ពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនហេង អភិវឌ្ឍន៍ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកគ្នាទៅតវ៉ា និងដាក់ញត្តិ ជាថ្មីទៀត នៅសាលាឃុំ នៅព្រឹកថ្ងៃទី៦ មករា។ តំណាងពលរដ្ឋមានជម្លោះថា ពលរដ្ឋនៅតែទាមទារឲ្យបញ្ឈប់គោលនយោបាយប្ដូរដី នឹងលុយម្នាក់១០០ដុល្លារ ហើយបានដាក់ញត្តិតាមរយៈអភិបាលស្រុកកណ្ដាលស្ទឹង ស្នើសុំប្រធានខុទ្ទកាល័យទទួលញត្តិមុខភូមិគ្រឹះ លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ជួយអន្តរាគមន៍ដោះស្រាយវិវាទនេះ។
តំណាងពលរដ្ឋ លោក សុន ខេមរា ឲ្យដឹងថា ពលរដ្ឋជាច្រើនរយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារ២ចំណុច គឺស្នើសុំឲ្យអាជ្ញាធររុះរើរោងចែកលុយគោលនយោបាយ១០០ដុល្លារ ក្នុងម្នាក់ ចេញពីឃុំ និងទាមទារសុំគោលនយោបាយតម្លៃ ២៥០ដុល្លារ ក្នុងម្នាក់។
នៅពេលតវ៉ា តំណាងពលរដ្ឋប្រាប់ថា ពួកគេបានផ្ញើញត្តិស្នើសុំ ដាច់ដោយឡែកមួយទៀត ជូន លោក ហ៊ីង ប៊ុនហៀង តាមរយៈ អាជ្ញាធរស្រុកកណ្ដាលស្ទឹង គឺទាមទារសុំឲ្យដកហូតដីមានជម្លោះក្នុងឃុំបឹងខ្យាងទំហំ ២៤៥ហិកតារ ប្រគល់ឲ្យពលរដ្ឋ ដើម្បីលក់ឲ្យក្រុមហ៊ុនណា ដែលហ៊ានផ្ដល់គោលនយោបាយយ៉ាងតិច ២៥០ដុល្លារ ក្នុងម្នាក់ ជំនួសឲ្យក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង ស្នើសុំមោឃភាពប័ណ្ណកម្មសិទ្ធិដីធ្លីមានជម្លោះ របស់ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ព្រោះអាជ្ញាធរ និងក្រុមហ៊ុន ឃុបឃិតគ្នា លួចធ្វើប័ណ្ណកម្មសិទ្ធិដីសហគមន៍របស់ពលរដ្ឋ និងស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញរូបនេះ អន្តរាគមន៍ឲ្យអាជ្ញាធរខេត្តកណ្ដាលបំពេញតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ គឺត្រូវធ្វើជាអាជ្ញាកណ្ដាល សម្រាប់ការចរចា ដោយមិនត្រូវធ្វើសកម្មភាពណាមួយ កាន់ជើងខាងក្រុមហ៊ុនឯកជន ឬបង្ខិត បង្ខំ ពលរដ្ឋឡើយ៖ «យើងខ្ញុំ ក៏មិនទាន់ដឹងថា តើលោក ( ហ៊ីង ប៊ុនហៀង ) អាចហៅយើងខ្ញុំទាំង៣៣នាក់ ដែលជាអ្នកតំណាង ទៅចូលរួម ដោះស្រាយនៅពេលណា ខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋានដែរ។ ក៏ប៉ុន្តែអ្វីលោកអភិបាលស្រុក គាត់មានប្រសាសន៍ព្រឹកមិញ ថា ល្ងាចហ្នឹង ឬ ក៏ថ្ងៃស្អែក គឺ លោក នឹងយកលិខិតនេះ ដាក់ជូនផ្ទាល់ដៃទៅដល់ លោក ហ៊ីង ប៊ុនហៀង តែម្ដង»។
