សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ទទួល​លិខិត​កោះហៅ​សាកសួរ

ដោយ យន់ សាមៀន
2020-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំទប់​ទី​១ ឃុំ​ព្រែកជីក ជាប់ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រុក្ខគិរី លោក សំ បូរី
ជំទប់​ទី​១ ឃុំ​ព្រែកជីក ជាប់ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រុក្ខគិរី លោក សំ បូរី
Photo Provided

អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នា​ក់​នៅ​ស្រុក​នេះ ទៅ​សាកសួរ​បន្ទាប់ពី​លោក​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​រឿង​ជ្រើសរើស​ពលរដ្ឋ​ក្រីក្រ​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប្រកាន់​បក្សពួក​។ មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​អាជ្ញាធរ​កោះហៅ​នេះ ថា ជា​គំរាមកំហែង​បំបិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។

ជំទប់​ទី​១ ឃុំ​ព្រែកជីក ជាប់ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រុក្ខគិរី លោក សំ បូរី ថ្លែង​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា មេឃុំ​ព្រែកជីក លោក ប៊ុត បឿន កោះហៅ​លោក​ចូល​បំភ្លឺ​នៅ​សាលាឃុំ​នៅ​ថ្ងៃ​ទី​២០​កក្កដា។ លោក​បន្ត​ការ​កោះហៅ​នេះ បន្ទាប់ពី​លោក​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​គាត់ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា មាន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ ក្នុង​ឃុំ​ព្រែកជីក មាន​ប័ណ្ណ​ក្រីក្រ ប៉ុន្តែ​អាជ្ញាធរ​មិន​ដាក់ឈ្មោះ​ឱ្យ​ទទួល​ប្រាក់ឧបត្ថម្ភ​ជន​ក្រីក្រ​ឡើយ​។ លោក​បន្ថែម​ថា អាជ្ញាធរ​ឃុំ​នេះ​ជ្រើសរើស​ពលរដ្ឋ​ក្រីក្រ​ប្រកាន់​បក្សពួក ដោយ​ភាគច្រើន​ជ្រើស​តែ​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច ចំណែក​ពលរដ្ឋ​ក្រីក្រ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជន​ក្រីក្រ​នោះ​ឡើយ​។​លោក​បញ្ជាក់​ថា បន្ទាប់ពី​លោក​ទទួល​លិខិត​កោះហៅ​របស់​មេឃុំ​ភ្លាម លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែរ ហើយ​សុំ​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឱ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង​ផង ព្រោះ​ខ្ញុំ​គ្មាន​បំណង​ទៅ​បរិហារកេរ្តិ៍​លោក​មេឃុំ​អី​ទេ។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ក្នុង​ឃុំ​ដែល​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ហ្នឹង ចង់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ហើយ​មាន​ប័ណ្ណ​ក្រីក្រ​ហើយ​ហ្នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល»

ទោះជា​យ៉ាងណា​លោក សំ បូរី អះអាង​ថា លោក​នឹង​ចូល​បំភ្លឺ​មេឃុំ​ព្រែកជីក តាម​ការកំណត់ ក៏ប៉ុន្តែ​នឹង​មិន​សុំទោស​អាជ្ញាធរ​នោះ​ទេ ពីព្រោះ​លោក​យល់ថា លោក​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ។​ឆ្លើយតប​នឹង​បញ្ហា​នេះ មេឃុំ​ព្រែកជីក លោក ប៊ុត បឿន ប្រាប់​អាស៊ីសេរី​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បង្ហោះ​សារ​ខុស​ពី​ការពិត ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​អាជ្ញាធរ​ឃុំ​ព្រែកជីក។ លោក​ព្រមាន​ថា ប្រសិនបើ​លោក សំ បូរី មិន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​សុំទោស​លោក​ជា​សាធារណៈ​ទេ លោក​នឹង​ប្ដឹង​ចាត់វិធានការ​តាមច្បាប់៖ «បើ​និយាយ​ទៅ​ថ្នាក់​ស្រុក គាត់​ឱ្យ​យើង​សម្ដែង​ការ​ស្មោះត្រង់​ទាំងអស់​គ្នា បើ​ខ្ញុំ​មិន​ចង់​អី​ទេ តែ​នេះ​មិនមែន​តែ​ខ្ញុំ​ម្នាក់​ណា ក្នុង​ឃុំ​វា​មាន​ជំទប់​ទី​១ ជំទប់​ទី​២​អីចឹង​ទៅដល់​គេ​មិន​អស់ចិត្ត​គេ គេ​ចេះតែ​ឱ្យ​មក​សាលា​មក​។ ខ្ញុំ​ថា មក​សាលាឃុំ​មួយ​ភ្លែត​មក​អា​អូន គ្រាន់តែ​បង្ហោះ​សារ​សុំទោស​ឱ្យ​គេ​មើល​ឃើញ​ថា ខ្ញុំ​បាន​បង្ហោះ​សារ​សុំទោស​សុំ​អី​ហើយ តែ​ប៉ុណ្ណឹង​វា​ចប់​រឿង​ហើយ»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​មេឃុំ​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា មាន​ប្រសាសន៍​ថា ការ​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook)​រឿង​ជ្រើស​ជន​ក្រីក្រ​លំអៀង គឺជា​សិទ្ធិសេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។ លោក​ចាត់​ទុក​ការ​កោះហៅ​របស់​អាជ្ញាធរ​ឃុំ​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៖ «ព្រោះ​សេរីភាព​ការ​បញ្ចេញមតិ​មិន​មាន​ខុស​ទេ ដូច្នេះ​នៅ​ពេល​ដែល​យើង​ហៅ​គេ​ទៅ​សួរ​ហៅ គេ​ទៅ​ធ្វើ​កំណត់ហេតុ​ឱ្យ​គេ​សារភាព​វា​ជា​អំពើ​មួយ​គាបសង្កត់​លើ​សេរីភាព​របស់​គេ​ហើយ​។​អីចឹង​អាជ្ញាធរ​មិនត្រូវ​ធ្វើ​អីចឹង​ទេ ត្រូវតែ​យក​ព័ត៌មាន​ដែល​គេ​បាន​ធ្វើ​ហ្នឹង​ទៅ​ស្រាវជ្រាវ​វិញ​តើ​រឿង​ហ្នឹង​វា​ពិត​យ៉ាងម៉េច ដើម្បី​រក​ដំណោះស្រាយ​ល្អជា​ជាង យើង​ហៅ​គេ​ទៅ​រឹតត្បិត ទៅ​គាបសង្កត់ ឱ្យ​គេ​សារភាព​ឱ្យ​អី​នោះ»

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​តាម​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ដោយសារតែ​ពួកគាត់​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ និង​រដ្ឋាភិបាល​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​។​កាលពី​ថ្ងៃ​ទី១០ ​កក្កដា​មាន​សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គឺ លោក លាស់ ឆេងឡាយ និង​មេឃុំ​ឃ្លាំង​មាស ជាប់ឆ្នោត​គណបក្ស​នេះ គឺ អ៊ុក ឆុំ ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​ពន្ធនាគារ​ព្រៃស នៅ​រាជធានី​ភ្នំពេញ​រួច​មក​ហើយ​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​ជេរប្រមាថ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល