ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគាត់

ដោយ មួង ណារ៉េត
2018.11.29
សន្និសីទ ជម្លោះ​ដី ៦២០ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៃ​ភូមិ​ចក់ចារ ខេត្ត​មណ្ឌលគិរី ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​​ការិយាល័យ​វេទិកា​អង្គការ​មិន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO FORUM) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ មករា ឆ្នាំ​២០១៥។
RFA

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ចោទប្រកាន់ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគាត់ ជុំវិញ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន។ ពួកគាត់​អះអាង​ថា ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​មានការ​រើសអើង និង​មាន​ទំនោរ​ទៅ​រក​ក្រុមហ៊ុន ដោយ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ឡើយ។ អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពិតជា​ធ្លាប់​រង​ការរើសអើង និង​ចោទប្រកាន់​ពី​អាជ្ញាធរ​មែន ព្រោះ​ពួកគាត់​មិនសូវ​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ក៏ប៉ុន្តែ​រឿង​នេះ​លែង​មាន​កើតមាន​តទៅទៀត​ហើយ។

ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​រង​ការចោទប្រកាន់ ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ជា​ហូរហែ​ពី​សំណាក់​អាជ្ញាធរ​តាំង​ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ខេត្ត ជុំវិញ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​ហេងហ្វូ (Hengfu) របស់​ចិន។ ការចោទប្រកាន់​ទាំងនោះ មាន​ជាអាទិ៍ ជា​អ្នក​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ជា​អ្នកគាំទ្រ​បដិវត្តន៍​ពណ៌ និង​ជា​អ្នក​ចង់​បង្កើត​តំបន់​អបគមន៍ ឬ​បំបែក​រដ្ឋ​ជាដើម។

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ លោកស្រី ទេព ទឹម ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ក្នុង​ឃុំ​មិន​មានបំណង ឬ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា សកម្មភាព​របស់​ពលរដ្ឋ​កន្លងមក សុទ្ធតែ​ដើម្បី​ការពារ​ដីធ្លី ព្រៃឈើ និង​ធនធានធម្មជាតិ ដែល​ពួកគាត់​ធ្លាប់​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល តាំងពី​ដូនតា​រៀងមក និង​កំពុង​បាត​បង់​ជា​គំហុក​ដោយ​សារ​គម្រោង​វិនិយោគ​របស់​ចិន។ លោកស្រី​បន្ថែម​ថា ជាច្រើន​ឆ្នាំ​មកនេះ អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចិន​នេះ​ឡើយ ទោះបីជា​ពួកគាត់​ខំ​តវ៉ា ដាក់​បណ្ដឹង ឬ​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ​។ លោកស្រី​ជឿជាក់​ថា ទាំង​អាជ្ញាធរ​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ជាតិ សុទ្ធតែ​ដឹង​លឺ​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ និង​ពលរដ្ឋ​ជាច្រើន​ឃុំ​ផ្សេងទៀត ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​បែរជា​នាំ​មិន​អើពើ​ដោះស្រាយ ឬ​ដោះស្រាយ​បាន​ត្រឹមតែ​មាត់ គ្មាន​លទ្ធផល​ជាក់ស្ដែង៖ «ការពិត​ការ​ប្រឆាំង​ហ្នឹង មិនមែន​ចង់​បង្កើត​អបគមន៍ បំបែក​រដ្ឋ​លើ​រដ្ឋ​អ្វី​នោះ​ទេ។ យើង​គ្រាន់តែ​ចង់​ទាមទារ​ដើម្បី​ការរស់នៅ​របស់​ពួក​យើង ដើម្បី​មាន​ដី មាន​ស្រែចម្ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។ យើង​អត់​មាន​ទៅ​ប្រឆាំង​បង្កើត​អបគមន៍ ប្រឆាំង​ជាមួយ​រដ្ឋ​នោះ​ទេ។ យើង​ប្រឆាំង​ដើម្បី​រស់ ដើម្បី​ជីវភាព។ យើង​អត់​ទាំង ​ដឹង​ថា អបគមន៍​ហ្នឹង​យ៉ាងម៉េច បង្កើត​រដ្ឋ​លើ​រដ្ឋ​យ៉ាងម៉េច​ផង​ទេ​ពូក​ខ្ញុំ​នេះ»

បុត្រ​សម្ពន្ធ​នៃ​ក្រុមហ៊ុន​ហេងហ្វូ (Hengfu Sugar Industry) របស់​ចិន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុងភ្នំពេញ ចំនួន​ជាង ៤​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រោយ​ការ​កាត់​ឆ្វៀល​រួច នៅសល់​ជាង ៣​ម៉ឺន​ហិកតារ។ ដី​សម្បទាន​នេះ បាន​គ្រប​ដណ្តប់​លើ​ដី​ព្រៃ និង​ដីស្រែ​ចម្ការ ព្រមទាំង​ភូមិ​ករ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ស្រុក គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន។ ការ​វិនិយោគ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ១០​ឃុំ ស្មើនឹង ២៥​ភូមិ ដែល​មាន​ពលរដ្ឋ​រស់​នៅ​លើស​ពី ២​ម៉ឺន ៣ពាន់​នាក់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រកឃើញ​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​បរិស្ថាន និង​ជីវភាព​របស់​ពលរដ្ឋ ហើយក៏​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ផង​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​រកឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​តាមដាន​សកម្មភាព​របស់​ពលរដ្ឋ និង​តំណាង​របស់​ពួកគាត់​ដែល​ចេញមុខ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហេងហ្វូ ដោយ​លាប​ពណ៌​ពួកគាត់​ថា​អ្នក​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។ អាជ្ញាធរ​ក៏បាន​ភ្ជាប់​ពួកគាត់​ទៅ​នឹង​គណបក្ស​ប្រឆាំង ហើយ​ថែមទាំង​បាន​ចោទប្រកាន់​ពួកគាត់​ថា ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌ និង​ចង់​ធ្វើ​អបគមន៍ ឬ​បំបែក​រដ្ឋ​ទៀត​ផង។ ក្រៅ​ពី​នេះ ការ​រំលោភបំពាន ការ​គំរាមកំហែង ការចោទប្រកាន់ និង​ការ​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ កើតមាន​ជាច្រើន​ករណី តាំងពី​ឆ្នាំ​២០១២ រហូត​មក ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​ខេត្ត​ព្រះវិហារ​ក៏បាន​កោះហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជិត ១០​នាក់ ឱ្យ​ចូល​ទៅ​បំភ្លឺ​រឿង​ឃាត់ និង​បង្ខាំង​ទុក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំ២០១៥ កន្លងទៅ នោះ​ផង​ដែរ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​មេ​ហេងហ្វូ​ដើម្បី​បកស្រាយ​ការចោទប្រកាន់​របស់​អ្នកភូមិ​បានទេ ប៉ុន្តែ​មេឃុំ​ប្រមេរ លោក ធាន ហេង ទទួលស្គាល់​ថា កាលពីមុន​ពិតជា​មាន​ករណី​ចោទប្រកាន់​ពលរដ្ឋ​ថា ជា​ក្រុម​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ពិតមែន ដោយសារ​ពលរដ្ឋ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ។ ក៏ប៉ុន្តែ​លោក​ថា សព្វថ្ងៃ​លែង​មាន​ករណី​នេះ​ទៀតហើយ បន្ទាប់ពី​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ចប់​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន និង​បាន​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ពលរដ្ឋ​ឡើងវិញ៖ «ឧទាហរណ៍​ថា ទៅ​តវ៉ា​អ៊ីចឹង (​អាជ្ញាធរ​) ថា​កុំអាល ចាំ​អាជ្ញាធរ​ដោះស្រាយ​ជូន ប៉ុន្តែ​បងប្អូន​យើង​ចេះតែ​មិន​ព្រម អ៊ីចឹង​ទើប​បានជា​មិន​សូវ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ហ្នឹង​ណា។ ពេលមុន​វា​អាច​មាន​អ៊ីចឹង​ខ្លះ​ដែរ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។ ដោយសារតែ​បងប្អូន​និយាយ​គ្នា​ដូច​ថា​ស្ដាប់​មិនសូវ​បាន បើ​ថា​ទៅ​ហើយ គឺ​ទៅ​ទាំងអស់​គ្នា ៤-១០ គោយន្ត​អ៊ីចឹង នាំគ្នា​ទៅ​តវ៉ា។ ប៉ុន្តែ​អាជ្ញាធរ​ក៏​ចេះតែ​ដោះស្រាយ​បណ្ដើរៗ​ជូន (​និង​) ពន្យល់​ពួកគាត់​អំពី​របៀប​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ថា តើ​វា​យ៉ាងម៉េច យើង​កុំ​ទៅ​ប្រើ​អំពើ​ហិង្សា»

