ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ស្នើ​ក្រសួង​រតនាគារអាមេរិក​ អោយ​ពិចារណា​ឡើងវិញ​ ចំពោះ​ការដាក់ទណ្ឌកម្ម​ ក្រុមហ៊ុន​ចិន UDG

ដោយ សុជីវី
2020-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញ​កាលពីថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ​២០២០ និង សេចក្ដីប្រកាសរបស់ក្រសួង​រតនាគារ​អាមេរិក​​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០២០។
សេចក្ដីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញ​កាលពីថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ​២០២០ និង សេចក្ដីប្រកាសរបស់ក្រសួង​រតនាគារ​អាមេរិក​​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០២០។
Screenshot

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅកាត់ថា CDC ច្រានចោល​រាល់​ព័ត៌មាន ដែល​ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ដាក់ទណ្ឌកម្ម​បញ្ចូល​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវេលឡុបមិន គ្រុប ហៅកាត់ថា យូឌីជី (UDG) ទៅ​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យ​សម្បត្តិ។ CDC​ចេញ​មុខអះអាង​ថា​ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​កម្ពុជា មិនប៉ះពាល់​បរិស្ថាន និង​គ្មាន​ឡើយ​ការបង្ខំ​បណ្ដេញ​ពលរដ្ឋ​ពីលំនៅឋាន ព្រមទាំង​មិនទាក់ទង​ដល់​មូលដ្ឋាន​ទ័ព​បរទេស​ណាមួយ​ដែរ។ ប៉ុន្តែ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​តែ​អះអាង​ថា​ក្រុមហ៊ុន​នេះ​ពិតជា​ជាប់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិពលរដ្ឋ។

CDCស្នើ​ក្រសួងរតនាគារ​អាមេរិក​អោយ​ពិចារណា​ឡើងវិញ​ចំពោះ​ការដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន UDG ដោយ​សំអាង​ថា​ទណ្ឌកម្ម​នេះ​នឹង​ធ្វើអោយ​ប៉ះពាល់​មុខមាត់​កម្ពុជា​ក្នុង​វិស័យ​វិនិយោគ និង​ជីវភាព​ពលរដ្ឋ​ស្លូតត្រង់​ក្នុងមូលដ្ឋាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី២០ ខែកញ្ញា​ថា ការដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់ ធ្វើ​អោយ​ខូចខាត តែ​ទៅលើ​ក្រុមហ៊ុន UDGនេះ​ទេ គឺ​ថែមទាំង​ធ្វើអោយ​ប៉ះពាល់​ទៅដល់​បរិយាកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​ទាំងមូល ព្រមទាំងប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជាច្រើន​ក្នុង​មូលដ្ឋាន។ បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន UDG បាន​ទាក់ទាញ​វិនិយោគ​ជាច្រើន​អោយ​មក​ចូលរួម​ជាមួយ​ក្រុមហ៊ុន​នេះ​តាមរយៈ​កិច្ចសន្យាជួល​បន្ត​នៅលើ​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​នេះ​បានទទួល​សិទ្ធិ​ស្របច្បាប់​ពី​រដ្ឋាភិបាល​នោះ។

នេះជា​ប្រតិកម្មតប​ទៅនឹង​ក្រសួង​រតនាគារ​អាមរិក​កាល​ពី​ថ្ងៃ​ទី១៤ ខែកញ្ញា ដែល​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន UDG ដែល​ស្ថាប័ន​នេះ​អះអាង​ថា​គ្រប់គ្រង​ដោយ​រដ្ឋអំណាចចិន ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។

ក្រសួង​រតនាគារ​អាមេរិក​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន នេះ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។ បើតាម​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​នេះបាន​ចុះ​បញ្ជី​ក្លែង​បន្លំ​បោកប្រាស់​ថា​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្បទាន​ដល់ទៅ​ជាង​៣ម៉ឺនហិកតារ (៣៦.០០០) ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ការបណ្តេញ​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ដោយ​បង្ខំ ការបំផ្លាញ​បរិស្ថាន និង​ផលប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន។ ក្រសួង​រតនាគារ​អាមេរិក​ថែមទាំង​ព្រមាន​ពីលទ្ធភាព​នៃ​វត្តមាន​យោធាចិន​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​កម្ពុជា​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នោះ​ថែមទៀត។

បើទោះជា​យ៉ាងណា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បដិសេធ​ចោល​ចំពោះ​ការចោទប្រកាន់​ទាំងនេះ ដោយ​អះអាងថា​ក្រុមហ៊ុន UDG មិនមែន​ជាក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ទេ តែ​ជា​ក្រុមហ៊ុន​បរទេស​បានចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ឆ្នាំ២០០៨ ដើម្បី​បាន​មក​រកស៊ី​នៅ​កម្ពុជា ដោយ​មាន​ភាគហ៊ុន១០០%​របស់​ក្រុមហ៊ុន ធានជីន យូញៀន ឌិវេឡុបមិន គ្រុប(Tianjin Union Development Group) មាន​មូលដ្ឋាន​នៅ​ប្រទេសចិន និង​មាន​ជំនាញ​ផ្នែក​អចលនទ្រព្យ​តាំង​ពីឆ្នាំ​១៩៩៥។ មួយវិញទៀត​ក្រុមហ៊ុន​នេះ​អាច​ទទួលបានដី​ធំជាង​១ម៉ឺនហិកតារ​ក្រោម​កិច្ចសន្យា​ជួលដី មិនមែន​ជា​ការផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បន្ត​អះអាង​ថា ក្នុង​កាអភិវឌ្ឍន៍​គម្រោង​ក្រុមហ៊ុននេះ ​បានគោរព​តាមច្បាប់​កម្ពុជា ពុំមាន​ការបណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ឡើយ ​គឺ​គ្រប់​ដំណាក់កាល​ក្រុមហ៊ុន​តែង​អនុវត្តតាម​ការសម្រេច​របស់​គណៈកម្មការ​អន្តរក្រសួង ដែល​តែង​តាមដានត្រួតពិនិត្យ វាយម្លៃ​គម្រោង​នេះ​ជាប់ជានិច្ច។ បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​ដោះស្រាយ​ការតាំង​ទីលំនៅថ្មី​សម្រាប់​ពលរដ្ឋ បើទោះជា​ពលរដ្ឋបាន​ចូលទៅ​តាំងទីលំនៅ ដោយខុសច្បាប់​នៅ​ក្នុង​តំបន់​ឧធ្យានជាតិ​បុទមសារគរ ដែល​ក្រុមហ៊ុន​នេះទទួល​បាន​ភាគខ្លះ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នោះ​ក៏ដោយ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធានា​អះអាង​ទៀត​ថា ​ក្រុមហ៊ុន UDG ពុំបាន​អភិវឌ្ឍ​ធ្វើអោយ​ប៉ះពាល់​បរិស្ថាន​អ្វី​ឡើយ ព្រោះ​ក្រុមហ៊ុន​នេះ​មាន​របាយការណ៍​ស្ដីពី​ហេតុប៉ះពាល់​បរិស្ថាន ដែល​យល់ព្រម​ដោយ​ក្រសួង​បរិស្ថាន។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ទៀត​ថា​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​មិនទាក់ទង​ដល់​ការដាក់​មូលដ្ឋានទ័ព​បរទេស​ទេ ព្រោះ​រដ្ឋធម្មនុញ្ញា​កម្ពុជា​មិន​អនុញ្ញាតិ​ឡើយ ម៉្យាងវិញ​ទៀត​រដ្ឋាភិបាល​ស្វាគមន៍​សហរដ្ឋអេមេរិក និង​បណ្ដា​ប្រទេស​ដទៃទៀត​អោយ​មាន​បេសកកម្ម​រកការពិត​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UDG ថែម​ទៀត។

បើទោះជាយ៉ាងណា​ចំពោះ​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា​មើលឃើញ​ថា ការសម្រេច​ដាក់​ទណ្ឌកម្ម​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋអាមេរិក​ ហាក់​ដូច​ជា​​មិន​ទុក​ចិត្ត​ ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចំពោះ​ការពន្យល់​របស់​កម្ពុជា និង​ក្តី​មន្ទិល​អំពី​ទំនាក់ទំនង​យោធា​ពិសេស​រវាង​ក្រុមហ៊ុន​ចិន​មួយ​នេះ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកបរិស្ថាន នៅ​តែ​អះអាង​ថា​ការច្បាម​យក​ដីធ្លី​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UDG នេះ​ពិត​ជា​ជាប់ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​អំពើ​ពុករលួយ​ជាប្រព័ន្ធ។

អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត អោយ​អាស៊ីសេរី​ដឹង​ថា​របាយការណ៍​ជាច្រើន​របស់​អង្គការសិទ្ធិមនុស្ស​រកឃើញ​ថា ក្រុមហ៊ុនUDG បាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ជាង​១ពាន់គ្រួសារ​នៅក្នុងស្រុក​បូទម​សាគរ និង​គិរីសាគរ​ក្នុង​ខេត្ត​កោះកុង អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​បង្ខំ​អោយពួកគេ​ផ្ដល់ដី ដែលពួកគេកំពុងរស់​នៅ​ប្រគល់ទៅ​អោយ​ក្រុមហ៊ុន៖ «ជាទូទៅ​អោយ​តែ​មាន​ទំនាស់​គឺសុទ្ធតែ​ប្រជាពលរដ្ឋ​គាត់​ជា​អ្នករងគ្រោះ​ គាត់​ជា​អ្នករង​ការចោទ​ប្រកាន់​ថា​ពួកគាត់​រស់នៅ​ក្នុង​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​តែ​ម្ដង អ៊ីចឹង​គឺ​ដើម្បី​អោយ នែ៎ ធ្វើទុក្ខ​គាត់ ធ្វើអោយ​គាត់ ដើម្បី​អោយ​គាត់​ដើរចេញ អត់មាន​អីចោទ​គាត់​មាន​តែចោទ​គាត់​ថា​ទៅ​នៅលើ​ដីរដ្ឋ​ចឹង​ទៅ។»

ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រាប់អាស៊ីសេរីថា​ការបំភ្លឺ​របស់​ក្រុមប្រឹក្សាអភិវឌ្ឋន៍​កម្ពុជា​មាន​ចំណុច​ជាច្រើន​ដែល​បង្ហាញ​ថា​មិនបាន​និយាយការពិត។ លោក អាឡិច ថា​បើមិនមែន​ជា​ការផ្ដល់សម្បទាន​សេដ្ឋកិច្ច តើក្រុមហ៊ុន UDG នោះ​បាន​ដីតាម​របៀបណា? ផ្អែក​លើ​មូលដ្ឋាន​អ្វី? លោក អាឡិច​ចោទសួរ​ទៀតថា តើ​អ្នកចេញ​លិខិតនោះ​បាន​ទៅ​ទីកន្លែង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នោះដែរឬទេ? លោក អាឡិច បន្តថា​​ក្រុមហ៊ុន UDG មិនត្រឹម​តែបង្ខំ​ជម្លៀស​ពលរដ្ឋ​ចេញ​ទេ ថែម​ទាំង​បង្ខំ​អោយ​ពលរដ្ឋ​រស់​នៅ​ទីតាំងថ្មីដែល​ពុំ​មាន​លក្ខណៈស្រប​អាច​អោយ​ពលរដ្ឋ​រស់នៅ​បាន ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​ជាច្រើន​បាន​ធ្វើ​ចំណាកស្រុក។ ចំណែក​ផលប៉ះពាល​បរិស្ថាន​វិញ លោក អាឡិច​លើក​អំណះអំណាង​ថា រូបភាព​ពី​ផ្កាយរណប​បង្ហាញ​យ៉ាងច្បាស់​ថា​នៅក្រោយ​ពេល​ក្រុមហ៊ុន​នេះ​ចូលទៅ​អភិវឌ្ឍន៍ គឺ​កើតមាន​ការកាប់ព្រៃ​យ៉ាង​រង្គាល ធ្វើ​អោយ​ឧធ្យានជាតិ​បូទមសាគរ​ទាំងមូល​ស្ទើរ​ក្លាយ​ជា​ព្រៃរិចរិល រីឯ​ពលរដ្ឋ​ក៏អះអា​ងថា​ក្រោយ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ សត្វព្រៃ​ជាច្រើន​ដែល​ធ្លាបម់មាន​ពីមុន​នៅ​ក្នុង​ឧធ្យានជាតិ​បូទមសាគរ​ក៏​បាត់បង់​អស់​ជាច្រើន​ដែរ។ ចំពោះ​លទ្ធភាព​ជា​មូលដ្ឋានទ័ព​ចិន​វិញ​អាឡិច​ក៏​ចោទ​សួរដែរថា តើ​ចាំបាច់អ្វី​ដែល​តំបន់នោះ​ត្រូវ​មាន​វាលយន្តហោះ​ពិសេស​ដាច់ដោយឡែក ប្រសិនបើ​មិន​ជាប់​ទាក់ទង​ដល់​បញ្ហា​មូលដ្ឋាន​ទ័ព​ទេ​នោះ?៖ «នៅក្នុង​លិខិត​ហ្នុង​វាមាន​ប្រយោគ​មួយ​ដែល​គួរអោយ​អស់​សំណើច។ ឧធ្យានជាតិ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​អត់អាច​មាន​ម្ចាស់​បាន​ទេ​ ចុះហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ហ្នឹង​លក់​អោយ​ក្រុមហ៊ុន UDG? ចឹង​គឺ​ឥឡូវ​មាន​ម្ចាស់តើ​ឈ្មោះ​ថា UDG។ អ៊ីញ្ចឹង​គឺ​វាអត់​មាន​ន័យ។»

លោកអាឡិច សង្ស័យ​ថា ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​​តារាសាគរ របស់​ក្រុមហ៊ុន UDG មាន​ទំហំ​ស្មើ​នឹង​២០% នៃ​ឆ្នេរសមុទ្រកម្ពុជា​នេះ​គឺ​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជាប្រព្រ័ន្ធ ជាមួយ​មេដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដែល​ជាដើមចម​នាំ​អោយមាន​ការរំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធ៖ «មិនចោទ​ទេ​តែ​ខ្ញុំ​សង្ស័យ​ថា ដែល​យើង​ឮថា គន់ គីម ហ្នឹង​តាមពិត​អាច​នឹង​ជាប់​ទាក់ទិន​ដល់​ត្រកូល​ហ៊ុន​នៅ​ពីក្រោយ ពី​ព្រោះ លោក គន់ គីម គ្រាន់តែ​ជា​កូនចៅ​របស់ លោក ហ៊ុន សែន ហ្នឹង។ ខ្ញុំ​ថា​ លោក គន់ គីម ដែល​ជាមនុស្ស​យោធា​អស់មួយ​ជីវិត ជា​អតីត​ទាហ៊ាន​ខ្មែរក្រហម បើខ្ញុំ​មិន​ច្រឡំ​ទេ គាត់​នៅ​ជាមួយ​លោក ហ៊ុន សែន តាំង​ពី​ឆ្នាំ​១៩៧៩ គឺ​គាត់​មិន ដែល​ទៅ​រំលោភ​ដី​ពលរដ្ឋ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ចិន ដោយ​គ្មាន​ភ្លើងខៀវ​ពី​លោក ហ៊ុន ​សែន ទេ​ហ្នឹង​គឺ​ខ្ញុំ​មិនជឿ​តែម្ដង។»

លោក អាឡិច ថា ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មកលើ​ក្រុមហ៊ុន​ចិន UDG នាពេល​នេះ គឺ​ជា​សារ​ព្រមាន​មួយ​យ៉ាង​ច្បាស់​ទៅ​របប​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន និង​គិតគូរ​ឡើងវិញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ព្រោះ​បើ​មិន​ដូច្នោះ​ទេ មនុស្ស​ជា​ច្រើនទៀត​នៅ​ជុំវិញ​លោក ហ៊ុន សែន នឹង​ត្រូវ​រង​នូវ​ទណ្ឌកម្ម​ដូចគ្នា​នេះ​នា​ពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល