សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២៤ មករា បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលតវ៉ា ការចុះអនុវត្តសាលដីកាតុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
ពលរដ្ឋមានជម្លោះដីធ្លី ដែលរងការបង្ក្រាប ដោយសមត្ថកិច្ចចម្រុះ ហៅការបាញ់បង្ក្រាបពលរដ្ឋ ជាអំពើឃោរឃៅមិនអាចទទួលយកបាន។ លោក ពិសិដ្ឋ នារី មានផ្ទះ និងដីនៅតំបន់មានជម្លោះបានរៀបរាប់ថា កងកម្លាំងចម្រុះ នៅខេត្តព្រះសីហនុ ប្រដាប់ដោយអាវុធ និងខែល បានតាមវាយបំបែកពលរដ្ឋ តវ៉ាតាំងពីម៉ោងប្រមាណ៩ ព្រឹក និងបានចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ ម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។ ពលរដ្ឋរូបនេះ បន្តថា ពេលនេះ អ្នកភូមិម្នាក់ៗ កំពុងព្រួយបារម្ភពី សុវត្ថិភាព អ្នកខ្លះរត់ចោលផ្ទះ អ្នកខ្លះមិនហ៊ានចេញពីផ្ទះ រង់ចាំប្រមូលសម្ភារៈខ្លះ ព្រោះភ័យខ្លាច អាជ្ញាធរយកគ្រឿងចក្រមកឈូសកម្ទេច៖ « ខ្ញុំនៅក្នុងទិដ្ឋភាពផ្ទាល់។ ការបាញ់សាហាវណាស់បង។ បាញ់ឥឡូវត្រូវ២នាក់ ឥឡូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយ ហើយ៤នាក់ទៀត ចាប់ខ្លួនទៅស្នងការខេត្តព្រះសីហនុដែរ។ អាហ្នឹង ព្រោះតំបន់ដែលគេ ( កងកម្លាំងចម្រុះ ) បានវាយបែកព្រឹកមិញនៅចន្លោះវត្តអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុហ្នឹង ឆ្លងពីស្ពានវត្តអូរត្រេះហ្នឹងទៅវាចូលទៅដល់ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយអ៊ីចឹងឆ្លងពីហ្នឹងប្រជាជនដាក់បារ៉ាស់ ហាមឃាត់ ដុតកង់ឡាន ផងអ៊ីចឹងណាបង។ ដល់ឥឡូវពេលអាជ្ញាធរវាយបែកហើយ អាជ្ញាធរចែកជា២ផ្លូវទៀត។ ១ផ្លូវទៅកាន់ពយម៉ាចូវ ១ផ្លូវទៅតាមអង់តែន០១២។ អ៊ីចឹង កំពុងតែតវ៉ាប្រតាយប្រតប់គ្នា ខ្លាំងដែរ ហើយខ្ញុំ ( ពេលនេះ ) ក៏មិនបានទៅចូលរួមដែរ ( ព្រោះ ) ផ្ទះខ្ញុំនៅខាងក្រោមនេះដែរណាបង។ ( នៅ ) មើលថែផ្ទះខ្លួនឯង ក្រែងលោថា មានហេតុការណ៍ អ្វីបន្តទៅទៀត នៅ ផ្ទះអាចជញ្ជូនឥវ៉ាន់ អ៊ីចឹងទៅណាបង » ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ដែលបានចុះទៅឃ្លាំមើលករណីនេះ រៀបរាប់ថា ខាងមន្ត្រីតុលាការខេត្ត ប្រាប់អ្នកស្រី ថា នេះជាការចុះអនុវត្តសាលដីកាតុលាការកំពូលលើដីមានជម្លោះ។ អ្នកស្រី បន្តថា នៅម៉ោងប្រហែល៩ព្រឹក កងកម្លាំងចម្រុះរាប់រយនាក់ បានរៀបចំក្បួនដើម្បីបង្ក្រាប ប៉ុន្តែរងការតបតពីពលរដ្ឋ ដោយពលរដ្ឋបានគប់ដុំថ្ម ដុតកង់ឡាន គប់ដបសាំង ដើម្បីប្រឆាំងការចុះបង្ក្រាបនោះ។ សមត្ថកិច្ចបានសម្រុកចូលចាប់ពលរដ្ឋ ២ដង ប៉ុន្តែបរាជ័យ លុះដល់ម៉ោងប្រមាណជាង ១០ព្រឹក ដោយមានការណែនាំផ្ដល់យោបល់ពីភាគីឧកញ៉ា លោក ស៊ីវ គង់ទ្រីវ ឆ្ការដៃឆ្ការជើង សមត្ថកិច្ចបានបំបែកជាពីរផ្លូវ និងបាញ់ជាច្រើនគ្រាប់ មុនចាប់បានពលរដ្ឋ ៦នាក់។
