សមាជិកសភាអាមេរិកស្នើច្បាប់ ដក ឬ ព្យួរ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP
2019.02.26

សមាជិកសភាអាមេរិកទាំងពីរគណបក្ស បានស្នើច្បាប់ដក ឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ (ឬ GSP)។ សមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត្រ (Steve Chabot) ពីខាងគណបក្សសាធារណៈរដ្ឋ កាលពីជាងពីម៉ោង មុនការផ្សាយនេះ បានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្នែកពាណិជ្ជកម្មនេះ ដោយសារតែរបបលោក លោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ។
លោក អាឡែន ឡូវ៉ិនស្សល បញ្ជាក់ថា “របបលោក ហ៊ុន សែន បំផ្លាញពន្លកត្រួយប្រជាធិបតេយ្យ ដែលកំពុងដុះនៅអាស៊ីអាគ្នេយ៍”។ លោកបន្តថា “លោក ហ៊ុន សែន រម្លាយឆន្ទៈរបស់ពលរដ្ឋខ្មែរ ដោយបំផ្លាញការសន្យា ក្នុងការរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបន្តដណ្តើមក្រាញអំណាច ដោយរបៀបផ្តាច់ការ”។ លោកបន្ថែមថា “របបនេះ ប្រើប្រាស់ការគំរាមកំហែង សម្លុតបំភ័យ អំពើហិង្សា និងការសម្លាប់មនុស្សផង ធ្វើជាឧបករណ៍ក្នុងការបន្តក្រាញអំណាចនេះ។ ដូច្នេះ ទាំងលោក ហ៊ុន សែន និងរបបនេះ ត្រូវតែទទួលទណ្ឌកម្ម ចំពោះអំពើដែលខ្លួនបានសាង”។
ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នេះ កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក ដោយឥតបង់ពន្ធ គិតជាទឹកប្រាក់ជាង ១៨០លានដុល្លារក្នុងមួយឆ្នាំៗ។ សហរដ្ឋអាមេរិក បានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះទៅកម្ពុជា កាលពីខែមេសា ឆ្នាំ ២០១៨។
សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិត គ្រូស (TED Cruz) និង លោក គ្រីស ឃូនស៍ (Chris Coons) ឯណោះ កាលពីថ្ងៃទី៩ ខែមករា ក៏បានដាក់សេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩នេះដែរ។
ការពិចារណាឡើងវិញនៃការអនុគ្រោះពន្ធនេះ រួមមាន ការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្តល់ការអនុគ្រោះពន្ធ ដែលផ្តល់ដល់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។