អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​អស់​ពាក្យ​ដោះសា ព្រោះ​ប្រទេស​ម៉ាឡេស៊ី​មិន​ប្ដូរ​ជំហរ​​អំពី​លទ្ធផល​រក​ឃើញ​ស្ត្រី​អាមេរិក​ពី​កប៉ាល់​ទេសចរ វ៉េស្ទើដាម មាន​ជំងឺ​កូវីដ-១៩

0:00 / 0:00

អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន កំពុង​អស់​ពាក្យ​​ដោះសា​រឿង​កោះហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី​មក​បំភ្លឺ តែ​គ្មាន​ចម្លើយ ព្រោះ​ប្រទេស​ម៉ាឡេស៊ី មិន​បាន​បង្ហាញ​ការ​ប្ដូរ​ជំហរ​ណា​មួយ​ ជុំវិញ​លទ្ធផល ដែល​រក​ឃើញ​ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣ឆ្នាំ ពី​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) ថា ពិត​ជា​​កើត​ជំងឺ​កូវីដ-១៩ (COVID-19) នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ថា ការ​យក​ហេតុផល​ថា ប្រទេស​ម៉ាឡេស៊ី​កំពុង​មាន​បញ្ហា​ផ្ទៃក្នុង​ ទើប​កម្ពុជា​មិន​ដាក់​កំហិត​ឲ្យ​ម៉ាឡេស៊ី ឲ្យ​ផ្ដល់​ការ​បំភ្លឺ​នៅ​ពេល​ជាក់លាក់​ណាមួយ​នោះ គឺជា​លេស​បែប​ពាំត្រណោត ឬ​ជាន់​កែង​ខ្លួន​ឯង ព្រោះ​ម៉ាឡេស៊ី​មាន​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​ រហូត​ដល់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ គឺ​លោក មហាធារ មហាម៉ាត់ (Mahathir Mohamad) សុំ​ចុះ​ចេញ​ពី​តំណែង នៅ​ចំ​ថ្ងៃ​ដែល​លោក ហ៊ុន សែន ថ្លែង​សារ​ឲ្យ​កោះហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី ឲ្យ​ចូល​ទៅ​បំភ្លឺ​នោះ​ថែម​ទៀត​ផង។

លោក គឹម សុខ ដែល​ហ៊ាន​និយាយ​រិះគន់​របប​ក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់ និង​កំពុង​រស់​នៅ​និរទេស​ខ្លួន នៅ​ប្រទេស​ហ្វាំងឡង់​នោះ​ថា ពេល​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី កំពុង​មាន​បញ្ហា​ផ្ទៃក្នុង​នោះ គួរ​ណាស់​តែ​លោក ហ៊ុន សែន បញ្ឈប់​ការ​ប៉ុនប៉ង​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ មក​បំភ្លឺ​រឿង​លទ្ធផល​តេស្ត ព្រោះ​អាជ្ញាធរ​ម៉ាឡេស៊ី បាន​បញ្ជាក់​ជំហរ​នេះ ៣ សារ​ទៅ​ហើយ​ដែរ លើ​ករណី​រក​ឃើញ​ជំងឺ​នេះ។ ប៉ុន្តែ ជាអកុសល លោក ហ៊ុន សែន បែរ​ជា​មើល​ឃើញ​ថា នោះ​ជា​ឱកាស​ដែល​ខ្លួន​អាច​​ឆ្លៀត កេង​ចំណេញ​នយោបាយ​ទៅ​វិញ៖ «ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី មាន​បញ្ហា​រៀបចំ​ផ្ទៃក្នុង​រដ្ឋាភិបាល​ ដែល​ជា​មូល​ហេតុ​ល្អ​បំផុត និង​សម​ពេល​ទៅ​ហើយ សម្រាប់​ការ​ដក​ខ្លួន។ ក៏ប៉ុន្តែ​បែរ​ជា​លោក ហ៊ុន សែន នៅតែ​ប្រឹង​បន្ត​ ដោយ​ហៅ​ទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​ទៅ​សួរ​នាំ»

លោក គឹម សុខ បន្ត​ថា តាម​ពិត​លោក ហ៊ុន សែន សង្ឃឹម​ថា បាន​ពាក្យ​ការទូត​អនុគ្រោះ​មួយ​ប្រយោគ​ណា​ ពី​មន្ត្រី​ការទូត​ម៉ាឡេស៊ី​ យក​ទៅ​ផ្សាយ​លាង​មុខ​។ ប៉ុន្តែ របប​ក្រុង​ភ្នំពេញ ត្រូវ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​មន្ត្រី​ទូត​ម៉ាឡេស៊ី គ្មាន​ពាក្យ​ពេចន៍​អ្វី ឲ្យ​លោក ហ៊ុន សែន លុប​លាង​ភាព​អាម៉ាស់​បាន ព្រោះ​ម៉ាឡេស៊ី​មិន​អាច​ដូរ​ជំហរ​របស់​ខ្លួន​បានទេ ដោយសារ​តែ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ នេះ គឺ​ខាង​សុខាភិបាល​ម៉ាឡេស៊ី ធ្វើ​ដោយ​ផ្អែក​លើ​បច្ចេកទេស​សុទ្ធសាធ គ្មាន​ពាក់ព័ន្ធ​នឹង​ការ​យក​មុខ​យក​មាត់ ផ្នែក​នយោបាយ​អ្វី​ទាំង​អស់៖ «ដល់​ទៅ​ពេល​មន្ត្រី​ការទូត​ នៃ​ប្រទេស​ម៉ាឡេស៊ី​ គ្មាន​ពាក្យ​ពេចន៍​ទាំង​ឡាយ​ណា ជួយ​បំពេញ​មុខ​គាត់​បាន​ក្រុម​អ្នក​ការ​ទូត​នៃ​លោក ហ៊ុន សែន ក៏​យក​ហេតុផល​នៃ​បញ្ហា​ផ្ទៃក្នុង​ម៉ាឡេស៊ី​ដដែល ទៅ​បិទបាំង។ នេះ​បញ្ជាក់​ថា​ក្រុម​លោក​ ហ៊ុន​ សែន កំពុង​តែ​ជួប​ឧបសគ្គ​ នៅ​ក្នុង​ការ​រក​ហេតុ​ផល​មិន​សម​ ដើម្បី​ដក​ខ្លួន​ចេញ​ពី​ភាព​អាម៉ាស់​នេះ »

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក កុយ គួង កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា លើក​ឡើង​ថា បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​ជា​ហេតុផល​ ដែល​រដ្ឋាភិបាល​កម្ពុជា ​មិន​បាន​កំណត់​ពេល​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ការ​បំភ្លឺ។

គិត​មក​ដល់​ពេល​នេះ រយៈ​ពេល ១០ ថ្ងៃ បាន​កន្លង​ផុត​ទៅ​ហើយ នៅ​ឡើយ​តែ​លទ្ធផល នៃ​ជំនួប​វាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​ឯកអគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក អែលឌីន ហ៊ូសៃនី មហាម៉ាត់ ហាស់ហ្ស៊ីម (Eldeen Husaini Mohd Hashim) ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់​ឲ្យ​កោះហៅ​មក​ចូល​បំភ្លឺ​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ជុំវិញ​ការណ៍​ដែល​លោក ហ៊ុន សែន នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត រឿង​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី រក​ឃើញ​មេរោគ​កូរ៉ូណា​ថ្មី លើ​ស្ត្រី​ជន​ជាតិ​​អាមេរិក វ័យ ៨៣ ឆ្នាំ ដែល​ជា​អ្នក​ដំណើរ​លើ​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) ស្រប​ពេល​ដែល​ខាង​អាជ្ញាធរ​កម្ពុជា រក​មិន​ឃើញ​មេរោគ​នេះ។

លោក កុយ គួង កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ពោល​គឺ ២ថ្ងៃ​ក្រោយ​ជំនួប​នោះ​ថា ការ​មិន​ទាន់​មាន​ចម្លើយ​នេះ គឺ​ដោយសារ​លោក​អះអាង​ថា ខាង​តំណាង​ទូត​ម៉ាឡេស៊ី​ បាន​ទទួល​ចម្ងល់​ពី​ខាង​កម្ពុជា​រួច​ហើយ ហើយ​គាត់​នឹង​ពាំ​នាំ​យក​ចម្ងល់​នោះ ទៅ​ជូន​ថ្នាក់​របស់​គាត់​។

អាស៊ី​សេរី នៅតែ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​មន្ត្រី​ស្ថានទូត​ប្រទេស​​ម៉ាឡេស៊ី​ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នក​ឃ្លាំមើល​សង្គម និង អ្នក​វិភាគ​គោល​នយោបាយ សុទ្ធតែ​យល់​ស្រប​គ្នា​ថា ការ​ដាក់​មន្ទិល​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ម៉ាឡេស៊ី ថា​ខ្វះ​ស្តង់ដារ និង​ធ្វើការ​ខ្ជីខ្ជា ខ្វះ​ការ​ទទួល​ខុសត្រូវ គឺ​គ្រាន់​តែ​លេស​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​បំភាន់​មតិ​សាធារណជន​ ដើម្បី​លុបលាង​ភាព​បាក់មុខ​របស់​របប​ក្រុង​ភ្នំពេញ ជុំវិញ​ការ​ថ្លោះធ្លោយ​រឿង​ទទួល​អ្នក​ដំណើរ​លើ​កប៉ាល់​ទេសចរ វ៉េស្ទើដាម ដែល​មាន​អ្នក​ដំណើរ​ផ្ទុក​ជំងឺ​កូរ៉ូណា​ថ្មី​នេះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។