អភិបាល​ខេត្ត​ព្រះសីហនុ​ប្ដេជ្ញា​ស្វែងរក​ដី​សង្គម​កិច្ច​ផ្ដល់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​គ្មាន​ដីធ្លី

ដោយ ដែន អយុធ្យា
2014.12.23
ជម្លោះ​ដីធ្លី ក្បាល​ឆាយ ព្រះសីហនុ ៨៥៥ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បាល​ឆាយ ត្រួត​ពិនិត្យ​ទីតាំង​ដី​សង្គមកិច្ច​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ជូន​ពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញ​ពី​តំបន់​ក្បាល​ឆាយ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Den Ayuthyea

ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ អះអាង​ថា នឹង​ខិតខំ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​ស្វែងរក​ទីតាំង​នានា​ដើម្បី​ផ្តល់​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិត​ប្រាកដ។ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​របស់​មន្ត្រី​ដឹក​នាំ​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន មាន​ប្រសាសន៍​ថា នឹង​ស្វែងរក​ដី​សង្គមកិច្ច​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ក្រីក្រ ឬ​មាន​ជម្លោះ​ដីធ្លី ហើយ​ត្រូវ​ការ​ដីធ្លី​សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល​ជាដើម។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​កំណត់​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង មាន​ទីតាំង​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​បែង​ចែក​ជូន​ពលរដ្ឋ​ខ្វះ​ដី​ពិត​ប្រាកដ និង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នា​ពេល​កន្លង​ទៅ។

លោក ឈិត សុខុន បន្ថែម​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ពលរដ្ឋ​រស់នៅ​តំបន់​ក្បាល​ឆាយ ជិត ២០០​គ្រួសារ ដែល​ត្រូវ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ឬ​សាលា​ខេត្ត​ក្នុង ១​គ្រួសារៗ​ចំនួន​កន្លះ​ហិកតារ ជា​ថ្នូរ​ឲ្យ​ចាក​ចេញ​ពី​តំបន់​ហាម​ឃាត់​ក្បាល​ឆាយ។

បន្ត​មក​ទៀត លោក ឈិត សុខុន បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​នឹង​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តំបន់​ស្ពាន​ឆេះ ខេត្ត​ព្រះសីហនុ ដែល​គ្មាន​ដី​សង់​លំនៅឋាន និង​បង្កបង្កើនផល​ពិត​ប្រាកដ។

អភិបាល​ខេត្ត​ព្រះសីហនុ បន្ថែម​ថា ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​នេះ អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​ជា​ជំហានៗ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង។ ការ​អះអាង​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដូច្នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បាន​គាំទ្រ​ប្រសាសន៍​របស់ លោក ឈិត សុខុន ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ឬ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ចប់​ជា​ស្ថាពរ។ លោក​បន្ត​ថា បើ​ដូច​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​បាន​សន្យា គឺ​ត្រូវ​តែ​ជួយ​ដោះស្រាយ និង​ស្វែងរក​ដី​សង្គម​កិច្ច​ចែក​ជូន​ពលរដ្ឋ។

បញ្ហា​នេះ​ដែរ លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កោត​សរសើរ​ការ​ដុត​ដៃ​ដុត​ជើង ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពេល​នេះ។ ប៉ុន្តែ​លោក​ស្នើ​ដល់​អាជ្ញាធរ មុន​នឹង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីតាំង​ណា​មួយ ត្រូវ​អភិវឌ្ឍ​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ដូចជា​ផ្លូវ​ថ្នល់ សាលា​រៀន មណ្ឌល​សុខភាព ទីផ្សារ និង​ប្រព័ន្ធ​ទឹក​ភ្លើង ជាដើម។

ទាក់ទិន​បញ្ហា​នេះ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៥ ត​ទៅ រូប​លោក​នឹង​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​រដ្ឋសភា បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១០​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ទំនាស់​ដីធ្លី​ធ្ងន់ធ្ងរ។ ជាង​នេះ លោក​ក៏​មាន​គម្រោង​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​សកម្មភាព​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ ឲ្យ​មក​បំភ្លឺ​ក្នុង​រដ្ឋសភា​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។