អាជ្ញាធរខេត្តស្វាយរៀងបានដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់វិញហើយ នៅរសៀលថ្ងៃទី៨ តុលា បន្ទាប់ពីបានបង្ខំពួកគេឱ្យសារភាពឈប់គាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះ ថា ជាការបង្ខិតបង្ខំប្រជាពលរដ្ឋដោយខុសច្បាប់។
សកម្មជនគណបក្សប្រឆាំងទាំង ៤នាក់ ដែលអាជ្ញាធរដោះលែងវិញនោះ រួមមាន ទីប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ព្រុំ សាមាន និងលោក កង ថាន ជំទប់ទី២ ឃុំអង្គប្រស្រែ ស្រុករមាសហែក ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៧តុលា។ លោក ពេជ ឃន សមាជិកគណៈកម្មការបក្សសង្គ្រោះជាតិស្រុករមាសហែក និងលោក ម៉ៅ សោម ជាសមាជិកក្រុមប្រឹក្សាឃុំអង្គប្រស្រែជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចាប់ខ្លួននៅព្រឹកថ្ងៃទី៨ តុលា។
ប្រពន្ធរបស់លោក ព្រុំ សាមាន គឺ លោកស្រី អ៊ុំ សាមាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៨ តុលា ថា ប៉ូលិសចាប់ប្ដីរបស់លោកស្រីនៅក្នុងផ្ទះដោយពុំមានដីកាពីតុលាការឡើយ។ លោកស្រីឱ្យដឹងទៀតថា ប៉ូលិសបានបញ្ជូនប្ដីរបស់លោកស្រីទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងបានបង្ខំឱ្យគាត់សារភាពពីទោសកំហុសនិងឱ្យឈប់ធ្វើនយោបាយជាមួយគណបក្សប្រឆាំង ដើម្បីជាថ្នូរបានដោះលែងឱ្យមានសេរីភាពវិញ៖ «គាត់ថា ឱ្យនាំកូនទៅផ្ទះវិញទៅល្ងាចបន្តិចគាត់មកវិញហើយ ថា មិនបាច់ភ័យទេ ហើយពូប៉ូលិសៗហ្នឹងក៏មកនិយាយមួយខ្ញុំដែរ សុទ្ធតែអ្នកស្គាល់គ្នា។ គាត់ថា ភ័យអីសួរតែបន្តិចហ្នឹងបានទៅហើយ អញ្ជើញទៅផ្ទះមុនទៅ ខ្ញុំយកបាយយកទឹកឱ្យគាត់ហូបហ្នឹង ហើយមិញគាត់ទូរស័ព្ទមកខ្ញុំថា មិនបាច់ព្រួយបារម្ភអីទេបន្តិចទៀតទៅដល់ផ្ទះហើយ»។
សកម្មជនគណបក្សប្រឆាំងទាំង ៤នាក់នេះ បានត្រឡប់ទៅដល់ផ្ទះវិញហើយ នៅម៉ោង៤រសៀលថ្ងៃទី៨តុលា ក៏ប៉ុន្តែពួកគេសុំមិនអត្ថាធិប្បាយជុំវិញការដោះលែងនេះទេ ដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ប៉ុន្តែសកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ ដែលបានចុះតាមដានរឿងនេះផ្ទាល់ប្រាប់ថា សកម្មជនគណបក្សប្រឆាំងទាំង៤នាក់នោះត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានថតវីដេអូជុំគ្នាអំពីគម្រោងចូលរួមគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលស្រុកវិញ លើកទី២ នៅពេលខាងមុខ៖ «វីដេអូហ្នឹងគាត់ធ្វើគ្នាគាត់ ហើយគាត់ឆាតចូលនៅក្នុងក្រុម ប៉ុន្តែមិនដឹងថា នៅក្នុងក្រុមនោះវាមានអ្នកណានៅខ្លះទេ ។ ប៉ុន្តែយើងអត់ដឹងទេ គ្រាន់តែធ្វើវីដេអូរួចហើយគាត់ឆាតតៗគ្នាទៅ វីដេអូហ្នឹងក៏បែកធ្លាយថា គាត់ចាំទទួលលោកប្រធានសម រង្ស៊ី មានតែរឿងហ្នឹងឯង»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៨តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ។លោកបន្ថែមថា