គ្រួសារពលករចាញ់បោកមេខ្យល់សុំឲ្យអង្គការលីកាដូជួយ
2011.06.22
មន្ត្រីអង្កេតអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក ស៊ឹង សែនករុណា បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២១ មិថុនា ថា គ្រួសារពលករចំណាកស្រុកចំនួន ៣៧នាក់បន្ថែមទៀត បាននាំគ្នាមកដាក់បណ្ដឹងឲ្យអង្គការលីកាដូ ជួយបងប្អូនកូនចៅពួកគាត់ដែលចំនួននៃជនរងគ្រោះបានកើនឡើងដល់ ៤៨នាក់ ហើយត្រូវបានអ្នកជួញដូរមនុស្ស ឬហៅថា មេខ្យល់នាំទៅលក់នៅប្រទេសថៃ។
លោក ស៊ឹង សែនករុណា បន្តថា ៖ «មកដល់ថ្ងៃនេះ អង្គការយើងបានទទួលបណ្ដឹងចំនួន ៤៨នាក់ហើយក្នុងចំណោមពលករដែលចេញទៅថៃ ជាមួយគ្នាចំនួន ៥៧នាក់ក្នុងថ្ងៃជាមួយគ្នានោះ។ យើងកំពុងធ្វើការរឿងនេះជាបន្តបន្ទាប់ ដោយបញ្ជូនព័ត៌មានទៅការិយាល័យកណ្ដាលនៅភ្នំពេញ ដើម្បីធ្វើអន្តរាគមន៍ជាមួយអង្គការដៃគូ ក៏ដូចជាស្ថានទូតខ្មែរប្រចាំប្រទេសថៃ ឲ្យជួយអន្តរាគមន៍រឿងនេះ...»។
បុរសឈ្មោះ ង៉ែត គ្រី អាយុ ៦៦ឆ្នាំ ប្រជាពលរដ្ឋនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកូន ២នាក់ ត្រូវបានមេខ្យល់នាំចេញទៅប្រទេសថៃ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១១ ជាមួយអ្នកភូមិមួយចំនួនទៀតនោះបានឲ្យដឹងនៅរសៀលថ្ងៃទី២១ មិថុនា ថា បន្ទាប់ពីកូនគាត់បានទូរស័ព្ទពីប្រទេសថៃ មកប្រាប់គាត់ថា វាបានចាញ់បោកមេខ្យល់ គេនាំវាយកមកលក់ឲ្យធ្វើកម្មកររោងចក្រដោយពុំមានប្រាក់ខែ និងទទួលទានមិនឆ្អែតទៀតផង ទើបគាត់មកដាក់បណ្ដឹងឲ្យអង្គការលីកាដូ ជួយយកកូនគាត់មកស្រុកវិញ។
លោកបន្តថា ៖ «ក្នុង ១៥ថ្ងៃ គេទុកឲ្យតែ ២០០បាត។ កូនខ្ញុំវាថា ហូបអត់គ្រប់ ហើយតាមកំណត់នៅថ្ងៃទី២០ វាត្រូវបើកលុយឲ្យម្ដងទៀត តែវាមិនឃើញបើកឲ្យ ដល់សួរទៅគេថា មេខ្យល់បើកយកអស់ហើយ។ អ៊ីចឹងកូនខ្ញុំបានអីហូប ម៉េចធ្វើអ៊ីចឹង!...»។
កាលពីថ្ងៃទី១៦ មិថុនា នគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនមេខ្យល់ដែលនាំពលករខុសច្បាប់ទៅធ្វើកម្មករនៅប្រទេសថៃ ឈ្មោះ សំ ឈុនឡេង បញ្ជូនទៅតុលាការរួចហើយ។
ប្រភពពីក្រុមជនរងគ្រោះដែលកំពុងត្រូវបង្ខំឲ្យធ្វើការនៅរោងចក្រផលិតទឹកផ្លែឈើនៅតំបន់ដាច់ស្រយាលមួយស្ថិតក្នុងភូមិណងក្រះដូង ស្រុកម៉ាងក្រាចុម ខេត្តសុផាន់បូរី ឲ្យដឹងថា ពួកគេបានចេញទៅប្រទេសថៃ នៅថ្ងៃ២៤ ឧសភា ឆ្នាំ២០១១ រួមជាមួយអ្នកភូមិផ្សេងទៀតសរុប ៥៧នាក់។
ព័ត៌មានចុងក្រោយតាមរយៈពលកររងគ្រោះម្នាក់ឈ្មោះ ឈន់ ឈុនលី ភេទប្រុស អាយុ ២៨ឆ្នាំ ឲ្យដឹងតាមទូរស័ព្ទពីប្រទេសថៃ នៅរសៀលថ្ងៃទី២១ មិថុនា ថា បន្ទាប់ពីអាជ្ញាធរខ្មែរបានចាប់មេខ្យល់នៅខេត្តពោធិ៍សាត់ ឈ្មោះ សំ ឈុនឡេង នោះ នៅព្រឹកថ្ងៃ២១ មិថុនា មេការរោងចក្រថៃ បានសម្រេចបណ្ដេញពលករខ្មែរទាំងអស់ចេញពីរោងចក្រដោយពុំមានផ្ដល់លុយកាក់អ្វីទាំងអស់ ៖ «ឥឡូវគេដេញពួកខ្ញុំចេញ ពួកខ្ញុំកំពុងពិបាកចិត្តមិនដឹងជាត្រូវទៅណា ហើយគេបំបែកពួកខ្ញុំចេញពីគ្នាទៀត។ គម្រោងគេយកឡានមកដឹកពួកខ្ញុំចេញ ហើយបើយើងមិនព្រមចេញមិនបានទៀត...»។
ពលករខ្មែររងគ្រោះទាំងអស់បានអំពាវនាវឲ្យអាជ្ញាធរខ្មែរមេត្តាជួយពួកគាត់ជាបន្ទាន់ ព្រោះបន្ទាប់ពីត្រូវបណ្ដេញចេញពីរោងចក្រមិនដឹងថា តើវាសនាពួកគាត់ទៅជាយ៉ាងណានោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តពោធិ៍សាត់ គឺលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អង្គការលីកាដូ កំពុងធ្វើការទាក់ទងជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយសង្គ្រោះពលករទាំងនោះហើយ៕