ក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅឯប្រទេសថៃ (Thailand) បន្តចុះកៀរគរពលករខ្មែរ ឲ្យចូលរួមគាំទ្រដំណើរមាតុភូមិនិវត្តន៍លើកទី២ របស់លោក សម រង្ស៊ី។ ចំណែកពលករមួយចំនួនអះអាងថា ពួកគេក៏ត្រៀមខ្លួនជានិច្ចក្នុងការវិលត្រឡប់ចូលកម្ពុជាវិញជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីរំដោះប្រទេសចេញពីរបបផ្ដាច់ការ។
យុវជនគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងទីក្រុងបាងកក លោក នាង សុឃុន ថ្លែងថា ជារៀងរាល់ចុងសប្ដាហ៍ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ តែងបំបែកគ្នាជាក្រុមៗ ដែលក្នុងមួយក្រុមមាន គ្នាពី ៥នាក់ទៅ ៦នាក់ ដើម្បីចុះជួបពលករខ្មែរនៅតាមតំបន់ផ្សេងៗ។ លោក បញ្ជាក់ថា ក្នុងជំនួបជាមួយពលករនោះ សកម្មជនគណបក្សសង្គ្រោះជាតិ ពន្យល់ក្រុមពលករឲ្យយល់ដឹងអំពីសិទ្ធិសេរីភាព ស្ថានភាពនយោបាយក្នុងប្រទេស ការប្រមូលស្នាមមេដៃគាំទ្រញត្តិបញ្ចប់វប្បធម៌និទណ្ឌភាព និងការបញ្ជាក់អំពីជំហរធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាសំខាន់ផងដែរ៖ «យើងកំពុងបន្តសកម្មភាពទាំងការចុះប្រមូលញត្តិ និងការរៀបចំរចនាសម្ព័ន្ធកម្លាំងបងប្អូនពលករដែលចំណាកស្រុកមកធ្វើពលករនៅស្រុកថៃនេះ ឲ្យត្រៀម លក្ខណៈចូលរួមដំណើរមាតុភូមិជាមួយលោកប្រធានសម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញឆាប់ៗ ខាងមុខនេះ។ យើងមើលឃើញថា បងប្អូនពលករនៅតែមានទឹកចិត្តមោះមុត បន្តចូលរួម សកម្មភាពនយោបាយ និងនៅតែឈឺឆ្អាលរឿងសង្គមជាតិ ហើយជាពិសេស ពួកគេចង់ឃើញការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមកម្ពុជា»។
សកម្មជនបក្សប្រឆាំងមួយរូបទៀត លោក ឆាំ សុភាន់ មានប្រសាសន៍ថា នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ក្រុមរបស់លោក នឹងចុះជួបពលករចំនួន ៥កន្លែងផ្សេងគ្នាក្នុងខេត្តមួយរបស់ប្រទេសថៃ ហើយក្នុងមួយកន្លែង មានប្រជាពលករខ្មែរចន្លោះពី១០នាក់ទៅ៥០នាក់ ដើម្បីចងក្រងពួកគេជាក្រុមៗសម្រាប់ត្រៀមអមដំណើរ មាតុភូមិន៍ជាលើកទី២។ លោក បន្តថាពលករភាគច្រើនមិនពេញចិត្តការដឹកនាំប្រទេសដោយរបបលោក ហ៊ុន សែន នោះទេ ដូច្នេះហើយពួកគេត្រេកអរចំពោះដំណឹងនៃផែនការវិលត្រឡប់ចូលស្រុកជាថ្មីម្តងទៀតនេះ ទោះបីជាគម្រោងលើកទី១ ត្រូវបានរបបលោក ហ៊ុន សែន រាំងខ្ទប់ក៏ដោយ៖ «លោកប្រធានថា មកគឺគាត់មកហើយ តែមកពីលោក ហ៊ុន សែន និយាយអត់ចាំពាក្យខ្លួនឯង ព្រោះអីលោក ហ៊ុន សែន ថា ឲ្យលោកប្រធានចុះមក ហើយ គាត់នឹងចាប់លោកប្រធាន ប៉ុន្តែពេលលោកប្រធានចុះមកឲ្យចាប់ ស្រាប់តែលោក ហ៊ុន សែន បិទផ្លូវបិទអីបិទទាំងជើងយន្តហោះ ដូច្នេះហើយ លោក ហ៊ុន សែន ធ្វើអ្វី គិតអ្វីនិយាយអ្វី ដូចកូនក្មេងបៀមដៃអ៊ីចឹង»។
