ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang) បានចូលសួរសុខទុក្ខ លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ នៅគេហដ្ឋានរបស់លោក។
នាយកខុទ្ទកាល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ ទើបមកកាន់តំណែងនៅកម្ពុជា បាន២ខែ ជំនួសឯកអគ្គរដ្ឋទូតចាស់។ ក្នុងការជជែកគ្នា លោក Pablo Kang បានសួរនាំពីសុខភាព លោក កឹម សុខា និង បានប្រាប់ថា ស្ថានទូតអូស្ត្រាលីនៅកម្ពុជា តែងបានបញ្ជូនមន្ត្រី ទៅឃ្លាំមើលសវនាការ របស់ លោក កឹម សុខា និងនៅតែបន្តតាមដាន បន្តទៀត។
លោក មុត ចន្ថា ឱ្យដឹងបន្ថែមតាមរយៈហ្វេសប៊ុក (facebook) ថា លោក កឹម សុខា បានរំលឹក និងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការចូលរួមចំណែក ធ្វើវិភាគទានដ៏មានតម្លៃដល់ដំណើរការស្វែងរកសន្តិភាព។
ចាប់តាំងពី តុលាការ អនុញ្ញាត ឱ្យ លោក កឹម សុខា មានសិទ្ធិជួបពលរដ្ឋ និងតំណាងស្ថានទូតនានាមក មានឯកអគ្គរដ្ឋទូត នៃបណ្ដាលោកសេរី បានចូលជួបសួរសុខទុក្ខ ប្រធានគណបក្សប្រឆាំងជាបន្តបន្ទាប់ និងបានសន្យាឃ្លាំមើលសវនាការ កាត់ក្ដី របស់លោក កឹម សុខា។
អ្នកវិភាគនយោបាយ យល់ថា ការចូលជួប លោក កឹម សុខា ជាបន្តបន្ទាប់នេះ ជាការបង្ហាញថា រដ្ឋាភិបាលប្រទេសទាំងនោះ មានការខ្វាយខ្វល់ និង ចង់ឃើញភាពត្រឹមត្រូវ នៃសវនាការកាត់ក្ដី លោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។