សកម្មជនគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៤ ខែសីហា វេលាម៉ោង ៦ និង ៣០នាទី ក្រោយពីបានដឹកចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ៣ ខែសីហា។
លោក គង់ ម៉ាស់ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទក្រោយពីបានដោះលែងថា លោកសប្បាយចិត្តខ្លះដែរ ដែលត្រូវបានដោះលែងឲ្យបានជួបជុំក្រុមគ្រួសារ ក៏ប៉ុន្តែនៅទន្ទឹមនេះ លោកក៏មានការសោកស្ដាយ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគារព្រៃស ចំនួន ១៨ខែ និង ១៥ថ្ងៃ ដោយអយុត្តិធម៌៖ « ជាការសប្បាយចិត្តមួយផ្នែក ដែលបានជួបជុំបងប្អូន។ តែមួយផ្នែកទៀត ក៏មិនសប្បាយចិត្តដែរ ដោយសារមិនអស់ជិតដែលជាប់ឃុំជាង ១ឆ្នាំកន្លះ។ ការសម្រេចរបស់តុលាការគឺមិនប្រក្រតី លំអៀងមានលក្ខណៈមិនតម្លាភាពសម្រាប់ខ្លួនខ្ញុំជាប្រជាពលរដ្ឋ។ តាមពិតទៅខ្ញុំជាប់នៅពន្ធនាគារព្រៃស ហើយគេដឹកខ្ញុំមកស្វាយរៀងវិញ ហើយគេឃុំខ្ញុំមួយយប់នៅស្វាយរៀង និងល្ងាច ៦កន្លះ ទើបបានដោះលែង។ ឥឡូវខ្ញុំកំពុងធ្វើបុណ្យសពជីដូនដែលបានស្លាប់មុនខ្ញុំចេញមួយថ្ងៃ » ។
កាលពីថ្ងៃទី៣ ខែសីហា ដែលជាថ្ងៃកំណត់ត្រូវដោះលែងលោក គង់ ម៉ាស់ ភរិយារបស់លោក គឺលោកស្រី កុល សាត បានទៅរង់ចាំទទួលប្ដីនៅមុខពន្ធនាគារព្រៃស ពេញមួយថ្ងៃ ប៉ុន្តែក្រោយមក ទើបបានទទួលព័ត៌មានថា ប្ដីលោកស្រីត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារខេត្តស្វាយរៀង ដែលអាជ្ញាធរអះអាងថា ដើម្បីធ្វើសំណុំរឿងរៀបចំដោះលែងនៅទីនោះ។
លោក គង់ ម៉ាស់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក្រោយដែលលោកបានបង្ហោះ សារលើហ្វេសប៊ុក (Facebook) ទាក់ទងនឹងយុទ្ធនាការម្រាមដៃស្អាត មុនការបោះឆ្នោតឆ្នាំ២០១៨ និងរិះគន់ ការដឹកនាំបែបអសកម្មរបស់រដ្ឋាភិបាល និងមន្ត្រីរបបលោក ហ៊ុន សែន។ ចំណែកករណីទី២ វិញ លោកត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១៥ថ្ងៃ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យពលរដ្ឋស្អប់អ្នករាជការសាធារណៈ តាមបណ្ដឹងរបស់អតីតអភិបាល ស្រុករមាសហែក លោក ពេញ ជា។
លោក គង់ ម៉ាស់ បដិសេធការចោទប្រកាន់ទាំងពីរខនេះ ហើយថា សេចក្ដីសម្រេចផ្ដន្ទាទោសលោករបស់តុលាការឱ្យជាប់ពន្ធនាគារកន្លងទៅនេះ គឺជារឿងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។