តុលាការ​កំពូល​សម្រេច​ឲ្យ​សកម្មជន​បឹងកក់​ពីរ​នាក់​រួច​ពី​បទ​ចោទ

ដោយ ម៉ៅ សុធានី
2024.02.27
តុលាការ​កំពូល​សម្រេច​ឲ្យ​សកម្មជន​បឹងកក់​ពីរ​នាក់​រួច​ពី​បទ​ចោទ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី ថ្លែងនៅមុខ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី២៧ កុម្ភៈ ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

តុលាការ​កំពូល​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ បាន​សម្រេច​ឲ្យ​សកម្មជន​បឹងកក់ ចំនួន​២​នាក់ គឺ​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី និង​លោកស្រី ឆេង លាភ ឲ្យ​រួច​ពី​ការចោទប្រកាន់​ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់​» ពាក់ព័ន្ធ​នឹង​ពលរដ្ឋ នៅ​បឹងកក់ បាន​នាំគ្នា​តវ៉ា​ដក​លោក​ស្រី លី មុំ ចេញ​ពី​តំណាង​សហគមន៍ ក្រោយ​រក​ឃើញ​ថា លោកស្រី លី មុំ គប់គិត​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច ដែល​បាន​រំលោភ​យក​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់ កាល​ពី​ឆ្នាំ​២០១២។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី ដែល​មាន​វ័យ ៨៣​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ កុម្ភៈ ថា លោកស្រី​មិន​បាន​ចូលរួម​ស្ដាប់​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ទេ ដោយ​ទទួល​ដំណឹង​ពី​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ពី​មេធាវី។

លោកស្រី​មិន​បាន​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​ទេ ព្រោះ​លោកស្រី មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​លោកស្រី​អះអាង​ថា លោកស្រី​ជា​ជនរងគ្រោះ នៃ​អំពើ​ហិង្សា ដែល​ត្រូវ​បាន​គេ​គប់​ដោយ​ដុំ​ថ្ម​បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ក្បាល។ លោកស្រី​ស្នើ​ដល់​តុលាការ​ស្វែងរក​ជន​បង្ក​មក​ទទួល​ទោស​តាម​ច្បាប់។

លោកស្រី ង៉ែត ឃុន៖ «ខ្ញុំ​ចង់​សំណូមពរ​ថា ចង់​ដឹង​ថា ប្រព័ន្ធ​តុលាការ​ហ្នឹង​យុត្តិធម៌​ឯករាជ​ឲ្យ​បាន​សន្តិភាព​ពិតប្រាកដ បើសិនជា​អីចឹង​មែន ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រកមុខ​អ្នក​វៃ​ប៉ង​សម្លាប់​ខ្ញុំ​ហ្នឹង បែកក្បាល​ហ្នឹង ខ្ញុំ​ចង់​ឲ្យ​លោក ហ៊ុន ម៉ាណែត រក​ភាព​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

កាល​ពី​ថ្ងៃ​ទី៧ កញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​រក្សា​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​ដីធ្លី​បឹងកក់​ល្បី​ឈ្មោះ​លោកស្រី ទេព វន្នី លោកស្រី ង៉ែត ឃុន និង​លោកស្រី ឆេង លាប រួម​ទាំង​ស្ត្រី​បឹងកក់ ៣​នាក់​ផ្សេងទៀត ទុក​ជា​បាន​ការ​ដដែល ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជេរប្រមាថ​ជា​សាធារណៈ និង​គំរាមកំហែង​ថា នឹង​សម្លាប់។ ដើមបណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺជា​អតីត​តំណាង​សហគមន៍​បឹងកក់​ម្នាក់ គឺ​លោកស្រី លី មុំ ។ ពួកគាត់​អះអាង​ថា មូលហេតុ ដែល​លោកស្រី លី មុំ ប្ដឹង​ពួកគាត់​ហើយ​តុលាការ ចាត់​វិធានការ​យ៉ាង​អយុត្តិធម៌​នេះ បន្ទាប់​ពី​ពួកគាត់ រួម​ទាំង​ពលរដ្ឋ​នៅ​បឹងកក់​ផ្សេង​ទៀត នាំគ្នា​តវ៉ា​ដក​លោកស្រី លី មុំ ចេញពី​តំណាង​សហគមន៍ ក្រោយ​រក​ឃើញ​ថា លោកស្រី លី មុំ គប់គិត​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច ដែល​បាន​រំលោភ​យក​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់។ សំណុំ​រឿង​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ពួកគាត់​ទាំង​៦​នាក់​ជាប់​ពន្ធនាគារ ៦​ខែ ប៉ុន្តែ​ព្យួរទោស​ពោល​គឺ​ពុំ​ត្រូវ​ជាប់ឃុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។