អ្នក​ភូមិ​ជាង​៣០០​នាក់​នៅ​ខេត្ត​រតនគិរី​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​របង​ការពារ​ដី​ទួល​សុវត្ថិភាព

0:00 / 0:00

គោលនយោបាយ​សម្របសម្រួល​កាត់​ចេញ​ដី​ទី​ទូល​សុវត្ថិភាព​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហ័ង អាញ លំផាត់ (Hoang Anh Lumphat) មិន​ទទួល​បាន​ជោគជ័យ​ផ្ដល់​ឲ្យ​អ្នក​ភូមិ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ទេ។ អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​បាន​ព្យាយាម​ចូលកាន់​កាប់​ដី​នោះ​មិន​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​តាម​ការ​សម្របសម្រួល​គ្នា​ឡើយ។

ប្រជាពលរដ្ឋ​ភូមិ​ថ្មី ឃុំ​ជ័យឧត្ដម ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា បាន​ប្រមូល​គ្នា​ទៅ​បោះ​បង្គោល​របង​ការពារ​ដី​ទួល​សុវត្ថិភាព ២០០​ហិកតារ បន្ទាប់​ពី​ក្រុមហ៊ុន​ព្យាយាម​ចូល​កាន់​កាប់​ដី​នោះ​ឡើង​វិញ។

មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​មាន​ក្នុង​ហេតុការណ៍​នេះ​ទេ ពីព្រោះ​ភាគី​ក្រុមហ៊ុន​មិន​មាន​វត្តមាន ឬ​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ថ្មី លោក សាយ ខឿង មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ទួល​សុវត្ថិភាព​មាន​សារសំខាន់​សម្រាប់​អ្នក​ភូមិ​ជម្លៀស​ក្រុម​គ្រួសារ និង​សត្វ​ពាហនៈ​គ្រា​មាន​ទឹក​ជំនន់​ហេតុ​នេះ​អ្នក​ភូមិ​ទាមទារ​កាត់​ដី​នោះ​ចេញ​ពី​ដី​សម្បទាន​ក្រុមហ៊ុន​ទុក​ជា​ដី​ត្រៀម​បម្រុង​របស់​អ្នក​ភូមិ។

លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ព្យាយាម​ចូល​កាន់​កាប់​ដី​នោះ​ជា​ថ្មី បន្ទាប់​ពី​បេសកជន​រាជរដ្ឋាភិបាល​បាន​សម្រប​សម្រួល​ឯកភាព​គ្នា​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​នឹង​កាត់​ចេញ​ដី​នោះ​ជូន​ប្រជាពលរដ្ឋ៖ «ក្រុមហ៊ុន​កន្លែង​ដែល​គាត់​បាន​និយាយ​គ្នា​កន្លែង​ដែល​ឈូស​ឆាយ​កុំ​អាល​ប្រមូល​កន្លែង​មាន​ទំនាស់​ក្រុមហ៊ុន​គាត់​ចូល​មក​ឈូស​ឆាយ ប្រជាពលរដ្ឋ​គាត់​ព្រួយ​បារម្ភ​ក៏​នាំ​គ្នា​មក​ដាក់​បង្គោល​ព្រំប្រទល់។ ប្រជាពលរដ្ឋ​ខ្លាច​គេ​យក​ដី​ទួល​សុវត្ថិភាព»

កាល​ពី​ជិត​ពាក់​កណ្ដាល​ខែ​កុម្ភៈ បេសកជន​តំណាង​រាជរដ្ឋាភិបាល លោក លី ធុច មាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ទទួល​កិច្ច​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ភូមិ​ថ្មី និង​ភូមិ​ស្រែឈូក ក្នុង​ឃុំ​ជ័យឧត្ដម បន្ទាប់​ពី​លោក​បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​រូបមន្ត​ស្បែក​ខ្លា ពោល​គឺ​កាត់​ដី​ទូល​សុវត្ថិភាព​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ។

