តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកោះហៅសកម្មជនគណបក្សសង្គ្រោះម្នាក់នៅស្រករុក្ខគិរី ចូលបំភ្លឺតុលាការ រឿងបរិហារកេរ្តិ៍អាជ្ញាធរមូលដ្ឋាន។សកម្មជនបក្សប្រឆាំងរូបនេះ ចាត់ទុកចំណាត់របស់តុលាការនេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
ជំទប់ទី១ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សំ បូរី ថ្លែងនៅរសៀលថ្ងៃទី២០សីហាថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការតាមកាលកំណត់ដោយមិនមានការរួញរាឡើយ ពីព្រោះលោកអះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកចាត់ទុកដីកាកោះហៅរបស់តុលាការនេះ ថា ជាការបំភិតបំភ័យបំបាក់ស្មារតីលោក ដើម្បីកុំឱ្យលោក និងសកម្មជនបក្សប្រឆាំងដទៃទៀតបង្ហោះសាររិះគន់ភាពអវិជ្ជមានរបស់អាជ្ញាធរនៅពេលក្រោយទៀត៖ «ព្រោះរឿងនេះបើគិតទៅគួរតែមេឃុំចុះទៅដោះស្រាយចុះស៊ើបអង្កេតតាមដាន ថាព័ត៌មានដែលខ្ញុំបង្ហោះហ្នឹងពិតឬក៏អត់។ប៉ុន្តែពេលនេះអាជ្ញាធរមិនទាន់មានប្រាក់ឧបត្ថម្ភដល់អុំស្រីនោះផង បែរជាមកប្ដឹងខ្ញុំ អ្នកផ្ដល់ព័ត៌មានអីហ្នឹងទៅវិញ។ អីចឹងខ្ញុំស្នើសុំដល់អង្គការសង្គមស៊ីវិល ដូចជាអង្គការលីកាដូ អាដហុក និងឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំនៅខេត្តបាត់ដំបង មេត្តាជួយឃ្លាំមើលនិងផ្ដល់មេធាវីដល់ខ្ញុំផង ព្រោះខ្ញុំក្រីក្រមិនបានប្រាក់ជួលមេធាវីទេ » ។
តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ឈិន សុផុន កោះហៅលោក សំ បូរី រស់នៅឃុំព្រែកជីក ស្រុករុក្ខគិរី ដើម្បីសាកសួរពីដំណើររឿងបរិហារកេរ្តិ៍សាធារណៈនិងញុះញង់ នៅព្រឹកថ្ងៃទី៨កញ្ញា ខាងមុខនេះ។ ដីការបស់តុលាការចុះថ្ងៃទី១៣ សីហា តម្រូវឱ្យលោក សំ បូរី ចូលទៅតុលាការឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងទៅជាមួយប្រសិនបើមាន។ តំណាងអយ្យការព្រមានថា ប្រសិនបើជំទប់ទី១ ជាប់ឆ្នោតបក្សប្រឆាំងរូបនេះ មិនបានចូលតុលាការតាមកាលកំណត់ទេ នោះតំណាងអយ្យការនឹងចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មបក្សប្រឆាំងរូបនេះទៅកាន់តុលាការតែម្ដង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង ដែលបានចុះស៊ើបអង្កេតរឿងនេះ លោក យិន ម៉េងលី មានប្រសាសន៍ថា រឿងក្ដីក្ដាំងនេះ ជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ និងជាជម្លោះតូចតាចអាចដោះស្រាយបញ្ចប់ត្រឹមអាជ្ញាធរឃុំបាន ដោយមិនចាំបាច់បញ្ជូនរឿងទៅតុលាការឡើយ។ លោកចាត់ទុក ចំណាត់ការរបស់តុលាការនេះថា ជាការតាមយាយីសកម្មជនគណបក្សប្រឆាំងយកឈ្នះយកចាញ់ ច្រើនជាងការអនុវត្តច្បាប់។៖ «អីចឹងយកបញ្ហាបរិហារកេរ្តិ៍ហ្នឹងយកមកគាប យកមាត្រាច្បាប់ហ្នឹងមកគាបរឿងសេរីភាពក្នុងការបញ្ចេញមតិ។ដូចខ្ញុំនិយាយអីចឹងថានេះជាការបញ្ចេញមតិ បើកុំតែលោក សំ បូរី បង្ហោះសារ អាជ្ញាធរឃុំហ្នឹងអត់ដឹងថាអុំស្រីហ្នឹងក្រទេ អត់ដឹងថាអុំស្រីហ្នឹងអត់បាយទេ អីចឹងការបញ្ចេញមតិរបស់លោក បូរី សំខាន់ណាស់ឃើញទេ ឱ្យអាជ្ញាធរឱ្យអស់លោកបានដឹងពីបញ្ហាអត់ឃ្លានរបស់ប្រជាពលរដ្ឋហ្នឹង អីចឹងយើងមកមាត្រាច្បាប់នៃបទបរិហារឬក៏ញុះញង់ ហើយបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍អីហ្នឹងគឺជាបទល្មើសមួយកំពុងតែមានប្រជាប្រិយភាពណាស់ដែលយើងមើលឃើញ » ។
កាលពីចុងកក្កដា ជំទប់ទី១ ឃុំព្រែកជីក ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សំ បូរី ត្រូវបានអាជ្ញាធរកោះហៅចូលបំភ្លឺចំនួន ២លើករួចមកហើយ ដោយលើកដំបូងនៅសាលាឃុំព្រែកជីក និងលើកទី២បំភ្លឺនៅអធិការដ្ឋាននគរបាលស្រុករុក្ខគិរី។ មេឃុំព្រែកជីកបានចោទប្រកាន់លោកថា បានបង្ហោះសារមួលបង្កាច់អាជ្ញាធរខុសពីការពិត។ ការចោទប្រកាន់បែបនេះ បន្ទាប់ពីលោក សំ បូរី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំព្រែកជីក មានជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច ប៉ុន្តែអាជ្ញាធរមិនបានដាក់ឈ្មោះពលរដ្ឋរូបនេះក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះឡើយ។ មេឃុំព្រែកជីកលោក ប៊ុត បឿន ចាត់ទុករឿងនេះ ថា ជាការបរិហារកេរ្តិ៍អាជ្ញាធរធ្វើឱ្យស្អុយឈ្មោះ ហើយទាមទារឱ្យសកម្មជនបក្សប្រឆាំងរូបនេះបង្ហោះសារសុំទោស ដើម្បីបញ្ចប់រឿង ប៉ុន្តែត្រូវបានលោក សំ បូរី បដិសេធ ទើបករណីនេះឡើងមកដល់តុលាការខេត្តបាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។