វិវាទដីធ្លី ពលរដ្ឋឃុំបឹងខ្យាង ជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានអូសបន្លាយ តាំងពីឆ្នាំ២០០៨មក។ ពលរដ្ឋចោទថា ដើមហេតុនៃជម្លោះ ដោយសារ ក្រុមហ៊ុន និងអាជ្ញាធរ លួចឃុបឃិតគ្នា ធ្វើប័ណ្ណកម្មសិទ្ធិ ដីសហគមន៍ ដែលតែងនាំគ្នា អាស្រ័យផលតាមលក្ខណៈគ្រួសារ និងតជំនាន់ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ពលរដ្ឋអះអាងថា ត្បិតដីវិវាទខ្លះ ជាផ្ទៃបឹង ឬទំនប់ ប៉ុន្តែ ពួកគេអាស្រ័យផលតពីគ្នាគ្រប់ជំនាន់ ដោយអាជ្ញាធរមិនព្រមផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋម្ចាស់ដីទេ។ ចំណែកក្រុមហ៊ុនហេង អភិវឌ្ឍន៍ ដែលពួកគេមិនដែលលឺឈ្មោះសោះ បែរជាត្រូវបានអាជ្ញាធរអះអាងថា ទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីមានជម្លោះទៅវិញ។
កាលពីថ្ងៃទី១ មករា ពលរដ្ឋជាច្រើននាក់ បានប្រមូលផ្ដុំគ្នា តវ៉ាមុខសាលាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងព្រមានបិទផ្លូវជាតិលេខ២ ម្ដងហើយ ក្រោយពួកគេអះអាងថា អាជ្ញាធរខេត្តកណ្ដាល បានរំលោភកិច្ចព្រមព្រៀងជាមួយពលរដ្ឋ ដោយបន្តយុទ្ធនាការ ចែកលុយគោលនយោបាយប្ដូរដី ក្នុងតម្លៃ ១០០ដុល្លារ ក្នុងម្នាក់បន្តទៀត បើទោះផុតថ្ងៃកំណត់នៃការសន្យាគ្នាក៏ដោយ។
អភិបាលស្រុកកណ្ដាលស្ទឹង លោក បូរ ណារ៉េត ប្រាប់អាស៊ីសេរីថា ញត្តិរបស់ពលរដ្ឋមិនទាន់ត្រូវបានបញ្ជូនទៅ លោក ហ៊ីង ប៊ុនហៀង ទេ ដោយសារលោក ហ៊ីង ប៊ុនហៀង កំពុងជាប់រវល់កាន់ទុក្ខមរណភាពនៃម្ដាយរបស់លោក។ ប៉ុន្តែ លោកបញ្ជាក់ថា នឹងបញ្ជូនទៅក្នុងពេលឆាប់ៗ៖ «ខ្ញុំអនុវត្តតាមគោលការណ៍ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត និងអនុវត្តតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែ១២ តែប៉ុណ្ណឹងទេ ព្រោះតួនាទីរបស់ខ្ញុំប៉ិនហ្នឹង ហើយប្រជាពលរដ្ឋ គាត់ដាក់ញត្តិសំណូមពរអ្វី ក្នុងនាមរដ្ឋបាលស្រុក នឹងយកតាមគាត់ជូនខុទ្ទកាល័យ លោក ហ៊ីង ប៊ុនហៀង នៅថ្ងៃស្អែក ( ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩»។
ប្រធានសម្ព័ន្ធសមាគមកសិករកម្ពុជា លោក ថេង សាវឿន យល់ថា លោក ហ៊ីង ប៊ុនហៀង មានតួនាទីខ្ពស់ ក្នុងគណៈកម្មការទទួលញត្តិ និងដោះស្រាយវិវាទបាតុកម្ម កូដកម្ម ហើយមន្ត្រីយោធាជាន់ខ្ពស់រូបនេះ គួរជួយអន្តរាគមន៍តាមការស្នើសុំ និងជួយសម្របសម្រួលឲ្យមានភាពប្រសើរជាងនេះ ទើបជម្លោះអាចនឹងត្រូវបញ្ចប់។
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង លោក សុន ខេមរា មានជំនឿថា ក្រោយពេលកាន់ទុក្ខម្ដាយចប់ លោក ហ៊ីង ប៊ុនហៀង នឹងជួយអន្តរាគមន៍តាមសំណើរបស់ពលរដ្ឋ។ ពលរដ្ឋព្រមានថា ប្រសិនបើ នៅតែបន្តគ្មានដំណោះស្រាយទៀត ពលរដ្ឋនឹងទៅដាក់ញត្តិ នៅក្រសួងដែនដី សុំអន្តរាគមន៍ពីរដ្ឋមន្ត្រី លោក ជា សុផារ៉ា និងបន្តទៅមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន៕