ប្រធានស្តីទីគណបកសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសវិលត្រឡប់ទៅកម្ពុជាវិញជាលើកទីពីរ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ លោក សម រង្ស៊ី ប្រាប់អាស៊ីសេរីថា លោកនឹងព្យាយា ជម្នះគ្រប់ឧបសគ្គដើម្បី ធ្វើដំណើរទៅកម្ពុជាឲ្យទាល់តែបានដើម្បីជួយធ្វើការងារស្តារប្រទេស ពីវិបត្តិសេដ្ឋកិច្ច និងកុំឲ្យចិនយកកម្ពុជាធ្វើជាឈ្នាន់ដើម្បីរំលោភទឹកដីប្រទេសក្នុងតំបន់។ លោក សម រង្ស៊ី ថា ដើម្បីកែទម្រង់នៅកម្ពុជា មុនដំបូងលោកត្រូវដឹកនាំពលរដ្ឋតស៊ូមតិ ដោយអហិង្សា ដើម្បីផ្តល់អំណាចឲ្យពលរដ្ឋវិញ ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ។ លោកថា ប្រសិនបើមានរដ្ឋាភិបាលថ្មី លោកនឹងស្នើសុំឲ្យបរទេសទម្លាក់ចោលទណ្ឌកម្មប្រឆាំងកម្ពុជា។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា ផែនការវិលចូល ស្រុកជាថ្មីរបស់លោក សម រង្ស៊ី នេះ គឺគ្រាន់តែល្បិចគោះទឹកបង្អើលត្រីប៉ុណ្ណោះ ហើយប្រសិនបើពលរដ្ឋណា ជឿលើនយោបាយបែបនេះ នឹងរងទុក្ខវេទនាខ្លួនឯង ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាល៖ « អំពាវនាវឲ្យបងប្អូនដែលជឿលើមេឧទ្ទាមក្រៅច្បាប់ មិនមែនទើបជឿទេ គឺជិត២០ឆ្នាំហើយ ល្មមដឹងខ្លួនហើយ ខិតខំទុកពេលវេលារកស៊ីចិញ្ចឹមជីវិត ចិញ្ចឹមប្រពន្ធកូនទៅវាល្អជាង កុំឲ្យគេហៅថា គ្រាន់តែលឺគេគោះទឹកមកយើងផ្អើល ហើយឥឡូវចង់ផ្អើលទៀត បើផ្អើលទៀតចូលគុកហើយ » ។
ផ្ទុយពីការព្រមាននេះ ពលករខ្មែរមួយរូបដែលកំពុងធ្វើការនៅ ប្រទេសថៃ លោក នូវ ប៊ុនរ័ត្ន និយាយថា លោក មិនរាថយឡើយ ទោះបីជាប្រឈមការជាប់គុក ឬបាត់បង់អាយុជីវិតក្តី គឺលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអមដំណើរថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលប្រទេសកម្ពុជាវិញ ដើម្បីស្តារប្រទេសជាតិឲ្យមានប្រ ជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដឡើងវិញ៖ « ខ្ញុំនៅតែបន្តគាំទ្រការប្រកាសវិលត្រឡប់របស់លោកប្រធានសម រង្ស៊ី ជាលើកទី២ ហើយខ្ញុំនឹងប្តេជ្ញា យ៉ាងណាក៏ត្រូវតែចូលរួមដែរ ដើម្បីទៅរំដោះប្រទេសជាតិ យើងវិញ។ ខ្ញុំមានជំហរមុតមាំបែបនេះព្រោះអីខ្ញុំឃើញមានការចាប់ខ្លួនដូចជាអ្នកនាង ដារ៉ាវី លោក ហ៊ុន វណ្ណៈ សុទ្ធតែយុវជនដែលគ្រាន់តែទាមទារឲ្យដោះលែង លោកគ្រូ រ៉ុង ឈុន ជាដើម ដែលករណីទាំងនេះ វាទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបូរណភាពទឹកដី » ។
ពលករខ្មែររូបនេះ បន្តថា លោក សម រង្ស៊ី មិនបានធ្វើបាបឬបោកប្រាស់ប្រជាពលរដ្ឋខ្មែរនោះទេ គឺរដ្ឋាភិបាលទៅវិញទេ ដែលភូតកុហក ធ្វើបាបធ្វើកម្មនិងគាបសង្កត់សិទ្ធិសេរី ភាពពលរដ្ឋខ្មែរទាំង បំពានច្បាប់ ព្រមទាំងប្រើគ្រប់វិធីដើម្បីរារាំងមិនឲ្យលោក សម រង្សី វិលចូលកម្ពុជាវិញ ដោយសារភ័យខ្លាចឥទ្ធិពលមេបក្សប្រឆាំងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។