ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ថា​មាន​ឈ្មួញ​ដើរ​ទិញ​ដី​ព្រៃ​កោងកាង​ជុំវិញ​បរិវេណ​បឹង​កង្កែប

ដោយ ដែន អយុធ្យា
2016-08-28
Share
បឹង​កង្កែប ព្រះសីហនុ ២០១៦ ៨៥៥ ទីតាំង​ដី​ព្រៃ​ជុំវិញ​បរិវេណ​បឹង​កង្កែប ស្ថិត​ក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​រង​ការ​បំផ្លាញ​ពី​បុគ្គល​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​សង្គ្រោះ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប នា​ស្រុក​ព្រៃនប់ ដែល​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ រំលោភ​ធ្វើ​ប្លង់​កម្មសិទ្ធិ។

បញ្ហា​នេះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ​អះអាង​ថា កំពុង​ប្រមូល​របាយការណ៍​ផ្សេងៗ​ទាក់ទង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​បឹង​កង្កែប​ដែល​មាន​ដុះ​ព្រៃ​កោងកាង​រាប់​រយ​ពាន់​ហិកតារ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់។

អ្នក​នេសាទ​សមុទ្រ​មាន​ទីលំនៅ​ក្នុង​ឃុំ​បិតត្រាំង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ជា​ថ្មី​ទៀត នៅ​ពេល​ដែល​មាន​ឈ្មួញ​បាន​ដើរ​ប្រមូល​ទិញ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប មាន​ទីតាំង​ជាប់​ឆ្នេរ​សមុទ្រ​រាម ដោយ​មេ​ខ្យល់​ដើរ​ប្រមូល​ទិញ​ដី​ព្រៃ​កោងកាង​ទាំង​នោះ បាន​ប្រើ​ឈ្មោះ​សាច់ញាតិ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ រស់នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាដើម ជួយ​បញ្ជូន​មន្ត្រី​ចុះ​អង្កេត​ពី​សកម្មភាព​ដើរ​រក​ទិញ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​ផ្ទៃ​បឹង​កង្កែប​ឲ្យ​បាន​ឆាប់។

ជាង​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​សង្គ្រោះ​ដី​ព្រៃ​កោងកាង និង​ផ្ទៃ​បឹង​កង្កែប មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​សមុទ្រ​រាម ក្បែរ​ព្រលាន​យន្តហោះ​កងកេង មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ឡើង​វិញ។ ពលរដ្ឋ​អះអាង​ថា សព្វថ្ងៃ​នេះ ដី​ព្រៃ​កោងកាង និង​ផ្ទៃ​បឹង​ទាំងមូល ត្រូវ​ឈ្មួញ​មាន​ទ្រព្យ មន្ត្រី​មាន​អំណាច និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ និង​ចាក់​ដី​លុប​បឹង​ធម្មជាតិ​មួយ​នេះ​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ។

ក្រុម​ប្រជាពលរដ្ឋ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គាំទ្រ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​៤ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​មាន​ប្រសិទ្ធភាព។

បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ បាន​ទទូច និង​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​សង្គ្រោះ​បឹង​កង្កែប និង​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ ដែល​ត្រូវ​មន្ត្រី​មាន​អំណាច និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​នេះ ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្លង​មក។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ទទួល​ស្គាល់​ថា ថ្មីៗ​នេះ​មាន​លេច​ឮ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ជុំវិញ​បឹង​កង្កែប អះអាង​ថា មាន​ភរិយា​របស់​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បាន​ដើរ​ប្រមូល​ទិញ​ដី​ពី​បុគ្គល​ផ្សេងៗ​ដែល​មាន​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ដោយ​យក​ឈ្មោះ​សាច់ញាតិ​របស់​ប្រមុខ​ដឹកនាំ​ធ្វើ​ជា​ខ្នង​បង្អែក។

ដី​ចំណី​មាត់​បឹង​កង្កែប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Den Ayuthyea
ដី​ចំណី​មាត់​បឹង​កង្កែប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​បឹង​កង្កែប ស្នើ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​បញ្ហា​ទើប​កើត​ឡើង​ថ្មីៗ ជុំវិញ​ការ​ប្រមូល​ទិញ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បឹង​កង្កែប​នេះ​ឲ្យ​បាន​ឆាប់៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ដក​ហូត​ដី​ព្រៃ​កោងកាង​ដែល​មាន​ប្លង់​កម្មសិទ្ធិ ដោយ​លុប​ចោល ឬ​និរាករណ៍​ប្លង់​កម្មសិទ្ធិ​ទាំងនោះ​ចោល ប៉ុន្តែ​បែរ​ជា​ពេល​នេះ មាន​ស្ត្រី​ភរិយា​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ម្នាក់ បាន​យក​ឈ្មោះ​កូន​នាយក​រដ្ឋមន្ត្រី​មក ទៅ​ដើរ​ប្រមូល​ទិញ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​វិញ។ ខ្ញុំ​គិត​ថា ទង្វើ​នេះ គឺ​ជា​ការ​ផ្គើន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី»