ថ្វីដ្បិតតែ​អាជ្ញាធរ​មូលដ្ឋាន​រូប​នេះ អះអាង​ថា លែង​មាន​ករណី​ចោទប្រកាន់​ពលរដ្ឋ​បែបនេះ​ក្តី ក៏​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន នៅ​បន្ត​ចាត់​ទុក​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ​នេះ ថា​ជា​ក្រុម​ប្រឆាំង​ដដែល។ ជាក់ស្ដែង មន្ត្រី​នាំ​ពាក្យ​របប​នេះ គឺ​លោក ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ចុងខែ​តុលា​កន្លងទៅ​ថា អ្នក​ដែល​ទាមទារ​ចង់​ឱ្យ​មានការ​ពិនិត្យមើល ឬ​លុបចោល​កិច្ច​គម្រោង​វិនិយោគ​នេះ គឺជា​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ចិន ឬក៏​អាច​បង្កប់​នូវ​ចេតនា​នយោបាយ​ចង់​ប្រឆាំង​នឹង​របប​របស់​លោក៖ «រឿង​ចិន​នៅ​ព្រះវិហារ​ហ្នឹង គេ​ដោះស្រាយ​រួចហើយ អត់​មានរឿង​អ្វី​ពាក់ព័ន្ធ​តទៅទៀត​ទេ​។ ទី​មួយ​លក្ខខណ្ឌ​ក្រុមហ៊ុន​ចិន​ហ្នឹង​អត់​ទទួល​បាន​ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​សន្យា​ឱ្យ គេ​ទទួល​បានតែ​ពាក់​កណ្ដាល​ទេ តាម​ខ្ញុំ​ដឹង។ ហើយ​ពាក់​កណ្ដាល​ទៀត​បែងចែក​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​កន្លែង​ហ្នឹង លើកលែងតែ​ពួក​មាន​និន្នាការ​នយោបាយ​ប្រឆាំង​ទេ ដែល​នៅតែ​ទាមទារ​នេះ​ទាមទារ​នោះ​។ ឬមួយ​ក៏​ការ​ទាមទារ​គ្រាន់តែ​ជា​រឿង​នយោបាយ​ដើម្បី​ឱ្យ​មានគំនិត​មួយ​ប្រឆាំង​នឹង​ចិន ឬ​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​?»

លោកស្រី ទេព ទឹម ច្រានចោល​ការ​លើកឡើង​បែបនេះ ដោយ​បញ្ជាក់​ថា ទំនាស់​ដីធ្លី​នេះ​មានការ​ដោះស្រាយ​តិចតួច​ប៉ុណ្ណោះ ហើយ​ដោះស្រាយ​តាំងពី​ជំនាន់​និស្សិត​ចុះ​វាស់វែង​ដីធ្លី​មក​ម្ល៉េះ ចំណែក​ពេល​បច្ចុប្បន្ន មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ​។ លោកស្រី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ទង្វើ​ចោទប្រកាន់​ពលរដ្ឋ​បែបនេះ​តទៅទៀត និង​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ជួយ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នេះ​ជូន​ពួកគាត់​៖ «យើង​សំណូមពរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ បញ្ឈប់​ការចោទប្រកាន់​លើ​ប្រជាពលរដ្ឋ កុំ​ឱ្យ​មាន​បណ្ដឹង​ដល់​តុលាការ អំពី​រឿង​ប្រជាពលរដ្ឋ​ប្រឆាំង​អី​ហ្នឹង​។ សូម​ឱ្យ​បញ្ឈប់​ការចោទប្រកាន់​ទៅ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​មុខរបរ​សម្រាប់​ចឹញ្ចឹម​ជីវិត»

