លោក សាំង វណ្ណៈ មេធាវីមួយរូបក្នុងចំណោម ៦រូប ដែលជួយការពារក្តីឲ្យលោក ពេជ រតនា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២ មិថុនា ថា តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេធាវី ពេជ រតនា ពាក់ព័ន្ធនឹងបទចោទ “ប៉ុនប៉ងសូកប៉ាន់ចំពោះចៅក្រម តាមមាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ”។
លោក សាំង វណ្ណៈ បញ្ជាក់ដោយខ្លីថា លោកមិនអាចសន្និដ្ឋានថាយ៉ាងណានោះទេជុំវិញការចោទប្រកាន់នេះ ពីព្រោះលោកកំពុងសិក្សាសំណុំរឿង។
មាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ បុគ្គលណាដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល ប្រគល់ជូនចៅក្រមនូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីឲ្យចៅក្រមបំពេញកិច្ច ឬមិនបំពេញកិច្ចនៅក្នុងមុខងាររបស់ខ្លួន។
មេធាវី ពេជ រតនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅថ្ងៃទី៣១ ឧសភា និងត្រូវបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា។
ជុំវិញការបញ្ជូនលោក ពេជ រតនា មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ មិថុនា កាសែតក្នុងស្រុកបានចុះផ្សាយថា មានសមាជិកគណៈមេធាវីជិត ១០០នាក់ បានផ្ដិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា។
ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន អះអាងថា លោកមិនទាន់ទទួលបានដំណឹង ឬលិខិតនោះជាផ្លូវការនោះទេ៖ « ចំណុច នេះ ខ្ញុំអត់ទាន់បានទទួលទេ។ ប៉ុន្តែដូចខ្ញុំជម្រាបអ៊ីចឹង គណៈមេធាវី គឺអត់មានជំហរឯណាទៅដោះស្រាយរឿងដោយគ្មានការការពារឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ។ ការផ្ដិត មេដៃ ការស៊ីញ េ ការទាមទារ ឬ ញត្តិទាំង អស់នេះ មិនមែនជានីតិវិធីដែលច្បាប់កំណត់ឲ្យធ្វើបែបហ្នឹងទេ »។
លោក ពេជ រតនា គឺជាមេធាវីនៃការិយាល័យក្រុមមេធាវីយុត្តិធម៌ និងសហការី ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានចូលបម្រើការជាមេធាវីពេញសិទ្ធិនៅឆ្នាំ២០០៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។