មេ​បញ្ជាការ​ទាហាន​គំរាម​ប្ដឹង​មេ​ឃុំ​នៅ​ខេត្ត​ព្រះវិហារ​បើ​មិន​បញ្ជាក់​លិខិត​ស្នាក់​នៅ​ឲ្យ​ទាហាន

0:00 / 0:00

មេ​ឃុំ​ស្រយង់ ស្រុក​គូលែន មក​ពី​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​សម្ពាធ​លើ​រូប​គាត់​ឲ្យ​បញ្ជាក់​ការ​ស្នាក់​នៅ​ទៅ​ឲ្យ​កង​ទាហាន​ចំនួន​ពីរ​វរៈ​សេនា​តូច ដែល​គាត់​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​នោះ។

ក្រៅ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដាក់​សម្ពាធ គឺ​មេ​បញ្ជាការ​ទាហាន​នៃ​វរៈ​សេនា​តូច​នោះ ក៏​គំរាម​ប្ដឹង​ផង​ដែរ ប្រសិន​បើ​មេ​ឃុំ​នៅ​តែ​បដិសេធ​មិន​បញ្ជាក់​ការ​ស្នាក់​នៅ​ឲ្យ​ទាហាន​ទាំងនោះ​ទេ។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្រយង់ មក​ពី​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ច្បាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្ដី ជួយ​ពន្យល់​ផ្នែក​ច្បាប់​ជុំវិញ​រឿង​ដឹក​ជញ្ជូន​ទាហាន​ពី​តំបន់​ផ្សេង​ហើយ​បង្ខំ​ឲ្យ​រូប​គាត់​ចេញ​លិខិត​បញ្ជាក់​ការ​ស្នាក់​នៅ ដើម្បី​ឲ្យ​បាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ តើ​តាម​នីតិវិធី វា​ត្រឹមត្រូវ ឬ​ក៏​យ៉ាង​ណា?

ការ​អំពាវនាវ​របស់​មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គាត់​បដិសេធ​មិន​ព្រម​ចេញ​លិខិត​បញ្ជាក់​ការ​ស្នាក់​នៅ​ឲ្យ​ទាហាន​ចំនួន​ពីរ​កង​វរៈ​សេនា​តូច ហើយ​ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ផង និង​ការ​គំរាម​ពី​មេ​បញ្ជាការ​ទាហាន​ផង។

មេ​ឃុំ​ស្រយង់ ក្នុង​ស្រុក​គូលែន មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ប៉ែន ឡាម។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា ថា ជិត​មួយ​សប្ដាហ៍​មក​ហើយ ទាហាន​ពីរ​កង​វរៈ​សេនា​តូច​នៃ​កងពល​តូច​លេខ​៤១ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ពី​តំបន់​ព្រំដែន​ខ្មែរ-ថៃ ទៅ​ដាក់​នៅ​បន្ទាយ​ក្នុង​ឃុំ​ស្រយង់ រួច​ហើយ​មេ​បញ្ជាការ​ទាហាន​បាន​សុំ​ឲ្យ​លោក​ចេញ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ ដើម្បី​ឲ្យ​ទាហាន​ទាំងនោះ​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី។ លោក ប៉ែន ឡាម បញ្ជាក់​ថា កងពល​តូច​លេខ​៤១ គឺ​មាន​បន្ទាយ​នៅ​ក្នុង​ឃុំ​ស្រយង់ មែន ប៉ុន្តែ​កងទ័ព​ទាំងនោះ​បាន​ចេញ​ចោល​បន្ទាយ​ទៅ​នៅ​តាម​ព្រំដែន​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៨ ម៉្លេះ។

