ប្រទេស​២២​នឹង​ចូល​រួម​ប្រកួត​រត់​ម៉ារ៉ាតុន​នៅ​ក្រុង​ព្រះសីហនុ

មន្ត្រី​រៀបចំ​ប្រកួត​កីឡា​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ នា​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៣ នេះ មាន​កីឡាករ​ចំនួន ២២​ប្រទេស​ដាក់​ពាក្យ​ចូលរួម​ប្រកួត។
ដោយ ដែន អយុធ្យា
2013-03-06
Share
វ៉ាត់ ចំរើន ៣០៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

ការ​ប្រកួត​នេះ​ចែក​ជា ៣​វិញ្ញាសា គឺ​មាន​រត់​ចម្ងាយ ៣​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ២១​គីឡូ​ម៉ែត្រ។ គឺ​វិញ្ញាសា​សំរាប់​មហា​ជន​រត់​សប្បាយ មាន​វិញ្ញាសា​សម្រាប់​ប្រកួត​ពាក់​កណ្ដាល​អាជីព និង​វិញ្ញាសា​ប្រកួត​រត់​អាជីព។ មាន​ចម្ងាយ​ពី ៣​គីឡូម៉ែត្រ ដល់ ២១​គីឡូម៉ែត្រ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន លើក​ទី​២ នា​ខេត្ត​ព្រះសីហនុ នឹង​ធ្វើ​ឡើង​ចុង​សប្ដាហ៍​នេះ។ លោក​ថា ការ​ប្រកួត​នេះ​មាន​កីឡា​ជាតិ និង​អន្តរជាតិ​​ប្រហែល ១​ពាន់​ ទៅ  ២​ពាន់​នាក់​ចូល​រួម។ ការ​ប្រកួត​នេះ នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល ​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ ទី​១០ ខែ​មីនា ឆ្នាំ​២០១៣។

លោក​បន្ត​ថា ព្រឹត្តិការណ៍​ប្រកួត​នេះ​ភូមិសាស្ត្រ​ផ្លូវ​មាន​រត់​ឆ្លង​កាត់​ផ្លូវ ឡើង​ភ្នំ ចុះ​ភ្នំ​ជា​ដើម៖ «ការ​រត់​ហ្នឹង​បាន​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ឡើង​ហើយ ពីព្រោះ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ក្រៅ​ប្រទេស​របស់​យើង​មាន​ការ​ផ្ដល់​ជា​បណ្ដាញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​​បណ្តាញ​​អ្នក​រត់​នៅ​លើ​ពិភពលោក ហើយ​ថា ការ​ផ្សព្វផ្សាយ​តាម​អ៊ីម៉ែល ក៏​មាន​ភាព​​ផុលផុស ហើយ​គេ​​បាន​​កំណត់​ពេល​វេលា​គេ​មក​ចូល​រួម​រត់​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ»

តាម​លោក វ៉ាត់ ចំរើន ​គោលបំណង​នៃ​ការ​រៀប​ចំ​ការ​​ប្រកួត​រត់​ម៉ារ៉ាតុន​នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​បរិស្ថាន​​ល្អ​នៅ​តំបន់​ឆ្នេរ និង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា បាន​ច្រើន​នា​ថ្ងៃ​អនាគត។ លោក​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ប្រកួត​ប្រភេទ​កីឡា​ផ្សេង​ទៀត​ចូល​រួម និង​មាន​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​​ខ្មែរ​ដែរ។

លោក វ៉ាត់ ចំរើន៖ «ការ​រៀប​ចំ​គឺ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​បរិស្ថាន និង​ភាព​ស្អាត​នៃ​តំបន់​ឆ្នេរ​ដែល​ជា​គោល​ដៅ​ទេសចរណ៍ និង​ជា​នយោបាយ​របស់​ក្រសួង​ទេសចរណ៍។ រាល់​ការ​រៀប​ចំ​នេះ គឺ​យើង​ផ្ដោត​ទៅ​លើ​ការ​ចូល​រួម​ការពារ​ និង​ថែរក្សា​បរិស្ថាន និង​ភាព​ស្អាត​នៅ​តំបន់​ឆ្នេរ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​តំបន់​ឆ្នេរ​ទៅ​អន្តរជាតិ»

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង ៤៥០​គីឡូ​ម៉ែត្រ លាត​សន្ធឹង​តាម​ខេត្ត​ចំនួន ៤ គឺ​មាន​កោះកុង ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប ហើយ​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ដាក់​បញ្ចូល​ក្នុង​ក្លឹប​ឆ្នេរ​សមុទ្រ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១១។ ​​បច្ចុប្បន្ន ក្លឹប​នេះ​មាន​សមាជិក​សរុប​ចំនួន ២៧​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល