អ្នកវិភាគនយោបាយ លើកឡើងថា ការបង្ក្រាប និងការចាប់ខ្លួនអ្នកតវ៉ាដោយអហិង្សាចុងក្រោយនេះ គឺរដ្ឋាភិបាល លោក ហ៊ុន សែន មានចេតនាបង្វែរការចាប់អារម្មណ៍របស់សាធារណៈជនលើបញ្ហាជាតិធំៗ និងដើម្បីធានាស្ថិរភាពនៃការឡើងកាន់អំណាចរបស់កូនប្រុសច្បងលោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅតែបកស្រាយថា ការចាប់ខ្លួនមនុស្សមួយចំនួននេះ គ្មានអ្វីអាថ៌កំបាំងនៅពីក្រោយខ្នងនោះទេ ប៉ុន្តែដោយសារពួកគេប្រព្រឹត្តអំពើខុសច្បាប់។
អ្នកវិភាគនយោបាយ យល់ថា ការបង្ក្រាប និងការចាប់ខ្លួនសកម្មជន អ្នកនយោបាយ និងយុវជន ជាបន្តបន្ទាប់នេះ មិនមែនដោយសារតែសកម្មភាពរបស់ពួកគេល្មើសច្បាប់នោះទេ ប៉ុន្តែដោយសាររដ្ឋាភិបាល មានចេតនាបំបិទសំឡេងប្រឆាំងទាំងនេះ ដើម្បីលាក់បាំងបញ្ហាជាច្រើន និងពង្រឹងអំណាចរបស់ត្រកូល ហ៊ុន។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ មើលឃើញថា មូលហេតុដែលរបបលោក ហ៊ុន សែន ត្រូវតែបង្ក្រាបដោយហិង្សា និងប្រឌិតរឿងចាប់អ្នកតវ៉ាដោយសន្តិវិធីទាំងកម្រោលបែបនេះ ព្រោះលោក ហ៊ុន សែន បារម្ភខ្លាចសកម្មភាពតវ៉ាកាន់តែរីកធំ នាំឲ្យប៉ះពាល់ដល់ការផ្ទេរអំណាចតាមបែបកុម្មុយនិស្តដល់កូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ក្នុងពេលដ៏ខ្លីខាងមុខ។ លោក គឹម សុខ បន្តថា យុទ្ធសាស្ត្ររបបលោក ហ៊ុន សែន ក៏ចង់ជំរុញឲ្យគណបក្សសង្គ្រោះជាតិទាល់ច្រក ហើយមានក្រុមសំខាន់ណាមួយនៅក្នុងបក្សប្រឆាំងមួយនេះ រកឱកាសធ្វើនយោបាយឡើងវិញ តាមលក្ខខណ្ឌដែលកំណត់ដោយលោក ហ៊ុន សែន។ លើសពីនេះ លោកយល់ថា របបក្រុងភ្នំពេញ កំពុងបិទបាំងរឿងវិបត្តិសេដ្ឋកិច្ចដែលពលរដ្ឋជាច្រើន កំពុងបាត់បង់ការងារ ក្រោយបាត់បង់ EBA ២០ភាគរយ និងរឿងបាត់បង់បូរណភាពទឹកដីតាមបណ្ដោយព្រំដែនទៅប្រទេសវៀតណាម ក្រោយចុះហត្ថលេខាទទួលយកផែនទី និងទទួលស្គាល់ការបោះបង្គោលព្រំដែនដោយស្ងាត់ៗ៖ « អាចចលនាកៀកនឹងពេលលើកអំណាចឲ្យលោក ហ៊ុន ម៉ាណែត ព្រោះផែនការនេះដំបូងឡើយរៀបចំដោយលោក ហ៊ុន សែន សុទ្ធសាធ អត់មានការព្រមព្រៀងពីយួន និងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាជារួមនោះទេ។ លោក ហ៊ុន សែន រៀបផែនការតែឯង ដោយព្យាយាមអែបចិនផង និងទៅពន្យល់យួនផង អំពីការបន្តអំណាចរបស់ត្រកូលខ្លួនផង និងថា ខ្លួននៅតែបម្រើយួនហើយទីបំផុត គឺអាចមានភ្លើងខៀវពីយួនខ្លះ ម្ល៉ោះហើយ ទើបលោក ហ៊ុន ម៉ាណែត ក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងខួបបង្កើតអង្គរក្សការពារពុករបស់គាត់នោះ គឺគាត់ និយាយដំឡើងបំពង់ក ហើយទើបក្រុម លោក ហ៊ុន សែន មិនញញើតនឹងចាប់ពលរដ្ឋខ្មែរដាក់គុកនោះទេក្នុងពេលចុងក្រោយនេះ » ។
ឆ្លើយតបចំពោះរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាល គ្មានអ្វីលាក់បាំងនៅពីក្រោយខ្នងនោះទេ ហើយការយល់ឃើញរបស់អ្នកវិភាគបែបនេះ គឺដោយសារពួកគេខ្វះចំណេះដឹង។ លោក បន្តថា ការចាប់ខ្លួនមនុស្សមួយចំនួនជាបន្តបន្ទាប់ នេះ ព្រោះពួកគេ ញុះញង់រឿងព្រំដែនបង្កើតឲ្យមានជម្លោះជាមួយប្រទេសជិតខាង និងញុះញង់ឲ្យ ពលរដ្ឋខឹងស្អប់រដ្ឋាភិបាល៖ « យើងមិនអនុញ្ញាតឲ្យអ្នកណាញុះញង់ បំភ្លៃព័ត៌មាន ធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារ មានការបះបោរមកប៉ះពាល់រាជរដ្ឋាភិបាល គឺជនទាំងអស់នោះ ដែលគាត់មានទិសដៅឧក្រិដ្ឋ និងមានឧបាយកលក្នុងការបង្កើតចលនារំលំរដ្ឋាភិបាលដែលកើតចេញដោយស្របច្បាប់ » ។
ទោះបីជាយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថា ការចាប់ខ្លួនយុវជន និង ក្រុមសកម្មជននេះ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំ ប៉ុន្តែលោក យល់ថា ការដែលគណបក្សកាន់អំណាច បន្តវិធានការបែបនេះ ព្រោះចង់បំបាត់ហានិភ័យនានា ដើម្បីធានាអំពីស្ថិរភាព ឬក៏មានឱកាសពង្រឹងគណបក្សរបស់ខ្លួន កុំឲ្យមានការរំខានណាមួយទៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត លោក ឯម សុវណ្ណារ៉ា មើលឃើញថា អ្វីដែលគណបក្សកាន់អំណាច កំពុងធ្វើនេះ ក៏ជាចរន្តមួយ ដើម្បីរៀបចំជើងព្រួលសម្រាប់ពិធីផ្ទេរអំណាចដល់អ្នកជំនាន់ក្រោយ ប៉ុន្តែនឹងពិបាកទទួលបានគាំទ្រពីសហគមន៍អន្តរជាតិ៖ « តែនៅពេលមានចរន្តនៃការរៀបចំផ្ទេរនេះ តើមានការគាំទ្រពីសហគមន៍អន្តរជាតិកម្រិតណាបើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាស្ថិតនៅក្នុងរួបភាពមួយមិនអំណោយផលសម្រាប់ការរាប់អាន និងការស្វាគមន៍ពីអន្តរជាតិ។ ប៉ុន្តែឧទាហរណ៍ថា គាត់ផ្ទេរអំណាច បាននៅក្នុងដំណាក់កាលណាមួយ តើឥស្សរជននយោបាយជំនាន់ថ្មីនេះ មានសមត្ថភាពដោះស្រាយនៅបញ្ហាជាតិនិងបញ្ហាសង្គមធំៗ ដែលកំពុងកើតឡើងថ្មីៗ នេះមាន ឬទេ។ ឧទាហរណ៍ដូចជារឿងព្រំដែន វៀតណាម បោះតង់ បញ្ហាពលរដ្ឋលើកឡើងអំពីការបាត់បង់ដី បញ្ហា EBA ដែលពលរដ្ឋ ជួបវិបត្តិអត់ការងារធ្វើ តើអ្វីដែលស្នាដៃ និងអ្វីដែលសក្ដានុពលរបស់អនាគតមេដឹកនាំថ្មី ហើយនេះគឺ ជាបញ្ហាសំខាន់ដែលប្រជាពលរដ្ឋឲ្យតម្លៃ » ។
គិតចាប់ពីចុងខែកក្កដា រហូតដល់ថ្ងៃទី១១ កញ្ញា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនក្រុមសកម្មជន អ្នកនយោបាយ និងយុវជនដាក់ពន្ធនាគារជាបន្តបន្ទាប់កើនឡើងដល់ ១៧នាក់ហើយ។ ដើមហេតុនៃការចាប់ខ្លួននោះ គឺពាក់ព័ន្ធនឹងការរិះគន់រឿងព្រំដែន ការធ្វើសកម្មភាពការងារបរិស្ថាន ការតវ៉ាទាមទារឱ្យដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន និងគម្រោងប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធីទាមទារយុត្តិធម៌សង្គមនៅទីលានប្រជាធិបតេយ្យជាដើម។ តុលាការបានចោទប្រកាន់ពួកគេពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ទង្វើរារាំង ចំពោះការតវ៉ាដោយសន្តិវិធីហើយត្រូវដោះលែងសកម្មជន និងយុវជនទាំងឡាយដែលត្រូវបានចាប់ខ្លួនទាំងបំពានច្បាប់នោះ ឲ្យមានសេរីភាពឡើងវិញ។
ដោយឡែក សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ នៅថ្ងៃទី១២ ខែកញ្ញា ក៏បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យរដ្ឋាភិបាល ដោះលែងសមាជិករបស់ខ្លួនពីរនាក់ ដែលត្រូវបានចាប់ខ្លួន គឺ លោក មាន ព្រហ្មមុនី និង លោក មួង សុភ័ក្ត្រ ណា។ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចាត់ទុកថា ការចាប់ខ្លួនអ្នកទាំងពីរ គឺជាការបំបាក់ ស្មារតីយុវជន ដែលស្រឡាញ់ចូលចិត្ត និងចូលរួមលើកស្ទួយប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និងឈឺឆ្អាលកិច្ចការព្រំដែនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។