ស្រដៀង​គ្នា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ជា​ថ្មី​ម្តង​ទៀត សំណូមពរ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​សង្គ្រោះ​បឹង​ធម្មជាតិ គឺ​បឹង​កង្កែប មក​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ឡើង​វិញ។ លោក​អះអាង​ថា សព្វថ្ងៃ​នេះ ដី​ព្រៃ​កោងកាង​ដែល​ដុះ​នៅ​ជុំវិញ​បឹង​កង្កែប និង​ផ្ទៃ​បឹង​កង្កែប​ទាំងមូល​មាន​ទីតាំង​នៅ​ឃុំ​បិតត្រាំង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​បុគ្គល​មាន​អំណាច​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក និង​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ខ្លះ បាន​ឃុបឃិត​ជាមួយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​នេះ ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក។ លោក​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន​នេះ បឹង​ធម្មជាតិ​នៃ​បឹង​កង្កែប​ត្រូវ​គេ​ចាក់​ដី​លុប​ព្រៃ​កោងកាង និង​លុប​ផ្ទៃ​បឹង​ជា​បន្តបន្ទាប់ ដោយ​បាន​បោះ​បង្គោល​កំណត់​ព្រំ​ដី​ម្ចាស់​រៀងៗ​ខ្លួន ខ្លះ​ចាប់​ពី​ដី​គោក​រហូត​ដល់​ផ្ទៃ​ក្នុង​ទឹក​បឹង ដើម្បី​ដាំ​ចម្ការ​ដូង ឬ​សង់​សំណង់​ផ្សេងៗ ក្នុង​នោះ លោក អ៊ុក សីហា មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ក៏​មាន​ចំណែក​ដី​នៅ​ជាប់​បរិវេណ​បឹង​កង្កែប ដោយ​បាន​ដាំ​ចម្ការ​ដូង​នៅ​លើ​ដី​នោះ​ជា​ភស្តុតាង៖ «ក្នុង​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល​ចង់​មើល​ឃើញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ​អនុវត្ត​ច្បាប់​នេះ នៅ​តែ​ធូរ​រលង់។ ទោះ​បី​ជា​មាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​រួច​ហើយ​ក៏ដោយ ក៏​ស្ថាប័ន​ដែល​ទទួល​បន្ទុក​ដឹកនាំ​ការ​ស្រាវជ្រាវ និង​ពិនិត្យ​ឈាន​ដល់​និរាករណ៍​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ចំណី​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​ទាំងនោះ នៅ​តែ​មិន​ទាន់​មាន​ចំណាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ ដូច្នេះ សូម​មន្ត្រី​ជំនាញ​ត្រូវ​ពន្លឿន​សកម្មភាព​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​ដែល​ចេញ​រំលោភ​ទៅ​លើ​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​កន្លង​មក ឲ្យ​បាន​ឆាប់ ហើយ​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ឲ្យ​បាន​ទូលំទូលាយ»

ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ដូច្នេះ កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​គ្រា​ពួក​គេ​ទទួល​បាន​ព័ត៌មាន​មក​ថា ថ្មីៗ​នេះ​មាន​ឈ្មួញ​ដើរ​ទិញ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ពី​បុគ្គល​ដែល​អះអាង​ជា​ម្ចាស់​ដី បាន​បន្ត​កើត​មាន​ចាប់​តាំង​ពី​ដើម​ខែ​សីហា មក។

យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ថា មិន​ទាន់​បាន​ព័ត៌មាន​មេ​ខ្យល់​ដើរ​ប្រមូល​ទិញ​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ហើយ​ប្រើ​ឈ្មោះ​សាច់ញាតិ​ប្រមុខ​ដឹកនាំ​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ​ទេ។ លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ កន្លង​មក បាន​ឲ្យ​នាយ​ខណ្ឌ​ជលផល​ខេត្ត​នេះ​ចុះ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ផ្ទៃដី​ព្រៃ​កោងកាង ដែល​ត្រូវ​កាន់​កាប់​ដោយ​បុគ្គល​ឯកជន និង​ដី​ព្រៃ​កោងកាង ដែល​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​មន្ទីរ​ស្ថាប័ន​ជំនាញ ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ​ពិនិត្យ និង​មាន​វិធានការ​បន្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ពិនិត្យ​សើរើ​ឡើង​វិញ​ចំពោះ​ការ​ចេញ​ប្លង់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ទៅ​លើ​ដី​ព្រៃ​កោងកាង​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ ដើម្បី​ឈាន​ដល់​និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេង​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង។ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​ចេញ​ជា​ដុំ​កំភួន ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ក្រសួង​ទាំង​ពីរ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល