ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ស្នើ​អ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី​១១​នាក់

ដោយ រ៉ាន់ សំណាង
2015-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា លើក​បដា​ស្នើសុំ អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា លើក​បដា​ស្នើសុំ អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Rann Samnang

ស្រប​ពេល​ដែល​ស្ត្រី​ទី​១​នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) មក​ដល់​កម្ពុជា កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២០ មីនា នា​ខេត្ត​សៀមរាប នោះ ចំណែក​នៅ​រាជធានី​ភ្នំពេញ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដូចជា​នៅ​តំបន់​បឹងកក់ បុរីកីឡា ជាដើម បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ដើម្បី​អបអរ​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង​លើក​បដា​ទាមទារ​ឲ្យ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដល់​សហគមន៍​ពួក​គាត់​ផង។

ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ ស្រែក​ដង្ហោយ​ហៅ​ឈ្មោះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

អ្នក​ខ្លះ​កាន់​រូបថត​ក្រុម​គ្រួសារ អ្នកស្រី មីស្ហ៊ែល អូបាម៉ា អម​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​កម្ពុជា។ អ្នក​ខ្លះ​ទៀត​កាន់​ផ្កា​ឈូក និង​លើក​បដា​សរសេរ​ថា ស្វាគមន៍ អ្នកស្រី មីស្ហ៊ែល អូបាម៉ា មក​កាន់​កម្ពុជា! សូម​ឲ្យ​ដំណើរ​ទស្សនកិច្ច​អ្នកស្រី​ជួប​តែ​ជោគជ័យ។ ចំណែក​ក្មេងៗ​ដែល​ខាន​ជួប​ម្តាយ​របស់​ពួក​គេ ដោយសារ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អស់​ជាច្រើន​ខែ​មក​ហើយ​នោះ និង​មាន​ក្រណាត់​ខ្មៅ​ចង​ជាប់​នឹង​ក្បាល​រំលេច​ជា​អក្សរ​ថា សូម​ឲ្យ​សកម្មជន​ដីធ្លី​មាន​សេរីភាព​ឡើង​វិញ ក៏​ស្រែក​រក​ជំនួយ​ពី អ្នកស្រី មីស៊្ហែល អូបាម៉ា ជួយ​ម្តាយ​របស់​គេ​ដែរ។

អ្នកស្រី ប៉ូវ សោភា ជា​សកម្មជន​ដីធ្លី​បឹងកក់ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គិតគូរ​ពី​បញ្ហា​រំលោភ​ដីធ្លី និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​សុំ​ឲ្យ​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នក​បឹងកក់ និង​បុរីកីឡា សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​នៃ​សហរដ្ឋ​អាមេរិក ជា​ប្រទេស​មហា​អំណាច​ដែល​ប្រកាន់​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពិភពលោក នឹង​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ពួក​យើង​ខ្ញុំ​ដែល​ជា​សហគមន៍​ដីធ្លី សុំ​អន្តរាគមន៍​ពី​លោកស្រី​ពី​រឿង​ចាប់​ឃុំ​ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី»

មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ព្យាយាម​រក​អន្តរាគមន៍​ពី អ្នកស្រី មីស៊្ហែល អូបាម៉ា ដោយសារ​តែ​ពួក​គាត់​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា៖ «គាត់​មាន​សង្ឃឹម​យ៉ាង​ខ្លាំង​ដូច​អង្កាល់ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែល​មក​កម្ពុជា ហើយ​ត្រូវ​គេ​ចាប់​ស្ត្រី ១៣​នាក់​នៅ​បឹងកក់ ប៉ុន្តែ​ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ទៅ ក៏​មាន​ការ​ដោះ​លែង»

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពួក​គាត់​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ឈរ​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្ថានទូត​អាមេរិក។ ពួក​គាត់​ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​នឹង​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​ជូន អ្នកស្រី មីស្ហ៊ែល អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

YEAH! YEAH! THOSE 11 INDIVIDUALS ARE DEFINE AS PUBLIC TROUBLE MAKER TO RULER PARTY.CPP MEMBERS ARE VERY GOOD AT TWISTED EVENTS, CREATE EVENTS TO SUBDUE EVENTS[HUN SEN STRATEGY]. KHMER PEOPLE HAVE ALL THE RIGHTS TO SUPPORT CPP OF HUN SEN BECAUSE THE WINNER IS ALWAYS RIGHT- "HUN SEN /PHAY SIPHAN DEFINITION OF DEMOCRACY".

Mar 22, 2015 08:53 AM

អ្នក​អាន​អនាមិក

She does not speak Khmer,she cannot and understand what you said.Hun Sen and his party are always said everything is okay in Cambodia,prosperity,develop and safety better than Pol Pot regime.Don't worry Khmer will help Khmer.

Mar 22, 2015 01:07 AM

គេហទំព័រ​ទាំងមូល