ប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយប៉ូលិសក្រសួងមហាផ្ទៃចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ បញ្ជូនទៅឃុំខ្លួននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០កក្កដា។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សមាជិកក្រុមប្រឹក្សាស្រុកបវេល ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក លាស់ ឆេងឡាយ និងលោក អ៊ុក ឆុំ ជាមេឃុំឃ្លាំងមាស ជាប់ឆ្នោតគណបក្សនេះ ត្រូវបានប៉ូលិសចាប់ខ្លួននៅពេលដែលពួកគាត់កំពុងធ្វើការងារនៅផ្ទះ។
ប្រពន្ធលោក លាស់ ឆេងឡាយ គឺលោកស្រី ឡេង ឡី ថ្លែងថា ប៉ូលិសចាប់ប្ដីរបស់លោកស្រីដោយពុំបានបង្ហាញដីកាពីតុលាការនោះឡើយ។ លោកស្រីបញ្ជាក់ថា ប៉ូលិសបានបញ្ជូនប្ដីលោកស្រីនិង លោក អ៊ុក ឆុំ ទៅរាជធានីភ្នំពេញភ្លាមៗ ក្រោយពេលចាប់ខ្លួន។ លោកស្រីហៅការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ ពីព្រោះប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «សាហាវឃោរឃៅរកអ្វីប្រៀបមិនបានទេ ធ្វើបាបអ្នកស្លូតត្រង់ បើថាអ្នកខូចធ្វើបាបខ្ញុំមិនថាទេ ប៉ុន្តែអ្នកធ្វើអំពើល្អក៏ចាប់ធ្វើអាក្រក់ក៏ចាប់ខ្ញុំមិនដឹងថា គត់យ៉ាងម៉េចទេ។ ប្ដីខ្ញុំទៅញុះញង់អីទៀត បើរំលាយគណបក្សសង្គ្រោះជាតិបាត់ហើយ គាត់ទៅញុះញង់ណាចេញ ហើយខ្ញុំ និងប្ដីតែចម្ការរហូតមិនដែលនៅផ្ទះផង ដូចថា ពេលទិញអីវ៉ាន់ខ្ញុំមកផ្ទះមួយភ្លែតដេកមួយយប់ទៅវិញហ្នឹង»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួននេះធ្វើឡើងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសារអ្នកទាំង២ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ជេរប្រមាថដល់អាយុជីវិតរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពួកគេបានបង្ហោះសារនៅពេលណានោះទេ។ លោកឆាយ គឹមខឿន ថា ប៉ូលិសបានបញ្ជូនអ្នកទាំង២ ទៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមច្បាប់៖ «គ្រប់រឿងឱ្យតែបងប្អូនប្រតិបត្តិការសុទ្ធតែមានការចោទប្រកាន់សមត្ថកិច្ចថា មិនបង្ហាញដីកា និងអត់មានដីកា យើងមិនដែលធ្វើអីចឹងទេ ប៉ុន្តែគ្រាន់តែថា ភាគច្រើនគ្រួសារខាងជនដែលត្រូវចាប់ខ្លួនគាត់តែងតែរកពាក្យដើម្បីឆ្លើយដោះសា ហើយចោទមកសមត្ថកិច្ចអីចឹង»។
ហ្វេសប៊ុករបស់លោក លាស់ ឆេងឡាយ បានសរសេរថា អាជ្ញាធររបបលោក ហ៊ុន សែន ធ្វើឱ្យពលរដ្ឋខ្មែរឃើញកាន់តែច្បាស់ពីការរំលោភសិទ្ធិមនុស្សនិងបញ្ហាជាច្រើនទៀត ដូចជាថ្មីៗនេះអាជ្ញាធរខេត្តកោះកុងរារាំងក្រុមយុវជនជិះកង់ធ្វើយុទ្ធនាការឱ្យរដ្ឋាភិបាលឱ្យវិនិយោគកោះកុងក្រៅឱ្យទៅឯកជនជាដើម។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ ក៏ដូចជាករណីមុនៗដែរ គឺការបំភិតបំភ័យផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកយល់ថា សកម្មជនបក្សប្រឆាំងទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៖ «ដូច្នេះអ្នកនយោបាយគួរតែរកវិធីដោះស្រាយបញ្ហានយោបាយជាជាងប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ចាប់ខ្លួន បំភិតបំភ័យ គំរាមកំហែងទៅដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលគាត់មិនមានកំហុសអីទាល់តែសោះនោះ។ ដូច្នេះយើងគួរតែរកវិធីដោះស្រាយ ពីព្រោះរឿងនេះវាជាសកម្មភាពដដែលហ្នឹងដែលយើងមើលឃើញទាំងអស់គ្នា»។
ចាប់តាំងពីដើមឆ្នាំ២០២០មក មានសកម្មជនបក្សប្រឆាំង ចំនួន១៧នាក់ហើយ ដែលអាជ្ញាធរបានចាប់ខ្លួន ក្នុងនោះមនុស្ស ១៥នាក់ ដាក់ឃុំនៅពន្ធនាគារព្រៃស។ មន្ត្រីគណបក្សប្រឆាំងទាំងនោះត្រូវបានចោទប្រកាន់ដូចៗគ្នាពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ។
អង្គការជាតិ និងអន្តរជាតិតែងថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ និងចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។អង្គការទាំងនេះ ក៏បានសំណូមពរឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយទាំងនោះជាបន្ទាន់ ហើយងាកមកដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាឱ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។