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ (PKH) លោក អាង ជាតិឡោម អះអាង​ថា មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ឃុំ​ប្រមេរ​នោះ​ទេ ដែល​រង​ការរើសអើង និង​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​នោះ សូម្បីតែ​អង្គការ​របស់​លោក​ក៏​ជួបប្រទះ​បញ្ហា​នេះ​ដូចគ្នា។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​តែង​ចុះ​ឃ្លាំមើល​សកម្មភាព​របស់​អង្គការ​លោក​ជាប់​ជាប្រចាំ ហើយក៏​មានការ​ចោទប្រកាន់​ក្រៅផ្លូវការ​ថា អង្គការ​របស់​លោក​ជា​អ្នក​ញុះញង់​ពលរដ្ឋ​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​ទៀត​ផង។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ បុគ្គលិក​របស់​លោក​ពីរ​នាក់​ក៏​ត្រូវ​ជាប់​បណ្ដឹង​របស់​ក្រុមហ៊ុន​ផង​ដែរ ដែល​លោក​ចាត់ទុកថា នេះ​ជា​ការ​គំរាមកំហែង​ថ្មី​មួយទៀត​លើ​សកម្មភាព​របស់​អង្គការ​លោក៖ «គេ​កត់សម្គាល់​យើង​ថា ជា​អង្គការ​មួយ​ដែល​ធ្វើការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​គេ អ៊ីចឹង​គេ​តាមដាន គេ​ត្រួត​ពិនិត្យមើល។ គ្រប់​សកម្មភាព​របស់​យើង គឺ​គេ​ប្រុងប្រយ័ត្ន​បំផុត។ យើង​ពិបាក​ក្នុង​ការ​ធ្វើការ​ទំនាក់ទំនង​ទៅ​នឹង​អាជ្ញាធរ ទៅ​អ្នក​ពាក់ព័ន្ធ ជាពិសេស​នៅ​ថ្នាក់​ខេត្ត ដល់ពេល​អ៊ីចឹង​ទៅ​ថ្នាក់​ស្រុក ថ្នាក់​ឃុំ ក៏​ដូច​តែ​គ្នា។ គេ​អត់​បាន​ចាត់ទុក​យើង​ជា​ដៃគូ​អភិវឌ្ឍន៍​មួយ ដែល​ត្រូវ​ធ្វើ​ការ​រួម​គ្នា​នោះ​ទេ។ ប៉ុន្តែ​ជាទូទៅ​ជំហរ​របស់​យើង គឺ​យើង​នៅតែ​ធ្វើការ បើ​ទោះបី​គេ​ចាត់​ទុក​យើង​ជា​អ្វី​ក៏ដោយ​។ យើង​នៅតែ​ធ្វើការ​ជាមួយ​នឹង​ប្រជាជន​នៅ​តាម​មូលដ្ឋាន ជាពិសេស អ្នក​ដែល​ប៉ះពាល់​ដីធ្លី​ពី​គម្រោង​អភិវឌ្ឍ​ធំៗ​ហ្នឹង​ដដែល»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ បញ្ឈប់​សកម្មភាព​រឹតត្បិត និង​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​តទៅទៀត ដោយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ទាំងអស់​ត្រូវ​បើក​សិទ្ធិ​ឱ្យ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​តាមច្បាប់ ព្រមទាំង​សហគមន៍​មូលដ្ឋាន​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​ពេញលេញ និង​ដោយ​គ្មាន​ការរារាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។