ​រស់នៅ ហើយ​ចង់បាន​មាន​ដីធ្លី​រស់នៅ។ អត់​មាន​ថា ជា​មេដឹកនាំ​អី សូម​ឱ្យ​គាត់​ឈប់​ចោទ​ខ្ញុំ​តទៅទៀត​ទៅ»

ប៉ុន្តែ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ បដិសេធ​ថា លោក​មិន​ដែល​ចេញ​ដីកា ឬក៏​បញ្ជា​ផ្ទាល់​ឱ្យ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ទេ៖ «ប្រជាពលរដ្ឋ​ខ្ញុំ​មិនដែល​ចេញ​ដីកា ឬក៏​បញ្ជា​ផ្ទាល់មាត់​ឱ្យ​ចាប់​ទេ កុំ​ចេះតែ​និយាយ​។ អ៊ីចឹង​គេ​មាន​សិទ្ធិ​ដើរហើរ​ដោយ​សេរី រកស៊ី​ទទួលទាន​សេរី​។ ខ្ញុំ​មិន​អាច​បញ្ជា​ឱ្យ​ចាប់​ឬ​ចេញ​ដីកា​ចាប់​ទេ លើកលែងតែ​ជន​ដែល​សង្ស័យ​ថា ប្រព្រឹត​បទល្មើស ឬក៏​កំពុង​ប្រព្រឹត្ត​បទល្មើស​។ មិនបាច់​រក​រត់គេច​ខ្លួន​ទេ ហើយ​ចូល​មក​ដោះ​បន្ទុក​ខ្លួនឯង​នៅ​ចំពោះ​មុខ​ច្បាប់​ទៅ​។ ជន​ណា​ដែល​ប្រព្រឹត្ត ជន​ហ្នឹង​ជា​អ្នក​ប្រឈម​នឹង​ផ្លូវច្បាប់​ទៅ ដោះស្រាយ​ខ្លួន​គេ​ទៅ ឬក៏​រក​មេធាវី​ខ្លួនឯង​ទៅ»

កាលពី​ចុងខែ​មករា ឆ្នាំ​២០១៩ ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ៣៣០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព នាំគ្នា​មក​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ជូន​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះដីធ្លី ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ ២៥​នាក់ និង​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ ១៤​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ហើយ​មាន​ម្នាក់​បាត់​ខ្លួន។

ក្រោយមក​នៅ​ថ្ងៃទី៦ ខែ​កុម្ភៈ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម តំណាង​ក្រុមហ៊ុន និង​មន្ត្រី​សង្គម​ស៊ីវិល​មក​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​រវៀង​ពលរដ្ឋ ៣៣០​គ្រួសារ និង​ក្រុមហ៊ុន​មេត្រីភាព​។ អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ក៏​សម្រេច​ដាក់​ចេញ​វិធានការ​៥​ចំណុច​សម្រាប់​រឿង​វិវាទ​ដីធ្លី​។ វិធានការ ៥​ចំណុច​នោះ​រួមមាន បង្កើត​ក្រុមការងារ វាស់វែង​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់ស្ដែង ជំរុញ​ឱ្យ​មាន​ការចុះបញ្ជី​ដី​ក្រុមហ៊ុន​មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន​។ ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​វិហារ លោក ឡោ ចាន់ យល់ថា​ប្រសិនបើ​មានការ​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​២​នាក់ ក្រោយ​ថ្ងៃទី៦ កុម្ភៈ នោះ​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​រួមគ្នា​រវាង អភិបាលខេត្ត​និង​ស្ថាប័ន​តុលាការ ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​ការ​រក​ដំណោះស្រាយ​រឿង​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៣៣០​គ្រួសារ ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​។ ទោះ​បី​យ៉ាងណា លោក ឡោ ចាន់ រំពឹង​ថា​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​ចាប់ខ្លួន​ពលរដ្ឋ​តទៅទៀត ហើយ​ប្រញាប់​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ទៅតាម​ស្មារតី​នៃ​កិច្ចប្រជុំ៖ «ក្នុង​ពេល​អង្គប្រជុំ​នៅ​ថ្ងៃ​ទី​៦​ហ្នឹង យើង​ឃើញ​ថា​មាន​អភិបាលខេត្ត​លោក អ៊ុន ចាន់​ដា ឬក៏​លោក​ព្រះរាជអាជ្ញា ហាក់បីដូចជា គាត់​មាន​ទន់​ឥរិយាបថ​។ មានន័យថា ពួកគាត់​មាន​មេត្តា​មួយ​ចំនួន​ធំ​ដែរ​ក្នុង​ករណី​ហ្នឹង​។ អ៊ីចឹង បាន​ខាង​សមាគម​អាដហុក បាន​ស្នើសុំ​បន្ត​ទៀត ជួយ​ជំរុញ​ឱ្យ​ខាង​ខេត្ត​ហ្នឹង ធ្វើ​យ៉ាងណា ឱ្យ​មាន​ដំណោះស្រាយ​ឱ្យ​បាន​លឿន ឱ្យ​បាន​ឆាប់រហ័ស»

លោក ឡោ ចាន់ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នៅ​មាន​កិច្ចប្រជុំ​មន្ត្រី​ជំនាញ​មួយ​លើក​ទៀត មុន​ឈាន​ចុះទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។