អ្នកវិភាគនយោបាយ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានហៅការបញ្ចេញខ្សែអាត់ថតសម្លេងសន្ទនា គា្នរវាងលោក ហ៊ុន សែន និង លោក កឹម សុខា កាលពីថ្ងៃទី ៣០ មិថុនា កន្លងទៅនេះ បង្ហាញឲ្យឃើញថា លោក ហ៊ុន សែន កំពុងទាល់ច្រកផ្នែកនយោបាយក្នុងការបំបែកមេដឹកនាំបក្សប្រឆាំងទាំងពីរឲ្យបែកចេញពីគ្នា។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ប្រៀបប្រដូចការបញ្ចេញខ្សែអាត់ថតសំឡេងសន្ទនាគ្នាសារជាថ្មីនេះ ស្មើទៅនឹង សំរាមដោយសារតែរឿងនេះបានកប់បាត់យូរណាស់មកហើយ។លោកនិយាយថា រឿងខ្សែអាត់សំឡេងនេះ វាមិនមែនត្រឹមតែផ្អូមទេ គឺបានស្អុយរលួយរសាត់តាមខ្យល់បានអស់ទៅហើយ។
បន្ថែមលើនេះ លោកបញ្ជាក់ថា រឿងនេះបានបង្ហាញពីក្រឡាទាល់ច្រកផ្នែកយុទ្ធសាស្ត្រនយាបាយអត់មានអ្វីយកមកលេងក្នុងការបំបែកសម្ពន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ឲ្យបែកបាក់គ្នា ទើបលោក ហ៊ុន សែន បញ្ជាឲ្យប្រព័ន្ធឃោសនាដែលស្និទ្ធនឹងរបបក្រុងភ្នំពេញបញ្ចេញសំឡេងសន្ទនាគ្នារវាងលោក ហ៊ុន សែន នឹងកឹម សុខា តាមទូរស័ព្ទតាំងពីឆ្នាំ២០១២ មកម្ល៉េះ៖ « ការលេងល្បែងបញ្ចេញសារចាស់ៗបែបនេះក៏អាចមានល្បិចពីរផ្សេងទៀតដែរកាលណារឿងសារសំឡេងទាក់ទងទៅនឹងសារសន្ទនា រវាងលោក កឹម សុខា នឹងលោកហ៊ុន សែនវាអាចទាក់ទាញនូវការចាប់អារម្មណ៍ច្រើន។ដូច្នេះក៏អាចបង្វិលស្មារតីនឹងទស្សនៈរបស់អ្នកប្រឆាំងខ្លះឲ្យងាកចេញពីការនិយាយរឿងយួនឈ្លានពាន រឿងវិបត្តិសេដ្ឋកិច្ច រឿងអត់ការងារធ្វើ វិបត្តិ បំណុល និងគ្រោះទុរភិក្សនៅទូទាំងប្រទេស » ។
កាសែតក្នុងស្រុកដែលស្និទ្ធនឹងរបបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ មិថុនា បានបញ្ចេញខ្សែអាត់ថតសំឡេងសន្ទនា គ្នាតាមទូរស័ព្ទរវាងលោកហ៊ុន សែន និង លោកកឹម សុខា ដែលមានរយៈពេល៣២នាទី តាំងពីឆ្នាំ២០១២ មុនពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
ខ្លឹមសារសន្ទនានោះបានបង្ហាញពីចរិតរបស់លោក ហ៊ុន សែន បានញុះញង់ធ្វើយ៉ាងណាដើម្បីឲ្យលោក កឹម សុខា ក្បត់លោក សម រង្ស៊ី៖ « លើកនេះខ្ញុំមិនអាចអត់អោនអោយលោក រង្ស៊ីបានទេ ខ្ញុំសុំទោស។ពីប្រោះខ្ញុំបានអត់អោយយោគយល់ សម្រាប់រង្ស៊ីហ្នឹង វាច្រើនលើកច្រើនសារហើយ។ហើយថ្ងៃដែលឪពុកខ្ញុំស្លាប់គឺជាថ្ងៃដែលខ្ញុំចុះហត្ថលេខាលើកលែងទោសអោយលោកសម រង្ស៊ី។ប៉ុន្តែក្រោយមកខ្ញុំបានព្យាយាមណាស់ដើម្បីធ្វើការជាមួយសម រង្ស៊ី រហូតដល់ពេលឲ្យកូនចៅជួបជុំគ្នា បាយទឹកអីជាមួយគ្នា។ប៉ុន្តែមិនគួរណាសម រង្ស៊ីគាត់អាចធ្វើចំពោះខ្ញុំរបៀបហ្នឹង » ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បញ្ជាក់ថា ពាក្យថាសម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយគ្រាន់តែជាការបោកប្រាស់ប្រជារាស្ត្រតែប៉ុណ្ណោះ។ លោកនិយាយថា ចុងក្រោយមេដឹកនាំទាំងពីរបានបញ្ចេញសារវាយប្រហារគ្នាកាន់តែច្បាស់តាមគេហទំព័រហ្វេសប៊ុកដែលបានបង្ហាញថា មេបក្សប្រឆាំងទាំងពីរមានជំហរផ្ទុយគ្នារួចស្រេចទៅហើយចំពោះស្ថានភាពនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា៖ « វាបែកបាក់រួចទៅហើយប្រៀបបានដូចជាទឹកនឹងប្រេង។ដូចយើងយកទឹកកន្លះដបយកទៅដាក់ទឹកកន្លះដបហើយយកក្រឡុកចូលគ្នា ហើយយកដាក់ឲ្យនៅហ្នឹងក៍វាចែកជាពីរដែរវាអត់អាចចូលគ្នាកើតទេ។យើងដឹងហើយអតីតគណបក្សសិទ្ធិមនុស្ស អតីតគណបក្សសម រង្ស៊ី នេះដែលចូលគ្នាពីកាលណាមក។គឺថាប្រទូសរ៉ាយគ្នាក្នុងទីលានប្រជាធិបតេយ្យ ពេលដែលបោះឆ្នោតមុនឆ្នាំ៩៣ ក៍វាទទឺងទទែងគ្នា។មួយថាអញធ្វើជាភ្នំ មួយថាអញធ្វើជាស្មៅដុះលើភ្នំ » ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅភៀសខ្លួនក្នុងសហរដ្ឋអាមេរិក មានប្រសាសន៍ថា លោកគ្មានអ្វីភ្ញាក់ផ្អើលទៅហ្នឹងអ្វីដែលរបបលោក ហ៊ុន សែន ប្រើប្រាស់រឿងដដែលៗទាក់ទងនឹងអ្វីបានបង្កើតឡើងគឺក្នុងគោលបំណងបំបែកបំបាក់ ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានភាពស្រពិចស្រពិលរវាងគ្នាទៅវិញទីមក៖ « ពីព្រោះលោក ហ៊ុន សែន បានព្យាយាមយូរមកហើយ។យើងដឹងហើយរឿងហ្នឹងអត់មានអ្វីថ្មីទេ។មហាជនដឹងពីព្រោះរហូតដល់ចុងក្រោយនេះ លោកហ៊ុន សែនចាប់លោកកឹម សុខា ហើយហ៊ុន សែនបានរំលាយគណបក្សសង្គ្រោះជាតិ។បន្ទាប់មកដល់ពេលនេះ ហ៊ុន សែន មិនអាចសម្រេចបាននូវអ្វីដែលជាគោលបំណងនៅការបំបែកលោក សម រង្ស៊ី និងលោក កឹម សុខាបានហ្នឹងហើយបានជាហ៊ុន សែនចេះតែព្យាយាមបន្តទៅទៀតហ្នឹង » ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា វិធានការរបស់លោកហ៊ុន សែន មិនអាចមកបំបែករវាងលោក សម រង្ស៊ី និងលោក កឹម សុខា អោយចេញពីគ្នាបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។