ពលរដ្ឋ​រងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្នើ​តុលាការ​​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ

ដោយ ខាន់ លក្ខិណា
2024.04.18
ពលរដ្ឋ​រងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្នើ​តុលាការ​​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ ពលរដ្ឋ​ដែល​អះអាង​ថា បាន​ដាក់​ទុន​រក​ស៊ី​​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​ (Brilliant City) របស់​​អ្នក​ស្រី ឡេង ចាន់ណា តវ៉ា និង​ទាមទារប្រាក់​​របស់​ពួក​គាត់​​​ពី​​ក្រុមហ៊ុន​វិញ កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ពលរដ្ឋ​រងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ទទូច​ជា​ថ្មី​ទៀត​ទៅ រដ្ឋាភិបាល និង​តុលាការ ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ពួក​គាត់ កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ រហូត​ដល់​អ្នក​ខ្លះ​បែកបាក់​គ្រួសារ និង​ខ្លះ​ទៀត ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​ក៏​មាន។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​តុលាការ​ខេត្តសៀមរាប​ប្រកាស​ថា បាន​បង្កក​គណនី ធនាគារ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហើយ​សំណុំរឿង​នេះ ត្រូវ​ធ្វើ​ការ​ស៊ើបសួរ​ទៅ លើ​បុគ្គល​ពាក់ព័ន្ធ​ច្រើន​នាក់​ទៀត ដើម្បី​បន្ត​តាម​នីតិវិធី។

ប្រជាពលរដ្ឋ​រងគ្រោះ ដែល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) លើក​ឡើង​ថា ពួក​គាត់​នឹង​រង​ទុក្ខ​វេទនា​ខ្លាំង ប្រសិនបើ​តុលាការ​នៅ​តែ​មិន​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​នោះ។

ពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង លោកស្រី សុខ ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែមេសា​ថា ពួក​គាត់​នឹង​មិន​នៅ​ស្ងៀមស្ងាត់​ទៀត​ឡើយ ប្រសិនបើ​តុលាការ​នៅតែ​អូស​បន្លាយ ឬ​ពន្យារ​ពេល​ដោះ​ស្រាយ។

លោកស្រី សុខ ណា៖ «នៅ​តែ​តវ៉ា​ឱ្យ​ទាល់តែ​បាន ពាក្យ​ថា ទាល់តែ​បាន មិន​ថា ឆ្នាំ​ហ្នឹង​មិន​ថា ឆ្នាំ​ណា​ទាល់តែ​បាន និយាយ​ពាក្យ «ទាល់តែ​បាន»។ និយាយ​រួម​ទៅ​ដល់​ភ្នំពេញ! ឡើង​ភ្នំពេញ​ទៅ​ដល់​សៀមរាប ហើយ​សៀមរាប​មក​ភ្នំពេញ ឱ្យ​តែ​មាន​លទ្ធភាព​បន្តិចបន្តួច នាំ​គ្នា​ជិះ​ធ្វើ​ដំណើរ​បាតុកម្ម​ទៅ អាច​ធ្វើ​ដំណើរ​ទៅ​ដាក់ [ញត្តិ] ទៅ​សម្ដេច អាច​ធ្វើ​បាន​ធ្វើ។ សាមគ្គី​គ្នា និយាយ​រួម​សាមគ្គី​គ្នា​ធ្លុង​តែ​មួយ យើង​តស៊ូ​យក​លុយ​យើង​មក​វិញ»

លោកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល និង​តុលាការ ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់។

លោកស្រី សុខ ណា៖ «ខ្ញុំ​សូម​ឱ្យ​តែ​ពន្លឿន​ឱ្យ​លឿន និយាយ​រួម​ខ្ញុំ​សូម​តែ​ពន្លឿន​រឿង​ហ្នឹង​ឱ្យ​លឿន។ សំខាន់​អ្នក ដែល​គ្នា​ដូច​ខ្ញុំ​អី​រង​ទុក្ខ​រឿង​ធនាគារ ពិបាក​ធនាគារ មួយ​ថ្ងៃ​ចូល​មក​ថ្នាក់ ជួន​កាល​អង្វរ ជួន​កាល​ចង់​បញ្ចប់​ជីវិត​ទៀត ដោយសារ​តែ​រឿង​លុយ​យើង​ហ្នឹង។ នឹក​ឃើញ​ច្បាប់​តែ​ធ្វើ​ឱ្យ​មាន​ហើយ ខុស​ហើយ​ហ្នឹង​ត្រូវ តែ​ដល់​ពេល​ប្រជាពលរដ្ឋ​មាន​ទុក​លំបាក ទៅ​គាត់​ជា​គាត់​និយាយ ដូច​ការ​ឡើង​ទៅ​ប្រជុំ​អី​គាត់​ថា ឱ្យ​ចូល​ទៅ​ដំណោះស្រាយ ទាំង ២៥រូប ទាំង​អី ដល់​ពេល​ហើយ​គ្មាន​ទេ ថ្ងៃ​នេះ ថ្ងៃ​នោះ»

ពលរដ្ឋ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដែរ​ថា លោកស្រី​ចង់​ឱ្យ​តុលាការ​ពន្លឿន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់ ពីព្រោះ​សព្វថ្ងៃ កូន​របស់​ពួក​គាត់​បាន​លែងលះ​គ្នា និង​ខ្លះ​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ។

