តុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅតំណាងពលរដ្ឋ១០នាក់នៃសហគមន៍ឡពាងដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។ ការបង្គាប់ឲ្យអ្នកឡពាងចូលខ្លួនបំភ្លឺជាលើកទី២នេះ គឺដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល លើបណ្ដឹងរបស់ពួកគេប្ដឹងមោឃភាពកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៤ ជាមួយក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
ចៅក្រមនៃតុលាការក្រុងភ្នំពេញ លោក សំ ប៊ុនពៅ នៅថ្ងៃទី១៥ កុម្ភៈ បង្គាប់ឲ្យពលរដ្ឋ១០នាក់តំណាងឲ្យពលរដ្ឋជាង៤០០គ្រួសារ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវចូលខ្លួនបំភ្លឺម្ដងទៀត នៅថ្ងៃទី ២៨ មិនា ក្នុងនាមជាសហដើមចោទ។
តំណាងពលរដ្ឋ លោកស្រី អ៊ុំ សុភី យល់ថា តុលាការហាក់មិនមានឆន្ទៈដោះស្រាយបណ្ដឹងឲ្យពួកគាត់ ដែលជាពលរដ្ឋក្រីក្រ ហើយមិនចេះអក្សរនោះឡើយ ដោយតម្រូវឲ្យរកឯកសារពិតប្រាកដនៃកិច្ចព្រមព្រៀងដាក់ជូនតុលាការ។ ពួកគាត់មិនដឹងថា ទៅរកសំណៅឯកសារពិតទាំងនោះនៅទីណាទេ។ តំណាងពលរដ្ឋនេះ ស្នើសុំឲ្យតុលាការក្រុងភ្នំពេញប្រើសិទ្ធិអំណាចរបស់ខ្លួន បង្គាប់ឲ្យភាគីក្រុមហ៊ុនបង្ហាញកិច្ចព្រមព្រៀងនោះ ព្រោះថា មានតែក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ទេ ដែលមានឯកសារពិតប្រាកដទាំងអស់នោះ។
ចំពោះឯកសារដែលជូនតុលាការកាលពីលើកមុន ក្រឡាបញ្ជីប្រាប់ពួកគាត់ថា គឺពុំត្រឹមត្រូវតាមការចង់បានរបស់ចៅក្រមទេ៖ «ចង់ក្រោយហ្នឹង ខ្ញុំចង់ឲ្យតុលាការកោះហៅក្រុមហ៊ុន ហើយយកកិច្ចព្រមព្រៀង ឲ្យលោក ផាក់ ពៅស៊ាង បង្ហាញកិច្ចព្រមព្រៀងរបស់ប្រជាពលរដ្ឋធ្វើឡើងថ្ងៃទី៤ ខែ៤ឆ្នាំ២០១៤ យកមកឲ្យប្រជាពលរដ្ឋមើលមើល៍។ ឲ្យអ្នកដែលចេះអក្សរអានមើល ថាគាត់ធ្វើហ្នឹងវាត្រឹមត្រូវឬអត់។ ដោយសារតែកិច្ចព្រមព្រៀងហ្នឹង ធ្វើឡើងដោយគ្មានអ្នកចេះអក្សរចូលរួម។ ហើយសូម្បីតែជាចៅហ្វាយស្រុកដែលជាគណៈកម្មការ អត់ដឹងរឿងហ្នឹងផង ឲ្យខ្ញុំទទួលយ៉ាងមិច។ អញ្ចឹងបានក្រុមហ៊ុន មានចេតនាធ្វើបាបអ្នកឡពាងខ្ញុំ ធ្វើឲ្យពួកខ្ញុំទទួលរងអយុត្តិធម៌។ ហើយយើងឃើញថារឿងហ្នឹង ដោយសារតែមានអ្នកធំនៅពីក្រោយខ្នងហើយ បានជាគេមិនព្រមដោះស្រាយឲ្យពួកខ្ញុំសោះ»។
អាស៊ីសេរី មិនអាចទាក់ទង តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បីឆ្លើយតបនឹងការទាមទារពីខាងពលរដ្ឋឲ្យភាគីក្រុមហ៊ុន បង្ហាញកិច្ចព្រមព្រៀងនោះ ជូនតុលាការ បាននោះទេ។
ប្រធានប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា តាមនីតិវិធី កិច្ចព្រមព្រៀងអ្វីក៏ដោយ គឺត្រូវតែមាននៅគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ មិនអាចមាននៅម្ខាង ហើយម្ខាងទៀតគ្មាននោះទេ នោះគេមិនហៅថាជាកិច្ចព្រមព្រៀងឡើយ។ លោក អំ សំអាត សង្កេតឃើញថា ពលរដ្ឋក្រីក្រឬក៏អ្នករងគ្រោះ មានលទ្ធភាពតិចណាស់ដែលទទួលបានយុត្តិធម៌ពេញលេញពីប្រព័ន្ធតុលាការ ជាពិសេសនៅក្នុងរឿងក្ដីរវាងពលរដ្ឋជាមួយក្រុមហ៊ុន ឬក៏មានអ្នកមានអំណាច៖ «បើនិយាយពីសំណុំរឿង។ រឿងនេះជារឿងរដ្ឋប្បវេណី។ ដល់សំណុំរឿងរដ្ឋប្បវេណី តុលាការសំអាងលើភស្តុតាង។ ដល់អ៊ីចឹង ! ពួកគាត់ពិបាករកភស្តុតាង ដល់អ៊ីចឹងយើងមើលលទ្ធភាពនៃការឈ្នះក្ដីរបស់គាត់ដូចជាពិបាកដែរ។ ទោះបីយ៉ាងណា យើងនៅតែសង្ឃឹមថា ចំពោះអ្នកឡពាងដែលរងគ្រោះរ៉ាំរ៉ៃនេះ តុលាការនឹងផ្ដល់យុត្តិធម៌សម្រាប់គាត់»។
កាលពីថ្ងៃទី៧ ខែកុម្ភៈ សហគមន៍ឡពាងដែលមកពីកំពង់ឆ្នាំង បានដាក់ភស្តុតាងជូនតុលាការក្រុងភ្នំពេញ ដែលពួកគាត់រកបានពីកាសែតកោះសន្តិភាព ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ កិច្ចព្រមព្រៀងឬសំណងគោលនយោបាយ ដែលចុះផ្សាយក្នុងកាសែតក្នុងស្រុក សរសេរថា ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) បានផ្ដល់ថវិកាឲ្យតំណាងពលរដ្ឋម្នាក់ឈ្មោះ រាជ សីម៉ា ៧ពាន់ដុល្លារ សម្រាប់សំណងការឈូសឆាយផ្ទះសម្បែងនិងផលដំណាំ ហើយថវិកា១ម៉ឺនដុល្លារផ្សេងទៀត ជាថ្នូរនឹងការបញ្ឈប់សកម្មភាពចេញដើរតវ៉ារឿងដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ប៉ុន្តែខាងប្រជាពលរដ្ឋ ថាពួកគាត់មិនដែលទទួលបានទឹកប្រាក់ដូចការចុះផ្សាយនោះម្ដងណាឡើយ។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំមកហើយ។ ភាគីក្រុមហ៊ុន បានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា គឺប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងពេលខ្លះមានប្រើអំពើហិង្សាផងក៏មាន។ កាលពីឆ្នាំ២០១៣ របបលោក ហ៊ុន សែន បានផ្ដល់ដីសម្បទាននៅតំបន់មានជម្លោះនេះ ទៅឲ្យក្រុមហ៊ុនចិនថែមទៀត ខណៈពលរដ្ឋនៃឃុំតាជេស នៅមិនទាន់ទទួលបានដោះស្រាយនៅឡើយ។
សហគមន៍ឡពាង ស្នើសុំមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក្រសួងរៀបចំដែនដី និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់ នូវដំណោះស្រាយឬសំណងដែលអាចទទួលយកបាន គឺទាមទារឲ្យភាគីក្រុមហ៊ុនទទួលស្គាល់ដីធ្លីរបស់ពួកគាត់ ហើយប្រសិនបើ ក្រុមហ៊ុនចង់បានដីពលរដ្ឋយកទៅអភិវឌ្ឍន៍ ត្រូវទិញពីពលរដ្ឋទៅតាមតម្លៃទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