ការ​សម្របសម្រួល​នេះ​ភាគី​ក្រុមហ៊ុន​បាន​ទទួល​យក​សំណូមពរ​នេះ​ទៅ​សុំ​ការ​សម្រេច​ពី​តំណាង​ក្រុមហ៊ុន​នៅ​វៀតណាម ហើយ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ចំណែក​បំពេញ​លិខិត​ស្នាម​បែបបទ​ទាក់​ទិន​គម្រោង​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជូន​ក្រុមហ៊ុន​វិញ ដើម្បី​រួម​ចំណែក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ជោគជ័យ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ ក៏​ប៉ុន្តែ​អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន ថ្លែង​បញ្ជាក់​ថា គម្រោង​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ពីព្រោះ​ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ គឺ​ក្រសួង​បរិស្ថាន​បាន​ចុះ​បញ្ជី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ។

លោក​បន្ត​ថា សកម្មភាព​ប្រជាពលរដ្ឋ​នាំ​គ្នា​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី​គឺ​ជា​អំពើ​ខុស​ច្បាប់៖ «ដី​ហ្នឹង​វា​ចុះ​បញ្ជី​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​កន្លែង​នេះ​គាត់​អត់​ហ៊ាន​សម្រេច​ទេ ត្រូវ​ស្នើសុំ​ទៅ​អគ្គនាយក​ក្រុមហ៊ុន​នៅ​វៀតណាម ទៀត។ ជា​ផ្លូវការ​ដី​ចុះ​បញ្ជី ហើយ​មិន​ងាយ​យើង​ស្នើ​សុំ​គេ​បាន​ទេ»

ក្រសួង​បរិស្ថាន​បាន​ផ្ដល់​ដី​សម្បទាន​ជាង ៨​ពាន់​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ ក្នុង​ដែន​​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ឆ្នាំ​២០១៣ បន្ទាប់​មក​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដី​សម្បទាន​​ទៅ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ លំផាត់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ពីរ​ភូមិ​រស់​នៅ​តំបន់​នោះ​បាន​ធ្វើការ​តវ៉ា​ទាមទារ​​ដី​ជាង ១​ពាន់​ហិកតារ​ជា​ដី​ត្រៀម​បម្រុង​អ្នក​ភូមិ​ប្រើប្រាស់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ដំណោះស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ត្រូវ​បរាជ័យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ។ លោក​កត់សំគាល់​ថា ដី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ទាមទារ​គឺ​ជា​អាយុជីវិត​អ្នក​ភូមិ​ស្នាក់នៅ គ្រា​មាន​ទឹក​ជំនន់​លិច​ភូមិ៖ «បាន​សេចក្ដី​ថា ក្រុមហ៊ុន​មិន​ធ្វើ​តាម​ការ​ជួយ​ដោះស្រាយ​របស់​ថ្នាក់​ជាតិ។ អ៊ីចឹង​ហើយ​វា​បង្ក​ឲ្យ​​មាន​ជម្លោះ​ដីធ្លី ពលរដ្ឋ​គាត់​មិន​សុខ​ចិត្ត​ទេ។ ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​ជា​ដី​ទួល​សុវត្ថិភាព​របស់​ពួកគាត់»

​ករណី​ដូច​គ្នា​នេះ​ប្រជាពលរដ្ឋ​ភូមិ​សមុទ្រ​លើ ឃុំ​សេដា ស្រុក​លំផាត់ អះអាង​ដែរ​ថា គោលនយោបាយ​​សម្របសម្រួល​របស់​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ទាក់ទិន​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ រ័ត្ន សាខន ក៏​ត្រូវ​បាន​រំលោភ​ដូច​គ្នា​ដោយ​ភាគី​ក្រុមហ៊ុន​បន្ត​ការ​ឈូស​ឆាយ​ដី​ដែល​បាន​ព្រមព្រៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។