សំណុំរឿងព្រហ្មទណ្ឌមិនអាចបញ្ចប់ដោយការធ្វើកិច្ចសន្យា ឬបង្ខំឱ្យជនណាម្នាក់សារភាពពីទោសកំហុសហើយដោះលែងបានឡើយ។ លោកបញ្ជាក់ថា សកម្មភាពទាំងឡាយណាដែលបង្ខិតបង្ខំពលរដ្ឋឱ្យសារភាពពីទោសកំហុស ឬឱ្យបោះបង់ការគាំទ្រគណបក្សនយោបាយ ដើម្បីជាំថ្នូរដោះលែងឱ្យមានសេរីភាពគឺជាទង្វើខុសច្បាប់៖ «ប៉ុន្តែបើសិនជាការចាប់ទៅបង្ខំឱ្យ សារភាពទាក់ទងថាឱ្យឈប់ធ្វើនយោបាយ ឬក៏អីពីព្រោះរដ្ឋធម្មនុញ្ញគឺ បានចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ ហើយប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រលាញ់ដោយស្របច្បាប់។ នេះជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គ្មានអ្នកណាអាចចាប់បង្ខំបានទេ»។
កាលពីថ្ងៃទី៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា សកម្មជនគណបក្សប្រឆាំងទាំងឡាយណាដែលធ្វើសកម្មភាពនយោបាយគាំទ្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួនដោយមិនលើកលែងឡើយ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសថា លោកនឹងធ្វើមាតុភូមិនិវត្តលើកទី២ ដើម្បីចូលទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញនៅពេលខាងមុខ។
ចំណែកនៅខេត្តពោធិ៍សាត់វិញ ជំទប់ទី២ ឃុំអន្លង់រាប ស្រុកវាលវែង ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ គឺលោកជុំ សារ៉េត ហៅក្រៅ ជុំ សារ៉ាត់ ដែលអាជ្ញាធរបានចាប់ខ្លួន កាលពីថ្ងៃទី៦ តុលា នោះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ហើយ កាលពីរសៀលថ្ងៃទី៧ តុលា។ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ អ្នកស្រី ថាន់ សុគន្ឋថង បានចោទប្រកាន់លោក ជុំ សារ៉េត ចំនួន២បទល្មើស គឺ បទធ្វើឱ្យប៉ះពាល់កម្មសិទ្ធិឯកជន និងបទហិង្សាដោយចេតនា។
កូនប្រសារលោក ជុំ សារ៉េត គឺ លោក ក្រឹម ឆាយ ថ្លែងថា ការចាប់ខ្លួននេះជារឿងអយុត្តិធម៌មិនអាចទទួលយកបានទេ ពីព្រោះលោកថា ឪពុកក្មេករបស់លោកមិនបានប្រព្រឹត្តិខុសច្បាប់ដូចការចោទប្រកាន់នោះឡើយ៖ «អត់មានទេបង ព្រោះខ្ញុំកូនចៅគាត់អត់មានចម្ការមានអីធ្វើទេ ហើយ ណាមួយគេអស់តាំងបីឆ្នាំ២០១៤ណោះ ហើយគេប្ដឹងគាត់តាំងពីឆ្នាំ២០១៤ គេសើរើតាំងពីឆ្នាំ២០១៤មកយូរហើយ»។
ចាប់តាំងពីខែមករា ឆ្នាំ២០២០មក មានសកម្មជនគណបក្សប្រឆាំងជាង ២០នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ។ តុលាការបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គម ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ប៉ះពាល់កម្មសិទ្ធិឯកជន និងបទហិង្សាដោយចេតនា ជាដើម។ ក្រៅពីនេះ ក្រុមសកម្មជនសង្គម អ្នកនយោបាយ និងយុវជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារដែរ ក្រោមបទចោទ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។