ក្រុមប្រឹក្សា​សេរីនិយម​ និង​ប្រជាធិបតេយ្យ​អាស៊ាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា

0:00 / 0:00

ក្រុមប្រឹក្សា​សេរីនិយម​ និង​ប្រជាធិបតេយ្យ​អាស៊ាន ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព និង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​រៀបចំ​ការ​សម្លាប់​ដោយ​រដ្ឋ​នៅ​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​សេរីនិយម និង​ប្រជាធិបតេយ្យ​អាស៊ាន (CALD) លោក ហ្វ្រង់ស៊ីស កីកូ ប៉ាំងហ្គីលីណាន់ ( Francis " KiKo" Pangilinan និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន (Philippines​) ផ្ញើ​លិខិត​ជូន​អនុប្រធាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ គាំទ្រ​យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ពេញ​ទំហឹង ដែល​កំពុង​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ ប្រធាន​ក្រុមប្រឹក្សា​សេរីនិយម និង​ប្រជាធិបតេយ្យ​អាស៊ាន​រូប​នេះ បញ្ជាក់​ថា កម្ពុជា​បាន​ឃ្លាតឆ្ងាយ​ពី​រដ្ឋ​ប្រជាធិបតេយ្យ​ជា​យួរ​មក​ហើយ ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​បាន​ចុះហត្ថលេខា​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​ការ​ស្ដារ​នីតិសម្បទា ឬ​ប្រទេស​ជាតិ​ឡើង​វិញ។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង​ជំរុញ​ការ​ផ្សះ​ផ្សារ​ជាតិ និង​ធានា​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​របស់​ប្រជាពលរដ្ឋ​លើ​ការ​បោះ​ឆ្នោត។

ទោះ​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​លិខិត​បញ្ជាក់​ដដែល​នេះ បញ្ជាក់​ទៀត​ថា ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា​នៅ​ឆ្ងាយ​ពី​អ្វី ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ចែង ឬ​ចង់​បាន។ លោក ហ្វ្រង់ស៊ីស កីកូ ប៉ាំងហ្គីលីណាន់ កត់​សំគាល់​ថា ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាង ៣ទសវត្សរ៍​មក​នេះ រដ្ឋាភិបាល​នៃ​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក គឺ​ធ្វើ​អ្វីៗ ដើម្បី​តែ​កេង​ចំណេញ និង​ដើម្បី​តែ​បម្រើ​មហិច្ឆតា​អំណាច​លោក​តែ​ម្នាក់​គត់។ ការ​ក្ដោប​ក្ដាប់​អំណាច​ដ៏​តឹង​របស់​លោក ហ៊ុន សែន នេះ បណ្ដាល​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​អំណាច និង​បំផ្លាញ​ស្ថាប័ន​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ​ទៅ​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព ចាប់​ពី​ថ្ងៃ​ទី១០ កក្កដា​មក គឺ​នៅ​ចំ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី។ យុទ្ធនាការ​នេះ ជា​ការ​ស្វះស្វែង​រក​គាំទ្រ​ពី​ប្រទេស​នានា លើ​ពិភពលោក ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី​ ផង និង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​រង​គ្រោះ​ដទៃ​ទៀត រួមមាន លោក ជា វិជ្ជា​ប្រធាន​សហជីព លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ សិល្បករ​ដ៏​ល្បី​ឈ្មោះ អ្នកស្រី ពិសិដ្ឋ ពី​លី​កា និង​ជន​រងគ្រោះ​មួយ​ចំនួន​ទៀត ដែល​គេ​ចាត់​ទុក​ថា ជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​រៀបចំ​សម្លាប់​ដោយ​រដ្ឋ។

អ្នក​នាំ​ពាក្យ​ធ្លាប់​ឲ្យ​អាស៊ី​សេរី​ដឹង​ថា សំណុំ​រឿង​ឃាតកម្ម​លើ​មនុស្ស​មួយ​ចំនួន​ ដូចជា ​សំណុំ​រឿង​បណ្ឌិត កែម ឡី ជា​ដើម តុលាការ​បាន​បិទ​បញ្ចប់​ហើយ។ លោក​បន្ថែម​ថា យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព​របស់​គណបក្ស​ប្រឆាំង​នេះ ជា​រឿង​អត់​ប្រយោជន៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រឹក្សា​សេរី​និយម និង​ប្រជាធិបតេយ្យ​អាស៊ាន ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​អាស៊ាន​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ទាំង​នេះ​វិញ នៅ​ថ្ងៃ​ណា​មួយ ហើយ​ក្រុម​ប្រឹក្សា​នេះ​ គឺ​ឈរ​នៅ​ជា​មួយ​ប្រជា​ពលរដ្ឋ​លើ​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​និទណ្ឌភាព ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ត្រូវ​តែ​លុបបំបាត់​អំពើ​ភ័យ​ខ្លាច និង​អំណាច​ផ្ដាច់ការ ហើយ​ក៏​សង្ឃឹម​ថា ការ​ខិតខំ​នេះ​នឹង​នាំ​មក​នូវ​ជ័យជម្នះ និង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។