ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង​នាំគ្នា​តវ៉ា​ជាថ្មី រឿង​ក្រុមហ៊ុន​យក​ដីធ្លី​ពួកគាត់​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី ដោយ​គ្មាន​ផ្ដល់​សំណង

ដោយ ជីវិតា
2021-07-05
Share
ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង​នាំគ្នា​តវ៉ា​ជាថ្មី រឿង​ក្រុមហ៊ុន​យក​ដីធ្លី​ពួកគាត់​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី ដោយ​គ្មាន​ផ្ដល់​សំណង ទិដ្ឋភាពពលរដ្ឋ​នៅ​ក្បែរ​ពលានយន្តហោះថ្មី​ តវ៉ា​រក​ដំណោះស្រាយ
Photo: RFA

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ នៅក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ដី​មាន​ជម្លោះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ជាថ្មី​ទៀត ករណី​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) រំលោភ​យក​ដីធ្លី​និង​ផ្ទះសម្បែង​ពួកគាត់ ទៅ​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ជាមុន​។ ពួកគាត់ អះអាង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​មាន​ជិត​៤០០​គ្រួសារ មិនមែន​មានតែ​១៥​គ្រួសារ ដូច​របាយការណ៍​អាជ្ញាធរ​ខេត្ត​ដាក់​ទៅ​ថ្នាក់លើ​នោះ​ទេ។

វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជាង​៣​ឆ្នាំ​មកនេះ កើត​មាន​រវាង​ពលរដ្ឋ​ចំនួន​៣​ឃុំ ក្នុង​ខេត្ត​កណ្ដាល និង​១​ឃុំ​ក្នុង​ខេត្តតាកែវ ជាមួយ​ក្រុមហ៊ុន​OCIC របស់​ឧកញ៉ា ពុង ឃាវសែ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយសារតែ​ការចរចា​រក​ដំណោះស្រាយ​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ មិន​ត្រូវរ៉ូវ​គ្នា​រឿង​តម្លៃ​ដី។

តំណាង​ប្រជាពលរដ្ឋ លោក ទួន វណ្ណៈ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង​៣​រយ​នាក់ ដែល​មកពី​ឃុំ​បឹង​ខ្យា​ង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង ឃុំ​ពត់សរ នៃ​ស្រុក​បាទី ខេត្ត​តាកែវ បាន​ជួបជុំគ្នា​ក្បែរ​ទីតាំង​ដី​មាន​ជម្លោះ នៅ​ថ្ងៃទី​៤ ខែកក្កដា ដោយ​មិន​មាន​ការរារាំង​ពី​អាជ្ញាធរ​និង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​នោះ​ទេ។

លោក​បន្ត​ថា ការ​ជួប​ជុំគ្នា​នេះ ដើម្បី​រៀបចំ​ញត្តិ និង​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​ដែនដី និង​ក្រសួងយុត្តិធម៌ ក្រោយពី​អាជ្ញាធរ​ខេត្តកណ្តាល​នៅតែ​ផ្ដល់​ជម្រើស​ជូន​ពលរដ្ឋ ឲ្យ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​១​ម៉ែត្រការ៉េ តម្លៃ​៨​ដុល្លារ ឬ​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​។ លោក បញ្ជាក់ថា តម្លៃ​ដី​ដែល​ពលរដ្ឋ​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ពេល​បច្ចុប្បន្ន​នេះ ក្នុង​១​ម៉ែត្រការ៉េ គឺ​ចន្លោះ​ពី​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ។

តំណាង​ពលរដ្ឋ​នេះ រំពឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជិត​៤០០​គ្រួសារ ឲ្យ​ទទួល​សំណង​សមរម្យ ដែល​អាច​ទទួល​យក​បាន ដើម្បី​ផ្លាស់​ទី​ទៅ​រស់នៅ​ទីតាំង​ថ្មី ដែល​មាន​មុខរបរ​ត្រឹមត្រូវ​អាច​ចិញ្ចឹម​គ្រួសារ​បាន៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ព្រលាន​យន្តហោះ​ហ្នឹង មាន​៤០០​គ្រួសារ​។ ហើយ​សូម​ឲ្យ​សម្ដេច​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​តាម​តម្លៃ​ទីផ្សារ​ដែល​ទទួល​យក​បាន ឬក៏​ខ្ញុំ​លក់​ពី​កន្លែង​ហ្នឹងហើយ ខ្ញុំ​ទៅ​ទិញ​កន្លែង​ផ្សេង​បាន»

អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយតប​រឿង​ពី អភិបាលស្រុក​កណ្ដាលស្ទឹង លោក អ៊ូច សៅវឿន និង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៤ កក្កដា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល​។​

ទោះបីជា​យ៉ាងណា លោក គង់ សោភ័ណ្ឌ ធ្លាប់​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​កន្លងទៅ​ថា តម្លៃ​ដី ដែល​បាន​ដាក់​ជូន​ប្រជាពលរដ្ឋ​នោះ គឺជា​តម្លៃ​ទិញ​លក់​សមរម្យ​ហើយ​។ អភិបាលខេត្ត​រូប​នេះ បញ្ជាក់​ថា នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​បន្ត​ទៀត ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​បន្ត​ចូលរួម​ពិភាក្សា​ជាមួយ​អាជ្ញាធរ។

ទាក់ទង​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា ករណី​ជម្លោះដីធ្លី​នេះ មិនមែន​មានតែ​នៅ​ខេត្ត​កណ្ដាល​មួយ​ទេ សឹងតែ​ទូទាំ​ងប្រទេស​ទៅ​ហើយ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ចេញមុខ​តវ៉ា​ទាមទារ​សំណង​សមរម្យ​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន ព្រោះថា​សំណង​ដែល​ក្រុមហ៊ុន​ទាំងនោះ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទទួលយក គឺមាន​ចំនួន​តិចតួច ដែល​ពលរដ្ឋ​មិនអាច​ទៅ​រក​ទិញ​ដី និង​ធ្វើ​ផ្ទះ​នៅ​ទីតាំង​ថ្មី​បានទេ ក្រោយ​ចាក​ចេញពី​ទីតាំង​ចាស់។

លោក​បន្ត​ថា ខាង​អាជ្ញាធរ​ខេត្តកណ្ដាល​និង​ក្រសួង​ពាក់ព័ន្ធ គួរ​ធ្វើ​របាយការណ៍​វាយតម្លៃ​អំពី​ហេតុ និង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នោះ ដោយ​បើកចំហ ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​តាមដាន ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បង្ហាញ​អំពី​តម្លាភាព និង​ភាព​ជឿជាក់​បាន​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ជូន​ប្រជា​ពលរដ្ឋ។

លោ​​​​​​កយល់​ថា អាជ្ញាធរ​ខេត្ត ក្រសួង​ពាក់ព័ន្ធ​រួម​ទាំង​ភាគី​ក្រុមហ៊ុន គួរ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ភាពស្មោះត្រង់ បើ​មិន​ដូច្នោះ​ទេ ការតវ៉ា​ពី​ពលរដ្ឋ​នឹង​កើតមាន​ជា​បន្តបន្ទាប់​៖ «បើ​ស្ដាប់​ទៅ ឮ​ថា​នឹង​យក​ញត្តិ​ទៅមក​ខុទ្ទកាល័យ​សម្ដេច​អ៊ីចឹង អាហ្នឹង​ជា​បញ្ហា​មួយ​។ ឃើញ​ទេវា​កើតឡើង​ហើយ​។ ជា​បទពិសោធន៍​តើ​ហ្នឹង​ជា​ដំណោះស្រាយ​សមរម្យ ដែល​ចប់​ទេ គឺថា​អត់​ទេ​។ ជាពិសេស​គឺ​អាជ្ញាធរ​ខេត្ត​គួរតែ​ពិចារណា​មើល បើ​មិន​អ៊ីចឹង​មានការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​កំឡុង​ពេល​មាន​កូវីដ​១៩​ហ្នឹង វា​ធ្វើ​ឲ្យ​បន្ទុក​ហ្នឹង​ធ្លាក់​ទៅ​រដ្ឋ​វិញ​ទេ​។ បើសិន​ជា​មាន​ការ​ឆ្លង មានការ​អី​ដែល​ធ្វើ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ទៅ»

គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី លើ​ផ្ទៃដី ជិត​បី​ពាន់​ហិកតារ (.៦០០)​នេះ មាន​ភាព​ចម្រូងចម្រាស់​តាំង​ពី​ដើម​មក ដោយសារ អាជ្ញាធរ បាន​កំណត់​តម្លៃ​ដី ក្នុង​មួយ​ម៉ែត្រការ៉េ​ចន្លោះ ពី​៣​ដុល្លារ ដល់​៨​ដុល្លារ​។ គម្រោង​នេះ លាត​សន្ធឹង ឬ​គ្របដណ្ដប់​លើ​ឃុំ​៤ គឺ​ឃុំ​បឹង​ខ្យា​ង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ឃុំ​ពត់​សរ នៃ​ស្រុក​បាទី ខេត្តតាកែវ​។​

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ​២០២៣​។ ព្រលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ (.៥០០​លាន)

ព្រលាន​យន្តហោះ​ថ្មី​នេះ ជា​ប្រភេទ​ព្រលាន​សម្រាប់​ចុះចត​យន្តហោះ​ធំៗ ដែល​អាច​ហោះហើរ​ឆ្លង​ទ្វីប ដូចជា ប្រភេទ​យន្តហោះ​ធុន​យក្ស អ៊ែរ​.​បើ​ស (Airbus A380-800) និង ប៊ូ​អ៊ីង (Boeing 747-800) ជាដើម​។ ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះ បាន​បង្កប់​នូវ​ទឹកភ្នែក​របស់​កសិករ​ជាច្រើន​គ្រួសារ ដោយសារ​ការ​កាត់​ដី​តាម​អនុក្រឹត្យ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ របស់​រដ្ឋាភិបាល ក្នុង​ទំហំ​ប្រហែល​ជិត​បី​ពាន់​ហិកតារ​នោះ (.៦០០)​នោះ ជាន់​លើ​ដី​ស្រែ របស់​ពលរដ្ឋ យ៉ាងហោចណាស់ បួន​រយ​គ្រួសារ (៤០០)

ក្រុម​តំណាង​ពលរដ្ឋ​ទាំង​៤​ឃុំ ប្រកាន់​ជំហរ​ថា បើ​ក្រុមហ៊ុន​ឯកជន និង​អាជ្ញាធរ មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ទេ ពួកគាត់​មិន​ព្រម​ប្រគល់​ដីស្រែ និង​ដី​លំនៅឋាន ឲ្យ​អភិវឌ្ឍន៍​ជាដាច់ខាត​។ ពួកគាត់​បញ្ជាក់​ថា នឹង​បន្ត​ការ​តវ៉ា និង​នៅ​ការពារ​ដី​របស់​ខ្លួន រហូត​ដល់​ទី​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល