លោក ប្រ៊ែដ អាដាម ថា​ល្មម​ដល់​ពេល​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កុំ​ចាំ​គេ​ទាញ​ទម្លាក់

ដោយ មួង ណារ៉េត
2017-11-18
Share
ប្រ៊ែដ អាដាម ហ៊ុន សែន ៨៥៥ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង ថា​ល្មម​ដល់ពេល​លោក ហ៊ុន សែន ចុះ​ចេញពី​ដំណែង​ឥឡូវ​នេះ​ហើយ កុំ​ចាំ​ទាល់តែ​គេ​អូស​ទម្លាក់ ព្រោះ​ការរំលោភ​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ ម្ដង​ហើយ​ម្តង​ទៀត​បែបនេះ លោក ហ៊ុន សែន មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​នោះ​ទេ។

នាយក​ប្រតិបត្តិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ដូច្នេះ ដោយ​លោក​យល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​បាន​ធ្វើ​ពលីកម្ម ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ លោក ហ៊ុន សែន បែរ​ជា​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដោយ​ចាប់​ផ្ដើម​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​បំបិទ​សំឡេង​បក្ស​ប្រឆាំង​នេះ ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ទាំងអស់៖ «លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​ហើយ​! ដូច្នេះ​ដល់ពេល​ដែល​គាត់​ត្រូវ​ចុះ​ពី​តំណែង​ហើយ​ដែរ​! លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ស្របច្បាប់​នោះ​ទេ។ គ្មាន​មេដឹកនាំ​ប្រទេស​ឯណា នៅ​លើ​លោក​នេះ ដែល​ប្រព្រឹត្ត​ខុស​ម្ដង​ហើយ​ម្ដងទៀត ហើយ​នៅតែ​អាច​បន្ត​កាន់អំណាច​យ៉ាង​យូរ​ដូច្នេះ​បាន​នោះ​ទេ។ គាត់​កាន់អំណាច អស់​ជាង ៣២ ឆ្នាំ​មក​ហើយ។ យើង​ទើបតែ​ឃើញ​ឧទាហរណ៍​ជាក់ស្ដែង ដូច​ករណី​លោក រ៉ូប៊ើត មូហ្កាបេ (Robert Mugabe) នៅ​ប្រទេស ហ្ស៊ីមបាវ៉េ ស្រាប់។ ដូច្នេះ​លោក ហ៊ុន សែន ល្មម​ចូល​និវត្ត​ហើយ។ យក​ល្អ លោក ហ៊ុន គួរ​ចូល​និវត្ត កុំ​ឲ្យ​ចាំ​ដល់​តែ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រូប​គាត់ ឬ​កុំ​រង់ចាំ​ទាល់តែ​មនុស្ស​នៅ​ក្នុង​ជួរ​បក្ស​របស់​គាត់ ជា​អ្នក​សម្រេច​ឲ្យ​គាត់​ចុះចេញ ដោយ​វិធី​មិន​ប្រក្រតី ណាមួយ​នោះ»

លោក រ៉ូប៊ើត មូហ្កាបេ ដែល​ជា​មេដឹកនាំ​ប្រទេស ហ្ស៊ីមបាវ៉េ (Zimbabwe) ឲ្យ​មាន​ភាព​វឹកវរ អស់​ជាង ៣៧​ឆ្នាំ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​រដ្ឋប្រហារ​យោធា ដែល​គ្មាន​ការ​បង្ហូរ​ឈាម​មួយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ឡើង​កាន់​អំណាច​ពី​ដំបូង ដោយ​ការ​លើក​បន្តុប​ពី​រដ្ឋាភិបាល​វៀតណាម ជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​ទី​ពីរ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៥ បន្ទាប់​ពី​លោក រ៉ូប៊ើត មូហ្កាបេ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ប្រកាស ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​វិញ នៅ​ថ្ងៃ​គេ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​យល់ឃើញ ថា​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯក​បក្ស​នោះ ជិត​ចូល​ដល់​ទី​អវសាន​ហើយ។ លោក សម រង្ស៊ី ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា​ទោះបីជា​លោក ហ៊ុន សែន មិន​ចុះ​ចេញពី​តំណែង ក៏​ពេលវេលា​បន្ត​ក្រាញ​អំណាច ចាប់​ផ្ដើម​ខើច​ខ្លី​ខ្លាំង​ណាស់​ហើយ នៅ​ពេល​នេះ៖ «លោក ហ៊ុន សែន គាត់​ធ្វើ​ជ្រុល​ហួសហេតុ គឺថា​គាត់​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ។ ឥឡូវនេះ គាត់​នឹង​ត្រូវ​គេ​សំពង​ហើយ ចាប់​ពី​ពេល​នេះ​ទៅ។ មិនមែន​ជា​ចៃដន្យ​ទេ រឿង​នេះ​គួរ​ឲ្យ​យក​មក​ពិចារណា។ មាន​ថ្នាក់ដឹកនាំ​តែមួយ​ដំបស្វា​ទេ ដែល​បាន​គ្រប់គ្រង​ប្រទេស កាន់អំណាច​របៀប​ផ្ដាច់ការ​រាប់​សិប​ឆ្នាំ​។ មានលោក រ៉ូប៊ើត មូហ្កាបេ នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ ដែល​ទើប​ធ្លាក់​ពី​អំណាច។ នៅ​ពីក្រោយ​គឺ​លោក ហ៊ុន សែន។ លោក ហ៊ុន សែន ឡើង​មក​ដល់​មុខ​គេ​ហើយ។ គាត់​កាន់អំណាច​កាន់តែ​យូរ ពេលវេលា​ដែល​ខ្លួន​ត្រូវ​ធ្លាក់​ពី​អំណាច ក៏​កាន់តែ​ជិត​មកដល់​ដែរ»

លោក ប្រ៊ែដ អាដាម លើកឡើង​ប្រាប់​អាស៊ីសេរី​បន្ថែម​ថា បើ​លោក ហ៊ុន សែន សម្រាក​ពី​នយោបាយ​ពី​ឥឡូវ នោះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​ភាព​ល្អ​វិញ​បើ​គ្មាន​លោក ហ៊ុន សែន ព្រោះ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មនុស្ស​ច្រើន​ណាស់ ដែល​ស្អប់​គាត់។ ម្យ៉ាងទៀត លោក ប្រ៊ែដ អាដាម បន្ថែម​ថា បើ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​ឥឡូវ នោះ​នឹង​អាច​ជួយ​ស្ដារ​ភាព​អាម៉ាស់ នៃ​មុខមាត់​ប្រទេសជាតិ ឲ្យ​គ្រាន់បើ​ឡើងវិញ លើ​ឆាក​អន្តរជាតិ បាន​ផង​ដែរ។

អ្នកនយោបាយ​ជើងចាស់​មួយ​រូប ក៏​មើល​ឃើញ​អំពី​គ្រោះថ្នាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារតែ​ភាព​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នេះ​ដែរ។ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា នៅ​ក្នុង​ជួរ​បក្ស​កាន់អំណាច មាន​ការ​បែង​ចែង​គ្នា​ជា​ពីរ​ប៉ូល​ធំៗ ដែល​ប៉ូល​ម្ខាង​ទៀត​នោះ មិន​ពេញចិត្ត នឹង​របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ទេ។ ប៉ុន្តែ ពួកគេ​មិន​ហ៊ាន​តវ៉ា ដោយ​ខ្លាច​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន និង​បក្សពួក តែ​រង់ចាំ​ហៃអើ ដើម្បី​ឲ្យ​លោក ហ៊ុន សែន ធ្លាក់ទឹក​រួច​ពួកគេ​នឹង​សាទរ និង​រក​អ្នក​មក​ជំនួស​តំណែង​លោក ហ៊ុន សែន ដើម្បី​ស្រោចស្រង់​គណបក្ស​កាន់អំណាច​មួយ​នេះ៖ «គេ​ដាក់​សម្ពាធ​ខ្លាំង​មែនទែន គណបក្ស​ប្រជាជន នឹង​ដោះដូរ​នាយករដ្ឋមន្ត្រី។ គេ​មិន​ព្រម។ ស្មាន​តែ​គណបក្ស​ប្រជាជន​ហ្នឹង​គេ​មិន​ហ៊ាន​អ្ហ៊ៃ? ប៉ុន្តែ​ឥឡូវ គេ​បណ្ដោយ​ឲ្យ​ជាប់ជុច​សិន​បាន​គេ​ធ្វើ។ គង់តែ​ជាប់​ទេ។ ឥឡូវ​គេ​រុញ ឲ្យ​ទម្លាក់​ធ្លាក់​ជ្រោះ»

លោក ប្រ៊ែដ អាដាម សំដែង​ក្ដី​សោកសង្រេង​យ៉ាង​ខ្លាំង ចំពោះ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​ខំប្រឹង​តស៊ូ ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ ប៉ុន្តែ ទាំងអស់​នេះ ត្រូវ​បាន​លោក ហ៊ុន សែន បំផ្លាញ​ចោល​គ្មាន​សល់ និង​នាំ​ប្រទេស​កម្ពុជា ដើរ​វិលត្រឡប់​ថយក្រោយ ទៅ​សម័យ​រដ្ឋ​កម្ពុជា​វិញ។

តប​ទៅ​នឹង​ការ​លើកឡើង​បែបនេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច ថា​មិន​គួរ​ណា​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ មើល​រម្លង​ពី​អំពើ​ល្អ​របស់​លោក ហ៊ុន សែន នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែ​វិច្ឆិកា ថា លោក​មិន​ខ្វល់​នឹង​សម្ដី​លោក ប្រ៊ែដ អាដាម នោះ​ទេ។ លោក សុខ ឥសាន បន្ទរ​សារ​របស់​លោក ហ៊ុន សែន ដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ខ្វល់​នឹង​អ្នក​ខាងក្រៅ​ទេ ព្រោះ​លោក​ជឿជាក់ ថា​ពលរដ្ឋ​ខ្មែរ​នៅតែ​គាំទ្រ​លោក ហ៊ុន សែន៖ «ប្រ៊ែដ អាដាម មិនដែល​តាំង​ខ្លួន​ជា​មិត្តភ័ក្ដិ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី។ គាត់​តាំង​ខ្លួន​ជា​ខ្មាំងសត្រូវ​យូរហើយ​… សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​ធ្វើ​អ្វី​ទៅតាម​គោលការណ៍​ច្បាប់ និង​ទិសដៅ​ពង្រឹង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា»

សារ​អំពាវ​នេះ ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​នេះ ធ្វើឡើង​ស្របគ្នា​នឹង​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ព្រមាន​ដាក់ទណ្ឌកម្ម​ទាំង​ផ្លូវ​ទូត និង​សេដ្ឋកិច្ច ពី​គ្រប់ទិសទី នៅ​ជុំវិញ​ពិភពលោក ដោយសារតែ​ការ​រម្លាយ​គណបក្សប្រឆាំង និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក ក៏​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ក្រៃលែង ចំពោះ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហឹតឌើរ ណៅអិត (Heather Nauert) ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បែបនេះ ថា ជា​ការ​បំផ្លាញ​ទំនាក់ទំនង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​របស់​កម្ពុជា ជាមួយ​ពិភពលោក និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ឯកោ ពី​ពិភពលោក លើ​គ្រប់​វិស័យ៖ «យើង​សូម​សម្ដែង​ក្ដី​ព្រួយបារម្ភ​ទីបំផុត ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណាត់​ការ​បែបនេះ មិនមែន​ត្រឹមតែ​បន្ទច់បង្អាក់ ដល់​ដំណើរ​វិវត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ទាំងមូល។ មិនតែប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​ការ​រីក​លូតលាស់ ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ឯកោ នៅ​ក្នុង​តំបន់។ សេរីភាព និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​បំផ្លាញ​គោលការណ៍​ទាំងនេះ​អស់»

សហរដ្ឋអាមេរិក រម្លឹក​សា​ជា​ថ្មី ថា​បើ​ចង់​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាងមុខ មាន​ភាព​ស្របច្បាប់ និង​ទទួលស្គាល់​ពី​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដោះលែង​លោក កឹម សុខា និង​ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បំពេញការងារ​ស្របច្បាប់​របស់​ខ្លួន​ឡើងវិញ។

មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ សុទ្ធតែ​ធ្លាក់​ពី​តំណែង ដោយ​ការ​ទាញ​ទម្លាក់ យ៉ាង​ហិង្សា និង​ដោយ​កំហឹង​ពី​មហាជន ឬ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ខ្លួនឯង។ អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein) ត្រូវ​បាន​ព្យូរ​ក នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០០៦។ អតីត​មេដឹកនាំ​ប្រទេស លីប៊ី លោក មូអាម៉ា ហ្កាដាហ្វ៊ី (Muammar Gaddafi) ត្រូវ​បាន​កងកម្លាំង​ប្រដាប់អាវុធ​លីប៊ី បាញ់សម្លាប់ នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០១១។ ចំណែក​មេដឹកនាំ​ផ្ដាច់ការ​ជា​ច្រើន​រូប​ទៀត ដែល​នៅ​រស់រាន​មាន​ជីវិត ក្រោយ​ទម្លាក់​ពី​អំណាច និង​អ្នកខ្លះ​កំពុង​កាន់​អំណាច​នៅឡើយ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើក​ការស៊ើបអង្កេត និង ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​ប្រព្រឹត្ត​ក្នុង​ពេល​កំពុង​កាន់​អំណាច ដូច​ជា​ការ​ធ្វើទុក្ខបុកម្នេញ ដោយសារ​ហេតុផល​នយោបាយ​នេះ​ជាដើម ដែល​ជា​ធាតុ​ផ្សំ​បទល្មើស​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។