ចៅក្រមតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ ចេញដីកាកោះអ្នកភូមិឡពាង៣នាក់បន្ថែមទៀត ឲ្យទៅឆ្លើយបំភ្លឺនៅតុលាការម្នាក់មួយថ្ងៃគឺចាប់ពីថ្ងៃទី៦ដល់ទៅទី៨ ឧសភា ក្នុងដំណើរការនីតិវិធីត្រៀមសម្រាប់ការទាញរកហេតុផល ក្នុងបណ្ដឹងសុំសិទ្ធិគ្រប់គ្រងដី ពីអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងធនធានរ៉ែនិងថាមពល។
អ្នកភូមិឡពាងជាស្ត្រីបីនាក់ដែលត្រូវតុលាការកោះហៅនេះ មានឈ្មោះ កែវ សុខា អាយុ ៣៧ឆ្នាំ ស៊ុំ ថុន អាយុ ៥៨ឆ្នាំ និងឈ្មោះ យ៉ង់ ប៊ុត អាយុ ៦៤ឆ្នាំ។
ក្នុងរឿងក្ដីក្ដាំនៅតុលាការនេះ មានអ្នកភូមិឡពាង ១៣នាក់ហើយ ត្រូវតុលាការក្រុងភ្នំពេញកោះហៅពួកគាត់ឲ្យទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់ ចាប់តាំងពីចុងខែ មិនា ក្នុងសំណុំរឿងប្ដឹងមោឃភាពកិច្ចព្រមព្រៀងឆ្នាំ២០១៤ និងរឿងសុំសិទ្ធិគ្រប់គ្រងដី។
ក្រៅពីនេះ តុលាការក្រុងភ្នំពេញ ក៏បានចេញដីកាបង្គាប់មួយ តម្រូវឲ្យអ្នកភូមិឡពាងជាង៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេ.ឌី.ស៊ីជាង១៣ឆ្នាំមកនេះ បង់ប្រាក់ប្រដាប់ក្ដីក្រៅពន្ធចូលតុលាការ ក្នុងមួយគ្រួសារ ៤០ម៉ឺនរៀល។ ប៉ុន្តែអ្នកឡពាង ថា ពួកគាត់គ្មានលទ្ធភាពបង់ប្រាក់ដ៏ច្រើនបែបនេះ ទៅតាមការកំណត់របស់តុលាការបានទេ ដោយសារតែជីវភាពខ្វះខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។