លោកស្រី៖ «សព្វថ្ងៃ​មាន​តែ​ទឹក​ភ្នែក​ទេ ខ្ញុំ​និយាយ​មិន​ចេញ។ ខ្ញុំ​ចង់​ឱ្យ​ជួយ​ផ្ដល់​ដំណឹង​ទៅ​រដ្ឋាភិបាល ព្រមទាំង​តុលាការ សូម​ឱ្យ​ពន្លឿន​រឿង​នេះ ឱ្យ​បាន​លឿន​បំផុត ប្រជាជន​ជិត​ស្លាប់​អស់​ហើយ»

ការ​ទទូច​ជា​ថ្មី​នេះ គឺ​បន្ទាប់​ពី​សាលា​ដំបូង​ខេត្តសៀមរាប កាល​ពី​ថ្ងៃ​ទី១៧ ខែមេសា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា តុលាការ​បាន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥ នាក់ ហើយ​បង្គាប់​ឱ្យ​នាំ​ខ្លួន ២នាក់​ទៀត រីឯ​ជន​ត្រូវ​ចោទ​ចំនួន ២៤ នាក់ តុលាការ ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន ចន្លោះ​ពី​ថ្ងៃ​ទី១៨ ខែមេសា ដល់​ថ្ងៃ​ទី១៧ ខែឧសភា ខាងមុខ។

ក្រៅ​ពី​នេះ តុលាការ ក៏​បាន​បង្កក​គណនី​ធនាគារ​ចំនួន១៨៣ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ហើយ​កំពុង​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ និង​សាវតារ​របស់​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត។

តុលាការ​ថា សំណុំ​រឿង​នេះ ត្រូវ​ធ្វើ​ការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល ដែល​មាន​ការ​ពាក់ព័ន្ធ​ច្រើន​នាក់​បន្ត​ទៀត ហើយ​ចំនួន​ជន​រង​គ្រោះ ក៏​មាន​ច្រើន ដែល​ទាមទារ​ពេល​វេលា​សមរម្យ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​អស់​លទ្ធភាព ក្នុង​ន័យ​ស្វែងរក​ការ​ពិត ដើម្បី​ដោះ​ស្រាយ​ជូន​ជន​រង​គ្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា តុលាការ​ខេត្តសៀមរាប បាន​ឃុំ​ខ្លួន​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត តាម​ពាក្យ​បណ្ដឹង របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ពួក​គាត់ សរុប​ជាង ៣០០លាន​ដុល្លារ។ ក្រោយ​ពី​ឃុំ​ខ្លួន តុលាការ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់ អ្នកស្រី ឡេង ចាន់ណា ដើម្បី​លក់​សង​ម្ចាស់​បំណុល។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង ខេត្តសៀមរាប លោក យិន ស្រាង និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែមេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា ក្រៅពី​ចំណាត់​ការ​ផ្លូវ​ច្បាប់ រដ្ឋាភិបាល​ត្រូវ​មាន​ចំណាត់​ការ​បន្ទាន់​មួយ​ទៀត រក្សា​ស្ថានភាព និង​ជីវភាព​របស់ ប្រជាពលរដ្ឋ​រង​គ្រោះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្លាក់​ក្នុង​វិបត្តិ​បំណុល។

លោក វ៉ន ចាន់ឡូត៖ «ធ្វើ​យ៉ាង​ម៉េច​ស្ដារ​ស្ថានភាព​របស់​ជន​រង​គ្រោះ​ពី​ការ​ឆបោក​នេះ។ ហើយ​ខ្ញុំ​បញ្ជាក់​ដដែល បើ​សិន​ក្រុមហ៊ុន​មិន​អាច​មាន​លទ្ធភាព​សង ឬ​ក៏​ផ្ដល់​នូវ​ប្រាក់​ចំណេញ​ជូន​ចំពោះ​ពលរដ្ឋ​ទៀត យ៉ាង​ហោច​ណាស់ គឺ​ត្រូវ​ធានា​រក្សា​ស្ថានភាព​ដើម។ មាន​ន័យ​ថា ពី​មុន​ពេល​ពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ ពី​ការ​ឆបោក​នេះ គាត់​ស្ថានភាព​យ៉ាង​ម៉េច​ពី​មក​ដើម គឺ​រដ្ឋាភិបាល​ត្រូវតែ​មាន​ចំណាត់​ការ​រក្សា​ស្ថានភាព​ដើម ដើម្បី​ធ្វើ​យ៉ាង​ម៉េច កុំ​ឱ្យ​ពួក​គាត់​ធ្លាក់​ទៅ​ក្នុង​វិបត្តិ»

លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាល និង​សមត្ថកិច្ច គួរ​ធ្វើការ​ស៊ើប​អង្កេត រវាង​ទំនាក់ទំនង​អ្នកស្រី ឡេង ចាន់ណា និង​មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ស៊ាន បូរ៉ាត ព្រមទាំង​អ្នក​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​បោស​សំអាត​ឧក្រិដ្ឋជន ឬ​អ្នក​ឆបោក ដើម្បី ធានា ថា កម្ពុជា គឺ​ជា​ប្រទេស​អំណោយ​ផល​ទៅ​ដល់​អ្នក​វិនិយោគិន ប្រកបដោយ សុចរិត​ភាព។

ពលរដ្ឋ​រង​គ្រោះ​អះអាង​ថា អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក តែងតែ​ថត​រូបភាព ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អះអាង​ជា​ច្រើន​ដង​ថា មេ​ដឹកនាំ​រូប​នេះ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួក​គាត់ ហើយ​មន្ត្រី​ចុះ​ទៅ​ជួប​ពួក​គាត់ ក៏​មាន​តំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជឿ និង​មាន​ទំនុក​ចិត្ត​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។