លោក ហ៊ុន សែន នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រួម​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ដើម្បី​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ប្រទេស​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​រៀបចំ​ធ្វើ​ឡើង​នា​ទីក្រុង​តេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់ ៣១ ខែ​សីហា ឆ្នាំ​២០១២ តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីណឺយ៉ាដ (Mahmoud Ahmadinejad)។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីណឺយ៉ាដ (Mahmoud Ahmadinejad) និង​លោក គឺម យ៉ុងណាម ប្រធាន​គណៈ​ប្រធាន​សភា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​គណៈ​ប្រតិភូ នឹង​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ី-អឺរ៉ុប លើក​ទី២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​១ ដល់​៥ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីក្រុង​អ៊ូវ៉ុនឈី តំបន់​ស្វយ័ត​ស៊ីនជាំងអ៊ុយហ្គរ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នៅ​ទន្ទឹម​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។