អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើឲ្យតុលាការរបបក្រុងភ្នំពេញ ទម្លាក់បទចោទប្រកាន់ពីបទ "ចារកម្ម" ប្រឆាំងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជាបន្ទាន់។
នាយកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ លោក នីកូឡាស បេឃឺលីន (Nicholas Bequelin) មានប្រសាសន៍ នៅក្នុងសេចក្ថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ វិច្ឆិកាថា កាលពីពីរឆ្នាំកន្លងមក ជារឿងគួរឲ្យសោកស្ដាយជាទីបំផុត ដែលអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ដែលជាអ្នកកាសែតក្លាហាន នៅតែជាប់ចោទ និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ ទាំងតុលាការមិនមានភស្ដុតាងគ្រប់គ្រាន់ ដែលជាមូលដ្ឋានយកមកចោទប្រកាន់ប្រឆាំងអ្នកទំាងពីរទេនោះ។
លោកបន្ថែមថា នេះជាការចោទប្រកាន់ទំាងអយុត្តិធម៌ ទៅលើលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលស្ដែងឲ្យឃើញកាន់តែច្បាស់ ចំពោះការប៉ុនប៉ងឥតលាក់លៀម ដើម្បីរារាំងសេរីភាពបញ្ចេញមតិ និងការព្រមាន ឬធ្វើទុក្ខបុកម្នេញយ៉ាងច្បាស់ ដល់អ្នកសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា។
អង្គការលើកលែងទោសអន្តរជាតិ បានសង្កត់ធ្ងន់ថា "ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានឯករាជ្យនេះ នៅខណៈ អ្នកកាសែតគាំទ្ររដ្ឋាភិបាល គឺ "ទទួលបានរង្វាន់" ទៅវិញ។ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានកាត់បន្ថយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ" ។
តុលាការរបបក្រុងភ្នំពេញ បានចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ "ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ" និងបទ "ផលិតវីដេអូអាសអាភាស"។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការបានបន្តរក្សាទុកវត្ថុចាប់យក និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល ធ្វើឱ្យអ្នកទាំងពីរគ្មានសេរីភាពដើរហើរពេញលេញឡើយ។
ក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានចាត់តាំង និងបង្គាប់ឱ្យចៅក្រមស៊ើបសួរ យកសំណុំរឿងអ្នកទាំងពីរ ស៊ើបអង្កេតបន្ថែមទៀត ដែលមិនបានកំណត់ពេលវេលាជាក់លាក់ក្នុងការស៊ើបអង្កេតបន្ថែមទៀតទេ ក្រោយពីតុលាការបើកសវនាការជំនុំជម្រះហើយនោះ ដែលជាហេតុធ្វើឱ្យសំណុំរឿងនេះត្រូវអូសបន្លាយតទៅមុខទៀត ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ បញ្ហានេះ តុលាការក្រុងភ្នំពេញ ក៏រងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ។
នាយកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ លោក នីកូឡាស បេឃឺលីន (Nicholas Bequelin) អំពាវនាវជាថ្មីម្ដងទៀត "សូមឲ្យអាជ្ញាធរកម្ពុជា ត្រូវតែទម្លាក់ចោលការចោទប្រកាន់ក្លែងក្លាយប្រឆាំងនឹងលោក អ៊ួន ឈិន និង លោក យាង សុធា រិន ហើយត្រូវចាត់វិធានការកែសំរួលបន្ថែមទៀត ដើម្បីស្តារសេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជាឡើងវិញ"។ បរិយាកាសនៃការភ័យខ្លាច និងការរឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានដោយខ្លួនឯង ដោយសារតែការគាបសង្កត់ពីអាជ្ញាធរនោះ ត្រូវតែបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។