បក្ស​កាន់​អំណាច​រំលឹក​ខួប​រណសិរ្ស ២ធ្នូ ដែល​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​ខួប​វៀតណាម​ឈ្លាន​ពាន​កម្ពុជា

0:00 / 0:00

0:00 / 0:00

គណបក្ស​កាន់​អំណាច ​ប្រារព្ធ​ខួប​​ ៤១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​​រណសិរ្ស​​ ២​ធ្នូ នៅ​​សាល​សន្និសីទ​ចតុ​មុខ​រាជធានី​ភ្នំពេញ។ មន្ត្រី​គណ​បក្ស​ប្រឆាំង​ចាត់​ទុក​ថ្ងៃ​ ២​ធ្នូ​ថា ជា​ថ្ងៃ​វៀតណាម ឈ្លានពាន​កម្ពុជា។ ចំណែក​យុវជន​សង្កេត​ឃើញ​ថា ថ្ងៃ​ទី២ ធ្នូ មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​យុវជន​ទេ។

ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​នាំ​គ្នា​ប្រារព្ធ​ខួប​ទី​៤១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​​រណសិរ្ស​២​ធ្នូ ដែល​គណបក្ស​កាន់​អំណាច​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​បុព្វហេតុ​នៃ​ការ​រស់រាន​មាន​ជីវិត​ឡើងវិញ​របស់​ជាតិ​ មាតុភូមិ និង​ប្រជាជន​កម្ពុជា។ ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក ហេង​ សំរិន ជា​អ្នក​ដឹកនាំ​រំលឹក​ខួប​រណសិរ្ស​២​ធ្នូ ហើយ​លោក​បាន​ចាត់​ទុក​ថា រណសិរ្ស ២ធ្នូ បាន​រំដោះ និង​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា​ និង​បាន​ស្ដារ កសាង​ អភិវឌ្ឍន៍​សង្គម​ជាតិ នៅ​គ្រប់​ទិសទី ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា​មាន​ការ​កែប្រែ​មុខ​មាត់​ថ្មី ជា​បន្ត​បន្ទាប់។ លោក​លើក​ឡើង​តាម​រយៈ​ហ្វេសប៊ុក​ (facebook) ថា​ បច្ចុប្បន្ន គេ​អាច​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដ៏​ច្រើន​ស្អេកស្កះ​នៅ​គ្រប់​ទិសទី ដែល​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

រីឯ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន​ មិន​បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​២​ធ្នូ នៅ​ឆ្នាំ​នេះ​ទេ តែ​លោក ​បាន​បង្ហោះ​សារ​អបអរ​សាទរ​​ខួប​ទី​៤១​ឆ្នាំ នៃ​ថ្ងៃ​រណសិរ្ស ២ ធ្នូ​នេះ​ដែរ។ លោក ហ៊ុន សែន លើក​ឡើង​ថា ២​ធ្នូ ជា​ថ្ងៃ​ដែល​ខ្មែរ​ អ្នក​ស្នេហា​ជាតិ​មួយ​ក្រុម បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​រំដោះ​ជាតិ ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

