អភិបាល​រាជ​ធានី​ភ្នំពេញចេញ​មុខ​​ចរចា​ផ្ទាល់​ ​​ជា​លើក​ទី​១ ជាមួយ​ពលរដ្ឋ​ ៧​គ្រួសារ នៅ​តំបន់​បុរី​កីឡា ដើម្បី​ត្រៀម​វាយ​កម្ទេច​អគារ​ F ចំណាស់​ជាង​គេ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ចេញ​មុខ​ចរចា​ផ្ទាល់​ជា​លើក​ទី​១ ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន​ ៧​គ្រួសារ នៅ​តំបន់​បុរី​កីឡា ដើម្បី​ត្រៀម​វាយ​កម្ទេច​អគារ អេហ្វ (F) ដែល​ជា​អគារ​​ចំណាស់​ជាង​គេ​តែ​មួយ​គត់​នៅ​បុរី​កីឡា។ សង្គម​ស៊ីវិល​ស្វាគមន៍​ ​ការ​ចរចា​រក​ដំណោះ​ស្រាយ​សមរម្យ​ទទួល​យក​បាន​គ្រប់​ភាគី តែ​ស្នើ​កុំ​ប្រើ​ហិង្សា​ ដូច​ពេល​កន្លង និង​ដូច​​ករណី​បង្ក្រាប​នៅ​ខេត្ត​ព្រះសីហនុ។

តំណាង​ពលរដ្ឋ​​ម្នាក់ ក្នុង​ចំណោម​៧​គ្រួសារ ​អ្នកស្រី ស ស៊ន ប្រាប់​ថា ​ក្នុង​កិច្ច​ប្រជុំ​ នៅ​រសៀល​ថ្ងៃ​ទី​១ មីនា លោក ឃួង ស្រេង ប្រាប់​ពលរដ្ឋ​ទាំង​៧​គ្រួសារ ឲ្យ​ដាក់​សំណើ​សុំ​ដំណោះ​ស្រាយ​ជាថ្មី ទៅ​សាលាក្រុង ហើយ​បើ​សាលា​ក្រុង​ ដោះស្រាយ​មិន​ចេញ​ទេ នឹង​បញ្ជូន​បន្ត​ទៅ​ក្រសួង​មហាផ្ទៃ​ ព្រោះ​អគារ​ អេហ្វ (F) នឹង​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី ស ស៊ន ឲ្យ​ដឹង​ទៀត​ថា លោក ឃួង ស្រេង ពន្យល់​ក្រុម​​អ្នកស្រី​ថា​ បច្ចុប្បន្ន​ពលរដ្ឋ​ទាំង​៧​គ្រួសារ កំពុង​រស់​នៅ​​អគារ​ F គឺ​រស់​លើ​ដី​របស់​គេ ព្រោះ​ម្ចាស់​ដី​នៅ​អគារ​ F​ នោះ គេ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ និង​មាន​សេចក្ដី​សម្រេច​ពី​តុលាការ​ទៀត៖ «»

នេះ​ជា​លើក​ទី​១ សម្រាប់​​ជំនួប​រវាង​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ តាំង​ពី​ពលរដ្ឋ​ចាប់​ផ្ដើម​ចេញ តវ៉ា​​ដីធ្លី តាំង​ពី​ឆ្នាំ​២០១២​មក។

អ្នកស្រី ស ស៊ន បន្ត​ថា ជំនួប​នោះ អ្នក​មាន​វិវាទ​ដីធ្លី បាន​ជួប​អភិបាល​ក្រុង តែ​មួយ​ភ្លែត​ទេ ដោយសារ​លោក ឃួង ស្រេង អះអាង​ថា មាន​ជំនួប​ផ្សេង​ទៀត។ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង ៧​គ្រួសារ សរសេរ​សំណើ​សុំ​ដំណោះ​ស្រាយ​ភ្លាមៗ នៅ​សាលា​ក្រុង និង​បាន​ដាក់​ជូន​មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​រួចរាល់​ហើយ។ អ្នកស្រី ស ស៊ន ប្រាប់​ថា ក្នុង​សំណើសុំ ពលរដ្ឋ​ទាំង ៧​គ្រួសារ​បាន​ស្នើ​សុំ​ដំណោះស្រាយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង គឺ​ស្នើសុំ​រស់​បន្ត​លើ​ទីតាំង​ចាស់ ប្រសិន​បើ​មាន​ការ​សាងសង់​អគារ​ថ្មី។ ប៉ុន្តែ​ប្រសិន​បើ​​ មិន​អនុញ្ញាត​បែប​នេះ ពួកគេ​ស្នើសុំ​ជា​ពួក​គេ​ស្នើ​សុំ​ជា​ប្រាក់​សំណង​​ អ្នក​ខ្លះ​ទាមទារ​ពី ៣ម៉ឺន (30.000) ទៅ​​ ៣ម៉ឺន ៥ពាន់ (35.000) ដុល្លារ​អាមេរិក ដើម្បី​យក​ប្រាក់​នោះ​ទិញ​បន្ទប់ នៅ​អគារ​ដដែល​រស់​នៅ​វិញ បើ​ទោះ​ជា​ត្រូវ​រស់នៅ​ជាន់​លើ​ជាង​មុន​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។