លោក​មេ​ឃុំ​បញ្ជាក់​ថា ក្នុង​ចំណោម​ទាហាន​ដែល​គេ​ឲ្យ​លោក​ចេញ​លិខិត​បញ្ជាក់​ការ​ស្នាក់​នៅ​នោះ គឺ​ប្រហែល ៤០​នាក់​លោក​ធ្លាប់​ស្គាល់ គឺ​បាន​បញ្ជាក់​លិខិត​ស្នាក់​នៅ​ឲ្យ ក៏ប៉ុន្តែ​ភាគច្រើន​លោក​មិន​ស្គាល់ គឺ​មិន​អាច​ចេញ​លិខិត​បញ្ជាក់​ការ​ស្នាក់​នៅ​ទេ ហើយ​បន្ទាប់​មក គឺ​អាជ្ញាធរ​ស្រុក​គូលែន និង​ខេត្ត​ព្រះវិហារ ក៏​ដាក់​ការ​គាប​សង្កត់ ចំណែក​ឯ​មេ​បញ្ជាការ​ទាហាន​ក៏​គំរាម​ប្ដឹង​រូប​លោក៖ « លោក​មួយ​ចំនួន​គាត់​ថា ទាហាន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ បើ​សិន​ជា​មិន​ចេញ​លិខិត​បញ្ជាក់​ការ​ ស្នាក់​នៅ ឲ្ គឺ​គេ​ប្ដឹង »

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មេ​បញ្ជាការ​ទាហាន​នៃ​វរៈ​សេនា​តូច​ទាំង​ពីរ ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ឯ​អភិបាល​រង​ស្រុក​គូលែន លោក ប៉ែន ជឹង បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​របស់​មេ​ឃុំ​ស្រយង់ ដោយ​ថា​អាជ្ញាធរ​ស្រុក​គូលែន និង​ខេត្ត​ព្រះវិហារ គ្រាន់​តែ​ទៅ​ជួប​មេ​ឃុំ​ស្រយង់ ដើម្បី​បង្ហាញ​ពី​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ប៉ុណ្ណោះ មិន​បាន​ដាក់​សម្ពាធ​ណា​មួយ​ទេ៖ « បើ​គាត់​ មិន​ព្រម ក្នុង​នាម​អាជ្ញាធរ ខ្ញុំ​មិន​ដឹង​និយាយ​ យ៉ាង​ម៉េច ​ទេ ? ឯ​មេ​បញ្ជាការ​ទាហាន​នៅ​កងពល​តូច​៤១ ថា​បើ​គាត់​មិន​ព្រម​បញ្ជាក់​លិខិត​ស្នាក់​នៅ​ឲ្យ​ទាហាន គឺ​គេ​ប្ដឹង »

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់​ថា នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី គឺ​ទាហាន​ដែល​ឈរ​ជើង​ការពារ​ព្រំដែន ឬ​ក៏​ធ្វើ​ការ​ប្រាកដប្រជា​កន្លែង​របស់​គាត់​ស្ថិត​នៅ​ក្នុង​ទឹក​ដី​នៃ​ឃុំ​ណា​មួយ ដូច្នេះ​គាត់​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ឃុំ​ដែល​ជិត​កន្លែង​ឈរ​ជើង​របស់​គាត់ លើកលែង​តែ​ទាហាន​ខ្លះ​ត្រូវ​បាន​គេ​រៀបចំ​គម្រោង​ឲ្យ​ធ្វើ​ជា​កង​ការពារ​សន្តិសុខ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ណា​មួយ​នៅ​ពេល​ខាង​មុខ ទើប​គេ​រៀបចំ​ដឹក​ជញ្ជូន​គាត់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ​ដែល​គេ​គ្រោង​នឹង​ដាក់​គាត់​ឲ្យ​ធ្វើ​ជា​កម្លាំង​សន្តិសុខ​នោះ៖ « អា​ហ្នឹង​យើង​ ត្រូវ​តាម ដាន​មើល​ថា តើ​ទាហាន​ហ្នឹង​គេ​មាន​ផែនការ​ឲ្យ​គាត់​មក​ការពារ​សន្តិ សុខ​ នៅ​ការិយាល័យ​បោះឆ្នោត​ក្បែរៗ​នោះ​ នៅ​ពេល​ខាង​មុខ​ឬ​ទេ »

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ឆ្នាំ​២០១៧ ខាង​មុខ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ្រោង​នឹង​ពង្រីក​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​ឲ្យ​បាន ២​ម៉ឺន ៤​ពាន់​ការិយាល័យ។ ការ​ពង្រីក​បន្ថែម​ការិយាល័យ​បោះឆ្នោត​នេះ គឺ​ខ្វះ​កម្លាំង​ការពារ​សន្តិសុខ​ចំនួន ៧​ម៉ឺន​នាក់ ដោយ​គេ​ត្រូវ​ការ​កម្លាំង​ទាហាន​ខ្លះ​ឲ្យ​ជួយ​ការពារ​សន្តិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។