បើ​ទោះ​ជា​បក្ស​កាន់​អំណាច បាន​ចាត់​ទុក​ថ្ងៃ​ទី២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ​​ខ្មែរ​ក្រហម តែ​សម្រាប់​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​​អះអាង​ថា ២​ធ្នូ ​ជា​ថ្ងៃ​វៀតណាម​ចាប់​ផ្ដើម​ឈ្លានពាន​ ចូល​​ទឹក​ដី​​កម្ពុជា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប និង​ជា​អ្នក​ស្រាវជ្រាវបញ្ហា​​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម លោក អ៊ុំ សំអាន អះអាង​ថា ថ្ងៃ​ទី២ ធ្នូ គឺ​ដូច​ថ្ងៃ​ទី៧ មករា​ដែរ ជា​ថ្ងៃ​វៀតណាម​លើក​ទ័ព​ចូល​​ឈ្លានពាន​ប្រទេស​កម្ពុជា​។ លោក​ថា ដោយសារ​តែ​ ២​ធ្នូ និង​ថ្ងៃ ៧​មករា​នេះ​ហើយ​ ទើប​​វៀតណាម​មាន​លេស​ត្រួតត្រា​កម្ពុជា​បាន ១០ឆ្នាំ ដល់​ឆ្នាំ​១៩៨៩។ សម្រាប់​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​រូប​នេះ ថ្ងៃ​ទី២ ធ្នូ​ គ្មាន​ចំណុច​វិជ្ជមាន​​សម្រាប់​កម្ពុជា​ទេ តែ​​វៀតណាម​ចំណេញ​ពី​ថ្ងៃ​ទី​២ ធ្នូ ដោយ​បង្ខំ​ឲ្យ​លោក ​ហ៊ុន សែន ធ្វើ​សន្ធិសញ្ញា ឆ្នាំ១៩៨២ និង ១៩៨៣ កាត់​ដី​ឲ្យ​វៀតណាម។ បន្ថែម​ពី​នេះ លោក អ៊ុំ សំអាន ថា តាម​រយៈ​ថ្ងៃ​ទី២ ធ្នូ វៀតណាម​បាន​សម្រេច​ផែនការ​បញ្ជូន​ជនជាតិ​របស់​ខ្លួន ឲ្យ​មក​​រស់​នៅ​កម្ពុជា​ច្រើន​សន្ធឹក​​ដល់​សព្វ​ថ្ងៃ។ លោក​អះអាង​​ថា ការ​​ឲ្យ​តម្លៃ​​ថ្ងៃ​ទី២ ធ្នូ គឺ​ស្មើ​នឹង​ឲ្យ​តម្លៃ​សន្ធិសញ្ញា​កាត់​ដី និង​សកម្មភាព​បញ្ជូន​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា​ដូច​សព្វ​ថ្ងៃ៖ «២​ធ្នូ គឺ​អត់​មាន​អ្វី​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ខ្មែរ ក្រៅ​អំពី​ការ​កាត់​ដី​ឲ្យ​យួន ហើយ​នឹង​ឲ្យ​ជនជាតិ​យួន ឲ្យ​បន្ត​ចូល​មក​កម្ពុជា ហើយ​នឹង​បញ្ជូន​​បន្ត​មក​ទៀត ផ្ដើម​ចេញ​ពី​ ២ធ្នូ ហើយ​និង​០៧ មករា​ហ្នឹង​ឯង នាំ​ឲ្យ​ខ្មែរ​នៅ​តាម​ជាយ​ដែន​បាត់​ដី​​ស្រែ​ចម្ការ​។ តែ​បាត់​បង់​ដី​ស្រែ​ចម្ការ​ហើយ គឺ​បាត់​ដី​ខ្មែរ​ហើយ។ នាំ​ឲ្យ​យួន​នៅ​ពេញ​ស្រុក​ខ្មែរ​ហ្នឹង គឺ​មក​ពី​ ២ធ្នូ និង​ ៧មករា​ ហ្នឹង​ឯង»។

(លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប និង​ជា​អ្នក​ស្រាវជ្រាវបញ្ហា​​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម)

ចំណែក​សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត សង្កេត​ឃើញ​ថា ថ្ងៃ ២ធ្នូ មិន​មាន​ឥទ្ធិពល ឬ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពី​យុវជន​ជំនាន់​ក្រោយ​ឡើយ។ លោក​ថា យុវជន​មិន​ចាប់​អារម្មណ៍ ចំពោះ​ថ្ងៃ​ទី២ ធ្នូ​ទេ តែ​យុវជន​​​ចាប់​អារម្មណ៍​នឹង​​ស្ថានភាព​​នយោបាយ​​បច្ចុប្បន្ន​ ដូចជា​ ការ​ប្រឈម​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA វិបត្តិ​នយោបាយ លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​ សេរីភាព​បញ្ចេញ​​មតិ​​ជា​ដើម។

(លោក បុង ដែត សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង)

លោក បុង ដែត បន្ត​ថា គណបក្ស​កាន់​អំណាច តែង​ព្យាយាម​កេង​ចំណេញ​នយោបាយ​ ពី​ថ្ងៃ​ទី២ ធ្នូ​នេះ ប៉ុន្តែ​ការ​ធ្វើ​បែបនេះ មិន​ចំ​ចំណុច ដែល​​​យុវជន​​សម័យ​ក្រោយ​ចង់​បាន​ឡើយ។ លោក​ថា ការ​យក​ថ្ងៃ​ទី២ ធ្នូ​ មក​ឃោសនា​មិន​ត្រឹម​តែ​​គ្មាន​ឥទ្ធិពល​លើ​យុវជន​ទេ ថែមទាំង​ធ្វើ​ឲ្យ​បាត់បង់​សំឡេង​គាំទ្រ​ទៅ​ទៀត៖ «ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា គាត់​ខិតខំ​ស្រែក​ឲ្យ​អស់​បំពង​ក យ៉ាង​ណា ក៏​ដោយ ក៏ ២​ធ្នូ គាត់​ខិត​ខំ​រំលឹក​ដល់​យុវជន​ជំនាន់​ក្រោយ ខ្ញុំ គិត​ថា មិន​មាន​​ឥទ្ធិពល ដល់​យុវជន​ទេ ពីព្រោះ​ថា យុវជន គាត់​បាន​មើល​ឃើញ​ពី​សមិទ្ធផល ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ត្បុរ កំពុង​តែ​ធ្វើ​ឲ្យ​សិទ្ធិ គេ​ហៅ​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​រ៉ាំរ៉ៃ បញ្ហា​គាំង​នយោបាយ ការ​ផ្ដាច់​អនុគ្រោះ​ពន្ធ ពី​​សហគមន៍​អឺរ៉ុប អ៊ីចឹង​ទៅ។ បញ្ហា​ជន​អន្តោប្រវេសន៍ រស់​នៅ​កាន់​កាប់​ដី ប៉ុន្មាន​ហិកតារ ធ្វើ​ឲ្យ​ពួកគាត់​គិត​នៅ​ក្នុង​ចិត្ត។ គាត់​ស្ដាប់​ពាក្យ​ហ្នឹង​ណា ២ធ្នូ​ ហ្នឹង ជា​រៀងរាល់​ឆ្នាំ​ហ្នឹង វា​សឹង​តែ​ចូល​ពេញ​ខួរ​ក្បាល​របស់​គាត់​ហើយ ហើយ​ពួកគាត់​​មិន​មែន​មិន​ដឹង​ឯណា ២ ធ្នូ គាត់​ខ្លះ អាន​សៀវភៅ ខ្លះ​អាន​ប្រវត្តិ​សាស្ត្រ គាត់​ដឹង​ណាស់ ២​ធ្នូ មិន​បាច់​បន្លំ​​ពួកគាត់​ទេ»។