ក្រៅពីកងកម្លាំងចម្រុះរាប់រយនាក់ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រ ឬហៅថា អេស្ការវ៉ាទ័រ ចំនួន ៤គ្រឿង ឡានបាញ់ទឹកមួយគ្រឿង ទៅតំបន់ដីមានជម្លោះ ក្នុងពេលអនុវត្តសាលដីកាតុលាការកំពូលនោះ។ អ្នកស្រី ជាប សុធារី សង្កេតឃើញថា ២នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឯ ៤នាក់ទៀត ត្រូវបានបញ្ជូនទៅស្នងការខេត្ត។ អ្នករងរបួសទាំង ២នាក់ ម្នាក់រងរបួសធ្ងន់ ត្រូវមួយគ្រាប់កាំភ្លើងបៀមនៅត្រង់សួត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះសីហនុ និងបញ្ជូនបន្តជាបន្ទាន់ មកមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឯម្នាក់ទៀត រងរបួសស្រាល ឃើញមានស្នាមជាំ វាយដំលើខ្លួន៖ « ពេលដែលចូលបាន គឺបាញ់កាំភ្លើងខ្លាំងមែនទេ ដូចនៅក្នុងសមរភូមិអ៊ីចឹង ... ចាប់ ៦នាក់ហ្នឹង គឺ២នាក់ មានរបួស។ ក្នុង ២នាក់មានរបួស ម្នាក់របួសធ្ងន់ គឺត្រូវស្មា ហើយថាគ្រាប់កាំភ្លើងហ្នឹង ធ្លាយចូលទៅដល់សួត។ គេយកមកមន្ទីរពេទ្យ ( ខេត្ត ) ខ្ញុំខំមកមន្ទីរពេទ្យ ខាងមន្ទីរពេទ្យហ្នឹង គាត់ប្រាប់ថា គេបានបញ្ជូនយកទៅភ្នំពេញហើយ ដោយសារតែរបួសធ្ងន់ គ្រាប់ហ្នឹង វាទៅបៀមក្នុងសួត។ នៅពេលដល់មន្ទីរពេទ្យ ( ខេត្ត ) ហ្នឹង គ្រូពេទ្យហ្នឹងនិយាយថា អ្នករងរបួសហ្នឹង ជាកម្មករសំណង់ ហើយគាត់ឃើញគេតវ៉ារឿងហ្នឹង គាត់គេប្រើដូចថា អាថៅកែធ្វើសំណង់ប្រើមកធ្វើអ្វីទេ ហើយគាត់មក មកទិញហ្នឹង ឃើញគេអ៊ីចឹង ក៏ឈរមើលទៅ ដល់ពេលគេបាញ់មកត្រូវបណ្ដោយ។ ម្នាក់ទៀតហ្នឹង ត្រូវរបួសមុខ ត្រូវអ្វីហ្នឹង អ្នកនៅមន្ទីរពេទ្យហ្នឹង ដែលគេយកគាត់មកមន្ទីរពេទ្យហ្នឹងថា វាយ មិនមែនត្រូវគ្រាប់កាំភ្លើងទេ គឺត្រូវគេវាយ»។
ពលរដ្ឋមានជម្លោះដីធ្លី ប្រាប់ថា មិនបានដឹងច្បាស់ថា ដីមានទំនាស់មានទំហំជាក់ស្ដែងប៉ុន្មានហិកតារ ឬ ពលរដ្ឋប៉ុន្មាននាក់កំពុងរស់នៅទេ ប៉ុន្តែគ្រាន់តែលឺថា មុនឆ្នាំ២០០២ តំបន់ដីទំនាស់ ដែលអាជ្ញាធរចុះបង្ក្រាបពលរដ្ឋ យកដី ជារបស់ឈ្មួញម្នាក់ឈ្មោះឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង សួន។ លោកថា នៅឆ្នាំ២០០២ រដ្ឋសម្រេចដាក់ដីនេះ ជាដីគម្របព្រៃឈើរបស់រដ្ឋ ហើយមានពលរដ្ឋខ្លះ បានកាប់រានទន្ទ្រានរស់នៅ និងមានខ្លះ ទិញតគ្នា ដោយគ្មានអាជ្ញាធរណា រារាំងឡើយ។ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែលេចលឺ ថា ដីនោះជារបស់ឈ្មួញទៅវិញ។
