ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​ប្រើ​ទាហាន​ឈូស​ឆាយ​ដី​ដំណាំ​ពួក​គាត់​ដើម្បី​ធ្វើ​ផ្លូវ


2019-03-05
Share
បញ្ហាដីធ្លី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ 030519 ទាហាន​ដែល​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន មេត្រីភាព ចុះ​ឈូស​ដី​ចម្ការ​ពលរដ្ឋ នៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០១៩ ដើម្បី​ធ្វើ​ផ្លូវ​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​ដោះស្រាយ​ជម្លោះ​ដី​នៅ​ពេល​ខាង​មុខ។
Provided photo

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ មេត្រីភាព នៅ​ឃុំ​យាង​ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ អះអាង ខាង​ក្រុមហ៊ុន​របស់​ឧកញ៉ា អាន ម៉ារឌី ប្រើ​ប្រាស់​កម្លាំង​ទាហាន​ ឈូស​ឆាយ​ដី​ចម្ការ​ពួក​គាត់ ដើម្បី​បើក​ផ្លូវ​ ទុក​ឲ្យ​អាជ្ញាធរ​ស្រុក​ និង​ខេត្ត​ ធ្វើ​ដំណើរ​មក​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី នៅ​ពេល​ខាង​មុខ។ អង្គការ​សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​​មាន​សកម្មភាព​ពិត​ប្រាកដ ដូច​ការ​លើក​ឡើង​ពី​ប្រជា​ពលរដ្ឋ​មែន នោះ​ខាង​ក្រុមហ៊ុន​ គឺ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត ដែល​ដាក់​ចេញ​កន្លង​មក ហើយ​ក៏​រំលោភ​លើ​បទ​បញ្ជា​របស់​ក្រសួង​ការពារ​ជាតិ​ដែរ។

លោកស្រី ភឹម ម៉ៅ ត្រូវ​ជា​ភរិយា​លោក ស៊ុំ ម៉ឺន ដែល​ជា​ពលរដ្ឋ​កំពុង​បាត់​ខ្លួន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ មីនា​ថា ខាង​ក្រុមហ៊ុន​មេត្រី​របស់​ឧកញ៉ា អាន ម៉ារឌី នៅ​តែ​បន្ត​ប្រើប្រាស់​គ្រឿង​ចក្រ និង​កម្លាំង​ទាហាន​ឈូស​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​អស់​ជា​ច្រើន​ហិកតារ។ ក្នុង​ពេល​ចុះ​ធ្វើ​សកម្មភាព​ឈូស​ដីចម្ការ​អ្នក​ភូមិ​ លោកស្រី ភឹម ម៉ៅ​ ឲ្យ​ដឹង​ថា មាន​ទាហាន ៥នាក់ ក្នុង​ចំណោម​នោះ មាន ៣នាក់​​កាន់​កាំភ្លើង ​៣ដើម។ ពលរដ្ឋ​រូប​នេះ​ឆ្ងល់​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​ឈូស​ឆាយ ដំណាំ​ពួក​គាត់​ ដើម្បី​បើក​ផ្លូវ​ទុក​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក និង​ខេត្ត ធ្វើ​ដំណើរ​ចុះ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ ហេតុ​អ្វី​ខាង​អាជ្ញាធរ​មិន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ជា​មុន៖ «ពួក​ខ្ញុំ​ទៅ​សួរ​ទៅ គេ​ថា​កាយ​ផ្លូវ​ឲ្យ​អភិបាល​ស្រុក​ដើរ ហើយ​ឲ្យ​អភិបាល​ខេត្ត​បើក​ឡាន​ឲ្យ​បាន​ស្រួល។ ប្រជាពលរដ្ឋ​ថា​បើ​ចង់​កាយ ចាំ​មើល​ចៅហ្វាយ​ស្រុក និង​ខេត្ត​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​សិន​ទៅ​ចាំ​កាយ។ ខ្ញុំ​ចង់​សំណូមពរ​ថា ឲ្យ​ចៅហ្វាយ​ខេត្ត និង​ចៅហ្វាយ​ស្រុក​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​សិន ចាំ​សល់​ប៉ុន្មាន​ចាំ​ឈូស​ឆាយ​ទៅ។ ឈូស​ដី​ពលរដ្ឋ​ ឲ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​ឯណា បើ​គ្នា​មក​រស់​នៅ​យូរ​ហើយ។ ហើយ​សូម​ដោះលែង​អ្នក​នៅ​ក្នុង​ពន្ធនាគារ​ផង។ ដូច​ថា​ប្ដី​ខ្ញុំ​ទៅ​បាត់​ហើយ ឲ្យ​បាត់​ទៅ​ចុះ។ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អី​គេ​ដែរ។ លែង​អ្នក​ពន្ធនាគារ ១៤នាក់​ហ្នឹង​មក ហើយ​ឲ្យ​គាត់​រៀប​ចំ​ដី​ប្រជា​ពលរដ្ឋ​ឲ្យ​រួច​រាល់​ហើយ​ចុះ»

ក្រៅ​ពី​នេះ លោកស្រី ភឹម ម៉ៅ ឲ្យ​ដឹង​ដែរ​ថា​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ ក្រុម​ទាហាន​កង​អន្តរាគមន៍​លេខ​៦ ដែល​ការ​ពារ​ដី​ឲ្យ​ក្រុមហ៊ុន​មេត្រីភាព បាន​ដុត​ខ្ទម និង​ផ្ទះ​ពលរដ្ឋ​អស់​ជាង ១៥ខ្នង។

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន មេត្រី​ភាព អះអាង​ថា កាល​ពី​ខែ​មករា​កន្លង​ទៅ កង​អន្តរាគមន៍​នៃ​យោធា​វរ​លេខ២៦១ ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ ឬ​គេ​​និយម​ហៅ​ថា ក្រុម​កងកម្លាំង​ទាហាន​កងពល​លេខ៦ បាន​​ឈូស​កម្ទេច​ផល​ដំណាំ ដុត​ផ្ទះ​ពលរដ្ឋ​លើ​ដី​មាន​ជម្លោះ​ជាច្រើន​ខ្នង ហើយ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ការិយាល័យ​បរិស្ថាន។

ចំណែក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ដី​ធ្លី​មួយ​កន្លែង​នេះ​វិញ អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា សម្រេច​ដាក់​ចេញ​វិធានការ ៥ចំណុច កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម តំណាង​ក្រុមហ៊ុន និង​មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ ៣៣០គ្រួសារ និង​ក្រុមហ៊ុន មេត្រីភាព។

វិធានការ​ទាំង​នោះ​ រួម​មាន បង្កើត​ក្រុម​ការងារ​វាស់វែង និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់ស្ដែង ជំរុញ​ឱ្យ​មាន​ការ​ចុះ​បញ្ជី​ដី​ក្រុមហ៊ុន មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន​កំណត់​ព្រំ​ដី​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

ទោះបី​ជា​មាន​ការ​ដាក់​ចេញ​ជា​វិធាន​ជាក់​លាក់​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ដំណោះស្រាយ​ពិត​ប្រាកដ​នៅ​មិន​ទាន់​លេចចេញ​ជា​ផ្លែផ្កា​នៅឡើយ។

ចំពោះ​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​យោធា​នេះ អភិបាល​ស្រុក​ជាំ​ក្សាន្ត លោក ជៀ គឹមសេង ប្រាប់​អាស៊ី​សេរី​ថា លោក មិន​បាន​ដឹង​​រឿង​នេះ​ទេ៖ «ខ្ញុំ​មិន​ទាន់​បាន​ដឹង​រឿង​ហ្នឹង​ទេ​បាទ។ អត់​ទាន់​ដឹង​ផង​បាទ អត់​ដឹង»

ចំណែក​មេឃុំ​យាង លោក ហ៊ឹម ហឿន មិន​ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ី​សេរី​ ថា​តើ​ពិត​ជា​មាន​សកម្មភាព​ក្រុមហ៊ុន​ឈូស​ឆាយ​ដីចម្ការ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដែរ​ឬ​ទេ។ ប៉ុន្តែ មេឃុំ​រូប​នេះ ​ថា ខាង​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ គឺ​ជា​អ្នក​ដែល​ទៅ​រុក​ទន្ទ្រាន​កាប់​ព្រៃ យក​ដី​ក្រុមហ៊ុន​ដែល​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ត្រឹមត្រូវ៖ «យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​គាត់​យក​លេស​សម្ដេច​អី​មក​និយាយ​ទៅ។ គាត់​ជា​អ្នក​រំលោភ​បំពាន​ទៅ​លើ​ដី​របស់​ក្រុមហ៊ុន​ទេ ព្រោះ​ក្រុមហ៊ុន​គេ​មាន​ច្បាប់​វិនិយោគ​គេ​តាំង​ពី​ថ្ងៃ​ទី៧ ខែ៣ ឆ្នាំ២០១២ មក។ តែ​បើ​អ្នក​មាន​មុន អ្នក​ហ្នឹង​ត្រូវ​ទទួល​បាន​ដី អាជ្ញាធរ​ទទួល​ស្គាល់​នឹង​ដោះស្រាយ​ជូន។ អាជ្ញាធរ​មិន​បដិសេធ​ទេ និង​ព្យាយាម​ដោះស្រាយ​ និង​សម្របសម្រួល​ ឲ្យ​តែ​ប្រជាពលរដ្ឋ​ស្ដាប់​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​អាជ្ញាធរ​បាន​អប់រំ។ ចុះ​បើ​គាត់​នៅ​តែ​កាប់​រុករាន​ដី​ព្រៃ ហើយ​គាត់​ថា​អាស្រ័យ​ផល ៧ ទៅ ៨ឆ្នាំ​ហើយ អត់មាន​ទេ រឿង​ហ្នឹង​អត់​មាន​ទេ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​ប្រើ​កម្លាំង​ទាហាន​ចុះ​ធ្វើ​​សកម្មភាព​ពិត​ប្រាកដ ដូច​ការ​លើកឡើង​ពី​ប្រជា​ពលរដ្ឋ​មែន នោះ​ខាង​ក្រុមហ៊ុន​ គឺ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត ដែល​ដាក់​ចេញ​កន្លង​មក ហើយ​ក៏​រំលោភ​នឹង​បទ​បញ្ជា​របស់​ក្រសួង​ការពារ​ជាតិ​ដែរ។ មន្រ្តី​សិទ្ធិមនុស្ស​រូប ស្នើ​ដល់​អាជ្ញាធរ​និង​ក្រសួង​ការពារ​ជាតិ​ ចុះ​ធ្វើ​អធិការកិច្ច​រឿង​ឲ្យ​បាន​ឆាប់ ដើម្បី​បង្ហាញ​សាធារណៈ​ជន​ថា ពិត​មាន​ជា​មាន​កង​អន្តរាគមន៍​វីរ​យោធា​លេខ​២៦១ ឬ​ហៅ​ថា ក្រុម​​​កងកម្លាំង​ទាហាន​កងពល​លេខ៦ នៅ​ឈរ​ជើង​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​មេត្រី​ ដែរ​ឬ​ទេ៖ «ប្រសិនជា​អ្វី​ដែល​ប្រជា​ពលរដ្ឋ គាត់​លើកឡើង​នេះ​មាន​យោធា បន្ត​នៅ​ក្នុង​ការ​ការពារ ផល​ប្រយោជន៍​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ ហ្នឹង! ខ្ញុំ​គិត​ថា​ក្រសួង​ការពារ​ជាតិ គួរ​ចាត់​វិធានការណ៍​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ពី​ព្រោះ​បើសិនជា​ដូច​ប្រជា​ពលរដ្ឋ​លើកឡើង​នេះ​មែន បាន​ន័យ​ថា​យោធា​ទាំងអស់​នោះ​កំពុង​តែ​អនុវត្ត​ ប្រឆាំង​នឹង​បទ​បញ្ជា​របស់​សម្ដេច​ ទា បាញ់ ​ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហើយ»

