សមត្ថកិច្ច ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខែត្រ​ត្បូង​ឃ្មុំ

0:00 / 0:00

ភរិយា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន គឺ​លោកស្រី ឆៃ ឆាយអ៊ាង ឲ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី៦ កញ្ញា វេល​ម៉ោង​ប្រមាណ ៦ និង ៣០នាទី​ព្រឹក​ សមត្ថកិច្ច​ស្រុក​មេមត់​បាន​ទៅ​គោះ​ទ្វារ​ផ្ទះ ហើយ​ចាប់​ខ្លួន​ស្វាមី​លោកស្រី​ភ្លាមៗ ទាំង​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ថា មក​ពី​មូលហេតុ​អ្វី​ទេ។

លោកស្រី​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ប្តី​របស់​លោកស្រី គឺ​លោក គង់ សំអាន បញ្ចូល​ឡាន​នោះ គាត់​បាន​ឲ្យ​កូន​ស្រី​អាយុ ១៥ឆ្នាំ​ម្នាក់ ជិះ​ទៅ​ជាមួយ ក៏​ប៉ុន្តែ​ទៅ​ដល់​ផ្លូវ​បំបែក នៅ​ចំណុច​ស្រុក​ពញា​ក្រែក ដែល​ជា​ផ្លូវ​បំបែក​ទៅ​ភ្នំពេញ និង​ព្រៃវែង សមត្ថកិច្ច​ក៏​គេ​បាន​ប្ដូរ​ឡាន ដឹក​ប្តី​របស់​លោកស្រី​ទៅ​បាត់ ដោយ​មិន​ដឹង​ថា យក​ទៅ​ទី​ណា។ រីឯ​កូនស្រី​នគរបាល​បាន​ដឹក​មក​ផ្ទះ​វិញ​ទាំង​ព្រួយ​បារម្ភ និង​ងឿង​ឆ្ងល់​នៅ​ថ្ងៃ​ទី៦ កញ្ញា​ដដែល។

កូនស្រីលោកគង់ សំអាន អាយុ ១៥ឆ្នាំ ឲ្យ​ដឹង​ថា នៅ​ពេល​ជិះ​ឡាន​ដល់​ផ្លូវ​បំបែក​នោះ ឮ​មន្ត្រី​នគរបាល​ទាំង​នោះ ដែល​ជិះ​ឡាន​ជាមួយ និយាយ​ទូរស័ព្ទ​ចុះ​ឡើង ហើយ​ឲ្យ​ប្ដូរ​ឡាន ដោយ​មិន​ឲ្យ​នាង​ទៅ​ជាមួយ​ឪពុក​ឡើយ៖ «គេ ( សមត្ថកិច្ច ) តេ​មក​ថា ឲ្យ​យក​ទៅ​ខែត្រ ហើយ​គេ​តេ​ចុះ​តេ​ឡើង គេ​ប្រាប់​ថា ឲ្យ​ប៉ា​ខ្ញុំ​ឡើង​ទៅ​ភ្នំពេញ តែ​ដល់​ផ្លូវបំបែក​គេ​ឲ្យ​ប៉ា​ខ្ញុំ​ចុះ​ពី​លើ​ឡាន ទៅ​ឡាន​មួយ​ទៀត ហើយ​បើក​ទៅ​ត្រង់ គេ​អត់​ប្រាប់​ថា ម៉េច​ទៀត​ផង»

តុលាការ​ខែត្រ​ត្បូង​ឃ្មុំធ្លាប់​បាន​ចោទ​ប្រកាន់ លោក គង់ សំអាន ពី​បទ រួម​គំនិត​ក្បត់ និង​ញុះញង់ កាល​ពី​ឆ្នាំ២០១៩។ ក៏​ប៉ុន្តែ​ក្រោយ​មក លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​តុលាការ​ឈប់​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ដែល​របប​លោក​ចោទ​ថា រួម​គំនិត​ក្បត់ ជាមួយ​លោក សម រង្ស៊ី អំពី​ផែនការ​វិល​ចូល​ស្រុក​វិញ កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា។

មេធាវី លោក គង់ សំអាន គឺ លោក សម សុគង់ បញ្ជាក់​ថា លោក មិន​ទាន់​ដឹង​អំពី​មូលហេតុ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក គង់ សំអាន នេះ​ដែរ ហើយ​លោក​ក៏​មិន​ដឹង​ថា គេ​បញ្ជូន​លោក គង់ សំអាន ទៅ​ឃុំ​ខ្លួន​នៅ​ទីណា​ដែរ។ លោក មេធាវី សំ សុគង់ សន្និដ្ឋាន​ថា ការ​ចាប់​ខ្លួន​លោក គង់ សំអាន នេះ ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណង់​រឿង​ចាស់​នោះ​ទេ។ លោក​បន្ថែម​ថា សំណុំ​រឿង​ចាស់ ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ រួមគំនិតក្បត់ និង​ញុះញង់​នោះ រួមមាន សកម្មជន​បក្ស​ប្រឆាំង ៥នាក់​ទៀត ហើយ​លោក គង់ សំអាន ក៏​ធ្លាប់​តុលាការ​កោះហៅ​សាកសួរ​ចំនួន ៤ដង​មក​ហើយ​ដែរ។ លោក​បន្ថែម​ថា តុលាការ​បាន​កំណត់​ថ្ងៃ​បើក​សវនាការ​សំណុំរឿង​ចាស់​នេះ នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា​ខាង​មុខ​នេះ៖ «ការ​ចាប់​ខ្លួន​គ្មាន​ដីកា​បែប​នេះ ជា​រឿង​ខុស​ច្បាប់ ព្រោះ​វា​មិន​មែន​ជា​រឿង​បទ​ល្មើស​ជាក់​ស្ដែង ហើយ​នេះ ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស»។

ភរិយា​លោក គង់ សំអាន បន្ថែម​ថា ប្ដី​របស់​លោកស្រី មិន​ដែល​គេច​ខ្លួន​ទៅ​ណា​ទេ តាំង​ពី​មាន​សំណុំ​រឿង​ចាស់ ដែល​តុលាការ​ចោទ​ប្រកាន់ ពី​បទ រួម​គំនិត​ក្បត់​មក ហើយ​លោក គង់ សំអាន តែងតែ​ចូល​បំភ្លឺ​គ្រប់​ការ​កោះ​របស់​តុលាការ​ទាំង​អស់។ លោកស្រី​បញ្ជាក់​ថា តាំង​ពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​ប្រឆាំង​មក លោក គង់ សំអាន បើក​បង្រៀន​សិស្ស​នៅ​ក្នុង​ភូមិ គ្រាន់​បាន​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ គឺ​លោក​មិន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។