កាលពីថ្ងៃទី១៧ មករា ក្រុមកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្លាប់បានចុះទៅវាស់វែងដីមានជម្លោះ ឲ្យ ភរិយាឧកញ៉ា ស៊ីវ គង់ទ្រីវ គឺ អ្នកស្រី លោកស្រី ហុង សួន ម្ដងរួចមកហើយ ប៉ុន្តែ មិនបានសម្រេច ព្រោះក្រុមអ្នកភូមិគគីរ រាប់រយនាក់ បាននាំគ្នាពង្រាយកង់ឡាន ដុតតវ៉ាមិនឲ្យវាស់វែង។ មន្ត្រីសមាគម អាដហុក អ្នកស្រី ជាប សុធារី ប្រាប់ថា ខាងមន្ត្រីតុលាការខេត្តព្រះសីហនុ ប្រាប់អ្នកស្រីថា ភាគីទាំងពីរធ្លាប់សម្របសម្រួលគ្នា២សារហើយ ប៉ុន្តែគ្មានដំណោះស្រាយ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន ជាច្រើនដង ប៉ុន្តែមិនលើកទូរស័ព្ទ។ អាស៊ីសេរីមិនទាន់អាចទាក់ទង ពីភាគីខាង ឧកញ៉ា ស៊ីវ គង់ទ្រីវ និងភរិយា លោកស្រី ហុង សួន ទេ មកលើម៉ោងផ្សាយនេះ។
ពលរដ្ឋភូមិគគីរម្នាក់ទៀត អ្នកស្រី លឹម សារ៉េត អះអាងថា ពួកគេរស់នៅភូមិគគីរច្រើនឆ្នាំហើយ មិនដែលស្គាល់ឈ្មោះ ឧកញ៉ា ស៊ីវ គង់ទ្រីវ ទេ ហើយសកម្មភាពពលរដ្ឋតវ៉ាដុតកង់ឡាន និងគប់ដុំថ្ម គឺ ដើម្បី ការពារ កុំឲ្យកងកម្លាំងចម្រុះ រុលគ្រឿងចក្រមកឈូសកម្ទេចផ្ទះពួកគេ មិនមានចេតនាប្រឆាំងឬវាយសម្លាប់សមត្ថកិច្ច ដូចការបាញ់រះមកលើពលរដ្ឋទេ។ ពលរដ្ឋរូបនេះ ឲ្យដឹងទៀតថា ក្រោយពេលកងកម្លាំងចម្រុះបាញ់រះ និងចាប់ខ្លួនពលរដ្ឋតវ៉ា បង្ខំឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀត រត់ភៀសខ្លួន ឡើងភ្នំអូរត្រេះ ខណៈសមត្ថកិច្ច បានឈូសកម្ទេចផ្ទះ និងផលដំណាំរបស់ពលរដ្ឋ មួយចំនួនធំនៅតំបន់បឹងព្រលិត ផ្នែកខាងលើវត្តអូរត្រេះ ក្នុងភូមិគគីរ៖ « ចាស ! ពួកប្រជាពលរដ្ឋរត់ហើយ គ្រាន់តែគេ ( កងកម្លាំងចម្រុះ ) បាញ់ហ្នឹង នៅអង្កាល់ទៀត ប្រែន ចែកផ្លូវគ្នា។ ប៉ុន្តែពួកខាងគាត់ ( កងកម្លាំងចម្រុះ ) ហ្នឹង ចូលឈូសឆាយបានហើយ។ ពួកខាងគាត់ហ្នឹង ចូលឈូសឆាយ កំពុងតែឈូសឆាយ នៅតំបន់បឹងព្រលិត ខាងលើវត្តអូរត្រេះហ្នឹងណា ចាស។ ចាស ! កំពុងតែឈូសផ្ទះប្រជាពលរដ្ឋហ្នឹង ចាស ! ឥឡូវថា ឈូសទាំងយប់ឈូសទាំងថ្ងៃ គាត់ដាក់កម្លាំងមកគ្រប់ជ្រុងជ្រោយទាំងអស់ ព័ទ្ធជុំវិញពួកប្រជាពលរដ្ឋអស់ហើយ។ ចាស ! ពួកប្រជាពលរដ្ឋរត់មកនៅលើភ្នំ មកនៅផ្ដុំគ្នាលើភ្នំទាំងអស់ ហើយអាកន្លែងបឹងព្រលិតហ្នឹង ពួកប្រជាពលរដ្ឋកំពុងតែយំស្រែក អត់មានផ្ទះ អត់មានសម្បែងនៅទេ ពួកគាត់នោះ កំពុងតែរត់ហើយ»។
ពលរដ្ឋរងការបាញ់បង្ក្រាបករណីជម្លោះដីធ្លីនៅភូមិគគីរ ឃុំបិតត្រាំង ហៅទង្វើបាញ់រះបង្ក្រាបពលរដ្ឋបែបនេះថា ជាទង្វើឃោរឃៅ មិនសមជាមន្ត្រីបម្រើពលរដ្ឋ។ ពួកគេអំពាវនាវ ឲ្យសមត្ថកិច្ចបញ្ឈប់សកម្មភាពនេះ ហើយផ្ដល់ឱកាស ឲ្យពលរដ្ឋមានតំណាងត្រឹមត្រូវ ដើម្បីចរចារកដំណោះស្រាយដោយសន្តិវិធី៕







កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។