ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់នៅស្រុកស្នួល ខេត្តក្រចេះថា អាជ្ញាធររបបក្រុងភ្នំពេញ មិនព្រមដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ជាក់លាក់នោះទេ ប៉ុន្តែបែរជាបញ្ជាឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីរង់ចាំដំណោះស្រាយដដែលៗ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ប្រជាពលរដ្ឋ នឹងមិនបញ្ចប់ការតវ៉ាទេ ហើយអាចនឹងកើតមានបាតុភាពផ្សេងៗបន្ថែមទៀត ប្រសិនបើអាជ្ញាធររដ្ឋ មិនព្រមជួយដោះស្រាយឲ្យជាក់លាក់ទេនោះ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង១រយនាក់ មកពីភូមិជើងក្លេរ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្ដែង ការសោកស្ដាយយ៉ាងខ្លាំងដែលមន្ត្រីក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តក្រចេះ នៅតែមិនអាចជួយដោះស្រាយជម្លោះដីធ្លីជូនពួកគាត់។
តំណាងប្រជាពលរដ្ឋ លោក ភិន ធា រៀបរាប់ថា ប្រជាពលរដ្ឋបានស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃហើយ ដើម្បីទាមទាររកដំណោះស្រាយ ពីក្រសួងដែនដី និងពីលោក ហ៊ុន សែន ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។ លោកបន្តថា អាជ្ញាធរ បានចុះមកសម្របសម្រួលដល់វត្តដូចសព្វដង ដោយឲ្យពលរដ្ឋត្រឡប់ទៅវិញ ដើម្បីរង់ចាំដំណោះស្រាយដូចបានសន្យាកន្លងមកដែរ ប៉ុន្តែក្រុមអ្នកភូមិមិនព្រមត្រឡប់ទៅវិញនោះទេ ដោយសារគ្មានកិច្ចសន្យាជាក់លាក់ពីអាជ្ញាធរពាក់ព័ន្ធ៖ «មន្ត្រីដែលមកជួបនោះ និយាយដដែលចុះឡើងៗអោយទៅវិញដើម្បីដោះស្រាយគ្នា។ ខ្ញុំខកចិត្តខ្លាំងណាស់ ដែលកើតជាខ្មែរដែរ ដែលអាជ្ញាធរនិយាយមកគ្មានការទទួលខុសត្រូវ។ពួកខ្ញុំជាប្រជាពលរដ្ឋសុំតែយុត្តិធម៌សមស្រប ឬសុំតែមួយរស់មិនបានផង។ ជីវភាពកាន់តែដុនដាបហើយធ្វើនេះ ប៉ះពាល់ទាំងផ្លូវចិត្ត និងជីវភាពទាំងអស់»។
ពលរដ្ឋរូបទៀត គឺអ្នកស្រី ចាន់ ស្រស់ រៀបរាប់ថា ពួកគាត់ធ្លាប់ឡើងមកតវ៉ានៅភ្នំពេញច្រើនលើក ហើយ ដើម្បីស្នើសុំឲ្យស្ថាប័នកំពូលៗជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តក្រចេះ អោយពន្លឿនការ ដោះស្រាយ ប៉ុន្តែអាជ្ញាធរបានត្រឹមតែសន្យាចោលប៉ុណ្ណោះ។ អ្នកស្រី បន្តថា ការពន្យាពេលមិនដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ បានធ្វើឲ្យពួកគាត់ជួបផលលំបាកជាច្រើន ដោយខ្វះដី បង្កបង្កើនផល គ្មានផ្ទះសម្បែងស្នាក់នៅជាដើម ដោយសារតែក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានរំលោភយក ដីធ្លី បំផ្លាញដំណាំ ផ្ទះសម្បែង ព្រមទាំងធ្លាប់ប្រើប្រាស់កម្លាំងទាហានបាញ់ប្រហារ លើប្រជាពល រដ្ឋឲ្យរងរបួស ជាច្រើននាក់ទៀតផង កាលពីដើមឆ្នាំ២០១៨៖ «ខ្ញុំសុំអោយគាត់ធ្វើកិច្ចសន្យាចំពោះមុខព្រះសង្ឃ ហើយថ្នាក់ដឹកនាំក្រសួងទាំងអស់ តែគាត់អត់ព្រម ហើយអ៊ីចឹងពួកខ្ញុំក៏អត់អាចទៅវិញបានដែរ ទាល់តែបានដំណោះស្រាយ។ ពួកខ្ញុំខ្វះខាតបានខំមកតវ៉ា ព្រោះគ្មានដីនៅ និងបង្កបង្កើនផលព្រោះដីមានតែប៉ុណ្ណឹងទេ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេនៅថ្ងៃទី២៣ ខែតុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ អាស៊ីសេរីក៏មិនទាន់អាចស្វែងរកប្រភពទាក់ទងទៅអភិបាលរងខេត្តក្រចេះលោក ខាន់ ចំណាន និងតំណាង ក្រុមហ៊ុន ចំការកៅស៊ូមេមត់បានទេនៅថ្ងៃទី២៣ ខែតុលា។
ទោះយ៉ាងណា អភិបាលរងខេត្តក្រចេះលោក ខាន់ ចំណាន បានប្រាប់កាសែតក្នុងស្រុកថា អាជ្ញាធរខេត្តកំពុងដំណើរការដោះស្រាយជូនពលរដ្ឋទាំងនោះហើយ ដោយបញ្ជាក់ថា មូលហេតុយឺតយ៉ាវដោយសារមន្ត្រីអាជ្ញាធរខេត្តត្រូវកែតម្រូវឈ្មោះខុសរបស់ពលរដ្ឋមួយចំនួន និងកំពុងដំណើរការ ពិនិត្យអត្តសញ្ញាណកម្មក្បាលដីឲ្យបានច្បាស់លាស់។ លោក ខាន់ ចំណាន បានសន្យាចំពោះមុខពលរដ្ឋ ថា នឹងដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឲ្យបាននៅអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
បើទោះបីជាមានការសន្យាក្តី ប៉ុន្តែប្រជាពលរដ្ឋ មិនជឿ និងមិនយល់ព្រមត្រឡប់ទៅវិញនោះទេ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរដោះស្រាយ យករួចខ្លួនមួយគ្រានោះៗ គឺមិនមែនជាដំណោះស្រាយពិតប្រាកដនិងយូរអង្វែងទេ គឺអាជ្ញាធរគួរតែពន្លឿនដំណោះស្រាយនៅនឹងកន្លែងជូនប្រជាពលរដ្ឋដោយតម្លាភាព និងយុត្តិធម៌នោះ ទើបអាចបញ្ចប់ការតវ៉ារបស់ពលរដ្ឋបាន។
លោក អំ សំអាត ព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរ បន្តអូសបន្លាយជម្លោះដីធ្លីនេះទៀត អាចនឹងធ្វើ ឲ្យមានបាតុភាពផ្សេងៗកើតឡើយបន្ថែមទៀតដូចជាអំពើហិង្សាជាដើម ហើយពលរដ្ឋគឺជាជនរងគ្រោះ៖ «បើយើងដោះស្រាយមួយគ្រាៗអោយតែរួចខ្លួន មិនអោយតវ៉ាត្រាំត្រេងនៅភ្នំពេញនេះ គឺវិបត្តិនេះ នឹងរាំរ៉ៃទៅ ហើយបាតុភាពអាចនឹងកើតទៅជាផ្សេង ទៀត ហើយបន្តទៅទៀតវាអាចចេញជារឿងមានអ្នកមានញុះញង់ មានអីផ្សេងៗបន្តទៀត អ៊ីចឹងបាតុភាពកាន់តែធំទៅៗ បើយើងមិនដោះស្រាយបញ្ចប់សម្រាប់ប្រជាពលរដ្ឋទេនោះ»។
ប្រជាពលរដ្ឋ រាប់រយគ្រួសារគឺជាអ្នកចំណាកស្រុកពីខេត្តផ្សេងៗដែលគ្មានដីសម្រាប់រស់នៅ និង បង្កបង្កើនផលបានកាប់រានព្រៃយកដីនៅតំបន់ដី ជម្លោះនោះតាំងពីឆ្នាំ២០១០ និងខ្លះ ឆ្នាំ២០១៤ ដោយពេលនោះអាជ្ញាធរមិនបានរារាំងទេ និងថែមទាំងសន្យាថា នឹងជួយវាស់វែង ចែកដីជូនពួកគាត់ថែមទៀត។ ពលរដ្ឋអះអាងថា លុះដើមឆ្នាំ២០១៨ ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានរំលោភ យកដីធ្លីទំហំពី ៣ទៅ ៤ហិកតារក្នុងមួយគ្រួសារ និងបំផ្លាញដំណាំ ផ្ទះសម្បែង ព្រមទាំងធ្លាប់ប្រើប្រាស់កម្លាំងទាហានបាញ់ប្រហារមកលើប្រជាពលរដ្ឋឲ្យ រងរបួសជាច្រើននាក់ទៀតផង ខណៈពលរដ្ឋបានតវ៉ាការពារទ្រព្យសម្បត្តិរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