បើ​ទោះ​ជា​ រណសិរ្ស ២ធ្នូ រង​ការ​រិះគន់ ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​រាល់​ឆ្នាំ​ថា​ ជា​ថ្ងៃ​វៀតណាម ចាប់​ផ្ដើម​ឈ្លានពាន​កម្ពុជា ឬ​ជា​ថ្ងៃ​​វៀតណាម​ ចាប់​ផ្ដើម​លើក​បន្តុប​ខ្មែរ​ក្រហម​មួយ​ក្រុម​ថ្មី ដើម្បី​ផ្ដួល​រំលំ​ក្រុម​ខ្មែរ​ក្រហម​ចាស់ ដែល​លែង​ស្ដាប់​បង្គាប់​វៀតណាម​ក៏​ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ខកខាន​​ក្នុង​ការ​រំលឹក​ខួប​ ២ធ្នូ ម្ដង​ណា​ឡើយ ដោយ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ថ្ងៃ​ទី៧ មករា ហើយ​បញ្ចូល​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ។

រណសិរ្ស ២ធ្នូ ឬ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា មាន​ឈ្មោះ​ដើម​ថា ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នៅ​​ភូមិ​ជើង​ឃ្លេ ឃុំ ២ធ្នូ ស្រុក​ស្នួល។ គណបក្ស​កាន់​អំណាច បាន​កសាង​ស្តូប​អនុស្សាវរីយ៍​មួយ នៅ​ទី​នោះ ដើម្បី​រំលឹក​ពី​ថ្ងៃ​ ២ធ្នូ។ រៀង​រាល់​ឆ្នាំ បក្ស​កាន់​អំណាច តែង​នាំ​គ្នា​ទៅ​ប្រារព្ធ​​ខួប​២​ធ្នូ នៅ​​ទី​តាំង​នោះ ហើយ​កាល​ពី​ខួប​លើក​ទី ៤០ឆ្នាំ ក្នុង​ឆ្នាំ២០១៨ គណបក្ស​កាន់​អំណាច​ បាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល​វៀតណាម ចូលរួម​ប្រារព្ធ​កម្មវិធី​ជាមួយ​គ្នា។ រណសិរ្ស ២ធ្នូ​នេះ ទទួល​បាន​ការ​ជ្រោមជ្រែង​ និង​ឧបត្ថម្ភ​ទាំង​ស្រុង​​ផ្នែក​​កងទ័ព សព្វាវុធ និង​​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​ពី​ប្រទេស​វៀតណាម។ វៀតណាម​ក៏​មិន​ភ្លេច​ឲ្យ​កម្ពុជា​ដឹង​គុណ​ខ្លួន​ដែរ គឺ​បាន​ឲ្យ​កម្ពុជា​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ឲ្យ​បាន​គ្រប់​ខេត្ត ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម សរុប​មិន​តិច​ជាង ១៧កន្លែង​ទេ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​សាងសង់​ឡើង នៅ​ស្ទើរ​តែ​គ្រប់​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា។ កាលពីចុងឆ្នាំ២០១៧ កាសែត Vietnam News រាយការណ៍​ថា ដើម្បី​អបអរ​ខួប​លើក​ទី ៥០ឆ្នាំ នៃ​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្រសួង​ការពារ​ជាតិ​វៀតណាម​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​ទៅ​ជិត ៨ លាន​ដុល្លារ​អាមេរិក (៧,៨ លាន​ដុល្លារ​អាមេរិក) ដើម្បី​ធ្វើ​ការ​ជួសជុល​កែ​លម្អ​ស្តូប​មិត្តភាព​ទាំង​នេះ​ឡើង​វិញ៕

( បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ )


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។