ប៉ូលិស​រារាំង​អ្នក​ភូមិ​ថ្មគោល​ដាក់​ញត្តិ​ឲ្យ​ក្រុមហ៊ុន SCA

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រមាណ ៥០​នាក់ បាន​ប្រមូល​គ្នា​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទាមទារ​សុំ​ឲ្យ​ភាគី​ក្រុមហ៊ុន អេស.ស៊ី.អេ (S.C.A) ជា​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ ស្នើសុំ​ជួយ​ដោះស្រាយ​បញ្ហា​ពង្រីក​ព្រលាន​យន្តហោះ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​របស់​ពួក​គាត់។

តំណាង​ពលរដ្ឋ​នៃ​ភូមិ​ថ្មគោល លោកស្រី ច្រាយ នីម ឲ្យ​ដឹង​នៅ​កណ្ដាល​ហ្វូង​អ្នក​តវ៉ា និង​កម្លាំង​ប៉ូលិស​នា​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី២២ ខែ​ឧសភា ថា លោកស្រី និង​ពលរដ្ឋ​អញ្ជើញ​មក​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​បំណង​ឲ្យ​ក្រុមហ៊ុន អេស.ស៊ី.អេ ដែល​ទទួល​បាន​សិទ្ធិ​ពង្រីក​ព្រលាន​យន្តហោះ ចេញ​មក​ទទួល​ញត្តិ និង​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់ និង​ជួយ​ផ្ដល់​សំណង​សមរម្យ។

លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី និង​ពលរដ្ឋ​ដទៃ​ដែល​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ដាក់​ញត្តិ ហាក់​អន់​ចិត្ត​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​មិន​បង្ហាញ​ពី​ភាព​អើពើ​ចំពោះ​ដំណើរ​របស់​ពលរដ្ឋ ដែល​នាំគ្នា​យ៉ាង​សស្រាក់សស្រាំ​មក​ដាក់​ញត្តិ និង​ទាមទារ​ក្រុមហ៊ុន​ផ្ដល់​សំណង​តិចតួច​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ពង្រីក​ព្រលាន​យន្តហោះ។ សកម្មភាព​ដែល​ពលរដ្ឋ​នាំគ្នា​យក​ញត្តិ​មក​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះ ត្រូវ​កង​កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ រារាំង។

ប្រតិកម្ម​តប​នឹង​រឿង​នេះ ស្នងការ​នៃ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មាន​ប្រសាសន៍​ថា កម្លាំង​ដែល​ចុះ​មក​ហាម​ឃាត់​ពលរដ្ឋ​នោះ ក្នុង​បំណង​ការពារ​សណ្ដាប់​ធ្នាប់​សង្គម។ លោក​មាន​ប្រសាសន៍​ទៀត​ថា ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម ឬ​ស្វែង​រក​យុត្តិធម៌​ដោយ​សុំ​ឲ្យ​ក្រុមហ៊ុន ឬ​អ្នក​ណា​មួយ​ដែល​រំលោភ​សិទ្ធិ​ពួក​គាត់ ប៉ុន្តែ​ពួក​គាត់​ក៏​គិត​ដែរ​ថា សកម្មភាព​របស់​ពួក​គាត់​អាច​ធ្វើ​ទៅ​វា​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ដែរ​ឬ​អត់។

អនុរដ្ឋលេខាធិការ​នៃ​អាកាសចរ​ស៊ីវិល និង​ជា​សមាជិក​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក សយ សំខាន់ មាន​ប្រសាសន៍​ថា ការងារ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​តម្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។ បន្ថែម​លើ​នេះ លោក សយ សំខាន់ លើក​ឡើង​ថា បើ​សិន​ប្រទេស​កម្ពុជា យើង​មិន​ធ្វើ​តាម​តម្រូវ​ការ​នៃ​អង្គភាព​អាកាសចរ​ស៊ីវិល​ទេ​នោះ ស្ថាប័ន​អន្តរជាតិ​នេះ​នឹង​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ខ្មៅ។ ដូច្នេះ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​ឈប់​មាន​យន្តហោះ​ឆ្លង​កាត់​ប្រទេស​យើង​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។