ក្រុមអង្គការសង្គមស៊ីវិលទាមទារការស៊ើបអង្កេតត្រឹមត្រូវករណីឃាតកម្មលើលោក កែម ឡី
2016.07.12

អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន ទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតឃាតកម្មលើលោក កែម ឡី ប្រកបដោយឯករាជ្យ និងមានតម្លាភាព ដើម្បីស្វែងរកយុត្តិធម៌ពិត។ ក្រុមអង្គការទាំងនេះយល់ថា ការបាញ់សម្លាប់លោក កែម ឡី ជារឿងដែលពាក់ព័ន្ធដល់បញ្ហា និងដំណើរការនយោបាយ ពិសេសគឺការបោះឆ្នោតនៅពេលខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការស៊ើបអង្កេតត្រឹមត្រូវមួយ មិនត្រឹមតែអាចផ្ដល់យុត្តិធម៌ដល់លោក កែម ឡី និងក្រុមគ្រួសារទេ ថែមទាំងអាចជម្រះមន្ទិលសង្ស័យនានា ព្រមទាំងអាចបន្ធូរស្ថានការណ៍តានតឹង និងបញ្ចប់និទ្ទណ្ឌភាព។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជាបណ្ដុំអង្គការក្នុងស្រុកចំនួន ១១ស្ថាប័ន ដែលចេញនៅថ្ងៃទី១២ កក្កដា បង្ហាញពីការសោកស្ដាយលោក កែម ឡី ដែលជាអ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។ លោក កែម ឡី ជាធនធានមនុស្សមានសក្ដានុពលលើកស្ទួយ និងជំរុញការពិភាក្សាពីការដឹកនាំរបស់រដ្ឋាភិបាលក្នុងបញ្ហានយោបាយ ព្រំដែន សិទ្ធិមនុស្ស ធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ច។ ក្រុមអង្គការដដែលអះអាងថា មានការសង្ស័យជាច្រើននៅក្នុងការផ្ដល់សក្ខីកម្មរបស់ជនសង្ស័យដែលបានផ្សព្វផ្សាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ការស៊ើបអង្កេតករណីនេះគួររួមបញ្ចូលស្ថាប័នឯករាជ្យ និងផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបាន៖ «អនុសាសន៍របស់ខ្ញុំ គឺធ្វើម៉េចឲ្យស្ថាប័នកងកម្លាំងប្រដាប់អាវុធ អ្នកធ្វើការងារអង្កេត និងតុលាការ កុំឲ្យមានពាក់ព័ន្ធជាមួយមន្ត្រីរបស់បក្សជារឿងធំស្នូល។ ព្រឹត្តិការណ៍ធំៗចឹងគួរមានការចូលរួមពីអ្នកឯករាជ្យទៅក្នុងការស៊ើបអង្កេតហ្នឹងផង មានអ្នកជំនាញបរទេស ឬក៏ខ្មែរយើងអ៊ីចឹងដែរ គឺមានគេដែលអាចចូលរួមបាន»។
មិនខុសគ្នានេះដែរ សេចក្ដីថ្លែងការណ៍របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្សស្ដីពីឃាតកម្មលើលោក កែម ឡី បានជំរុញឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតបន្ទាន់មួយប្រកបដោយឯករាជ្យ ចំពោះអំពើឃាតកម្មនេះដែរ។ លើសពីនេះ រដ្ឋាភិបាលត្រូវធានាការពារលើកស្ទួយសិទ្ធិមនុស្ស។
ចំណែកសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួនជិត ១០០ស្ថាប័នផ្សេងទៀត ក៏ទាមទារឲ្យមានការស៊ើបអង្កេតដ៏ឆាប់រហ័សមួយដែរក្នុងករណីឃាតកម្មនេះ។
ក្រុមអង្គការទាំងនេះ ថែមទាំងសង្កត់ធ្ងន់ថា ការយាយីក្រុមអង្គការសង្គមស៊ីវិល ក្រុមបក្សប្រឆាំង និងការបាញ់សម្លាប់លោក កែម ឡី ជះឥទ្ធិពលអវិជ្ជមានផ្ទាល់ទៅលើស្ថានការណ៍នយោបាយ ប្រជាធិបតេយ្យ និងដំណើរការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរស្វាគមន៍ចំពោះការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិល និងថា គោលបំណងរបស់អាជ្ញាធរក៏ប្រាថ្នាចង់បានយុត្តិធម៌ពិតត្រឹមត្រូវដែរ។ ប៉ុន្តែលោកថា សំណុំរឿងនេះកំពុងឋិតក្នុងដៃតុលាការដែលពុំមានច្បាប់ណាអនុញ្ញាតឲ្យមានភាគីផ្សេងចូលរួម ក្រៅពីសមត្ថកិច្ចឡើយ៖ «កុំថាសង្គមស៊ីវិល សង្គមមិនស៊ីវិល សង្គមយោធាក៏ដោយ សង្គមនគរបាល (ប៉ូលិស) ក៏ដោយ ក៏ចង់ឃើញច្បាស់ដែររឿងហ្នឹង ថាជនដៃដល់អ្នកណាជាអ្នកនៅពីក្រោយ ឬអ្នកផ្សំគំនិត ក៏ចង់ឃើញទាំងអស់គ្នាដែរ»។
កាលពីថ្ងៃទី១១ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅអំពើឃាតកម្មលើបណ្ឌិត កែម ឡី ថាជាអំពើឃោរឃៅព្រៃផ្សៃ ហើយលោកចេញបញ្ជាឲ្យសមត្ថកិច្ចធ្វើការឲ្យបានត្រឹមត្រូវម៉ត់ចត់ ស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ បើទោះជាយ៉ាងណា ការប្រកាសនេះត្រូវអង្គការសង្គមស៊ីវិលចាត់ទុកថានៅមិនទាន់គ្រប់គ្រាន់នៅឡើយ៕