កាល​ពី​ដើម​ខែ​មីនា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ដាក់​ចេញ​បទ​បញ្ជា​ដាច់​ខាត​មួយ ​ហាម​មិន​ឱ្យ​មេបញ្ជាការ​គ្រប់​ជាន់​ថ្នាក់ បញ្ជាការ​កង​ទ័ព ចូល​រួម​ក្នុង​សកម្មភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ក្រោយ​ពី​មាន​វត្ត​មាន​ទាហាន ចូល​រួម​ចុះ​អនុវត្ត​សាលដីកា​ក្នុង​ជម្លោះ​ដីធ្លី​ពលរដ្ឋ នៅ​ស្រុក​បិតត្រាំង ​កាល​ពី​ពេល​កន្លង​ទៅ។

លោក ឈុំ សុជាតិ​ បាន​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ក្រសួងការពារជាតិ​នឹង​​ចុះ​ពិនិត្យ​វត្ត​មាន​កងទ័ព​គ្រប់​បញ្ជា​ការដ្ឋាន​ទាំង​អស់ ក្រោយ​ពី​ពលរដ្ឋ​ប្ដឹង​ថា ​មាន​ទាហាន​ឈរ​ជើង​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​មិន​ឲ្យ​ករណី​នេះ​នឹង​មិន​ឲ្យ​កើត​ឡើង​មាន​នោះ​ទេ៖ «បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ហ្នឹង​ហើយ គាត់​ប្រជុំ​កងទ័ព​ទាំងអស់ ដើម្បី​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ហ្នឹង បាន​តឹងរ៉ឹង​បន្ត​ទៀត​ ដើម្បី​កុំ​ឲ្យ​ទៀត ដូច​នៅ​កន្លែង​ព្រះវិហារ ឬ​កន្លែង​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា​បញ្ហា​នេះ យើង​នឹង​ធ្វើ​ទៅ​តាម​នីតិវិធី។ កន្លែង​ណា​ដែល​មាន​បញ្ហា​កើត​ឡើង​ គឺ​យើង​នឹង​ចុះ​ស្រាវជ្រាវ​តាម​នីតិវិធី​ទៀត ដើម្បី​ជម្រះ​ឲ្យ​អស់​បញ្ហា​ដែល​មាន​ទាំង​អស់​ហ្នឹង។ ហើយ​យើង​ក៏​ផ្សព្វផ្សាយ​រួច​ហើយ​ ទៅ​គ្រប់​បញ្ជា​ការដ្ឋាន​កងទ័ព។ អ៊ីចឹង យើង​ត្រូវ​អនុវត្ត​ដាច់​ខាត​បញ្ហា​ហ្នឹង កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស​កងទ័ព​ជាតិ»

ក្រុម​ប្រជា​ពលរដ្ឋ​ជាង​៣៣០​គ្រួសារ ទទូច​ស្នើ​ដល់​អាជ្ញាធរ និង​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ ដោះលែង​អ្នក​ភូមិ​១៤​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​មាន​ក្រុម​ទាហាន​និង​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​ពួកគេ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​​ជិត​២ខែ​មក​ហើយ​។ ពលរដ្ឋ​អះអាង​ថា អ្នក​ទាំង​១៤​នាក់​នោះ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​បរិស្ថាន​ ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុម​អង្គការសង្គម​ស៊ីវិល ក៏​ស្នើ​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ការពារ​ជាតិ​ រួមគ្នា​ចុះ​ធ្វើ​អធិការ​កិច្ច ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពលរដ្ឋ ចៀសវាង​ការ​ចោទ​ប្រកាន់ និង​ប្រឈម​មុខ​ដាក់​គ្នា​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល