សហគមន៍ព្រៃឈើមួយនៅខេត្តឧត្ដរមានជ័យចោទប្រកាន់អាជ្ញាធរសង្កាត់បន្សាយរាក់ ក្រុងសំរោង ថាឃុបឃិតជាមួយអាជ្ញាធរភូមិធ្វើលិខិតលក់ដីសហគមន៍ទៅឲ្យឈ្មួញធ្វើស្តង់ដំឡូងមី។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរលក់ដីសហគមន៍គឺជាទង្វើខុសច្បាប់។
សហគមន៍ការពារព្រៃនៅឃុំបន្សាយរាក់ និងមន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យអាជ្ញាធររបបលោកហ៊ុន សែន ចាត់វិធានការណ៍ផ្លូវច្បាប់ជាបន្ទាន់ លើអាជ្ញាធរ ដែលបានធ្វើលិខិតលក់ដីរបស់សហគមន៍ ដើម្បីរក្សាដីព្រៃឲ្យបានគង់វង្ស។
តំណាងសហគមន៍ព្រៃឈើរំដួលវាសនាឃុំបន្សាយរាក់ លោក ម្លិះ ហឿត ឲ្យដឹងនៅថ្ងៃទី៨ មិថុនាថា ចៅសង្កាត់រងទី១ សង្កាត់បន្សាយរាក់ ឃុបឃិតជាមួយអាជ្ញាធរភូមិអូរបាត់ដាវធ្វើលិខិតផ្ទេរសិទ្ធិលក់ដីសហគមន៍ដីព្រៃរំដួលវាសនា ទទឹង ៦០ម៉ែត្រ និងបណ្ដោយជាង ១០០ម៉ែត្រ ឲ្យទៅអ្នកមានទ្រព្យយកទៅធ្វើជាកម្មសិទ្ធិឯកជន។ លោក ម្លិះ ហឿត អះអាងទៀតថា ដីនេះឈ្មួញបានឈូសឆាយទៅជាទីវាលស្រឡះ ហើយក៏បានចាប់ធ្វើស្តង់បណ្ដើរៗ ទៀតផង៖ «យើងមិនចង់ឲ្យកើតជាស្តង់ទេ ព្រោះបើកើតស្តង់នឹងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀត អាចនឹងទៅទន្ទ្រានយកដីធ្វើកម្មសិទ្ធិដូចគ្នា។ កាលពីជំហានទៅទី១ ខាងសហគមន៍ និងមន្ត្រីរដ្ឋបាលព្រៃឈើបានទៅហាមឃាត់ ហើយយើងចុះទៅម្ដងទៀត ស្រាប់តែគេសាងសង់រួចបានពាក់កណ្ដាលទៅហើយ » ។
អាស៊ីសេរីមិនអាចទាក់ទងចៅសង្កាត់បន្សាយរាក់ លោក ប្រាក់ សារ៉ន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ មិថុនា ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ប៉ុន្តែលិខិតផ្ទេរសិទ្ធិដីធ្លី ដែលចុះហត្ថលេខានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចៅសង្កាត់រងទី១ បន្សាយរាក់ លោក ពីស ពីរ៉ាភឿង នឹងមានការបញ្ជាក់ពីមេភូមិអូរបាត់ដាវ លោក ភួង ភឿ ដោយបានឯកភាពគ្នាប្រគល់សិទ្ធិកាន់កាប់ដីធ្លីទំហំ ៦ពាន់ម៉ែត្រការ៉េ (៦.០០០) នៅភូមិអូរបាត់ដាវ ដែលជាដីសហគមន៍ព្រៃឈើរំដួលវាសនា ទៅឲ្យឈ្មោះ ទុយ ឃឿន ភេទប្រុស អាយុ ៥៤ឆ្នាំ ធ្វើជាម្ចាស់កម្មសិទ្ធិ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន លើកឡើងថា អាជ្ញាធរមិនមានសិទ្ធិធ្វើលិខិតផ្ទេរសិទ្ធិដីព្រៃសហគមន៍ប្រគល់ឲ្យជនណាម្នាក់ធ្វើជាកម្មសិទ្ធិផ្ទាល់បាននោះទេ ព្រោះជាដីសាធារណៈរបស់រដ្ឋ។ លោក ស្រី ណារ៉េន អះអាងទៀតថា អាជ្ញាធរដែលពាក់ព័ន្ធក្នុងរឿងនេះ ត្រូវមានទោសបទល្មើសឧក្រិដ្ឋ៖ «ហើយពិសេសមែនទែននឹងចង់ឲ្យអាជ្ញាធរពាក់ព័ន្ធរឿងនឹងចាត់វិធានការ ជាពិសេសបណ្ដឹងទៅតុលាការតែម្ដងទៅ ដើម្បីទប់ស្កាត់កុំមានការបំផ្លាញព្រៃឈើបន្តទៀត » ។
លោក ស្រី ណារ៉េន បន្ថែមទៀតថា ជាទូទៅករណីអាជ្ញាធរដែលឃុបឃិតគ្នាធ្វើលិខិតលក់ដីព្រៃសហគមន៍នៅខេត្តឧត្ដរមានជ័យកើតមានជាច្រើនកន្លែង ហើយកន្លងមកសហគមន៍ក៏តែងតែដាក់ពាក្យប្ដឹងទៅតុលាការដើម្បីឲ្យចាត់វិធានការទៅជនប្រព្រឹត្តទាំងនោះដែរ ក៏ប៉ុន្តែគ្មានដំណោះសូម្បីតែមួយករណីនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សំគាល់ទៀតថា ចំណែកឯប្រជាពលរដ្ឋស្លូតត្រង់វិញ ប្រសិនបើពួកគាត់ទន្ទ្រានព្រៃសហគមន៍ គឺតុលាការតែងតែចាត់វិធានការបានយ៉ាងឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
