មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមិនចាប់អារម្មណ៍លើការក្រសួងយុត្តិធម៌ ដែលចង់ប្ដឹងលោក សម រង្ស៊ី មួយករណីថ្មីទៀតនោះទេ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីថ្ងៃទី២៩ តុលាថា គ្មានរឿងអ្វីប្លែកទេ របបក្រុងភ្នំពេញប្ដឹងផ្ដល់មេដឹកនាំគណបក្សប្រឆាំងនោះ។ លោកបញ្ជាក់ថា ស្ថាប័នតុលាការមិនមែនជាស្ថាប័នឯករាជ្យសម្រាប់ពលរដ្ឋទូទៅដូចនៅប្រទេស គោរពនីតិរដ្ឋ និងប្រជាធិបតេយ្យ៖ «
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ នៅបន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់វិទ្យុបារាំងថា តុលាការនឹងសិក្សាផ្លូវច្បាប់លើពាក្យសំដីរបស់លោក សម រង្ស៊ី ដែលរិះគន់នៅក្នុងវិឌីអូឃ្លីបមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ តុលា ដែលចោទប្រកាន់តុលាការថា ជាស្ថាប័នមិនឯករាជ្យ ហើយចង់រុះរើប្រព័ន្ធតុលាការសព្វថ្ងៃ។ លោក ជិន ម៉ាលីន អះអាងថា លោក សម រង្ស៊ី កំពុងតែប្រមាថព្រះមហាក្សត្រ ដែលលោកថា ព្រះមហាក្សត្រ ធ្វើជាប្រធានក្រុមប្រឹក្សានៃអង្គចៅក្រមទីងមោងជាដើម។ លោក ជិន ម៉ាលីន បញ្ជាក់ថា បើសិនជា តុលាការរកឃើញធាតុផ្សំនៃបទល្មើសប្រមាថដល់អង្គព្រះមហាក្សត្រ គឺតុលាការនឹងដំណើរការនីតិវិធីចាត់ការលើលោក សម រង្ស៊ី តាមផ្លូវច្បាប់។
លោក សម រង្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥តុលាថា តុលាការជាឧបករណ៍សម្រាប់អ្នកមានលុយ និងអ្នកមានអំណាចធ្វើបាបអ្នកក្រីក្រ។ លោកបន្ថែមថា ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រមមានព្រះរាជតួនាទីសំខាន់ក្នុងការពិនិត្យមើលចៅក្រមឲ្យអនុវត្តច្បាប់ត្រឹមត្រូវ ប៉ុន្តែចៅក្រម និងតុលាការសព្វថ្ងៃនេះ មិនបានកាត់សេចក្ដីត្រឹមត្រូវឡើយ៖ «
ការថ្លែងរបស់លោក សម រង្ស៊ីនេះ ធ្វើឡើងក្រោយពី តុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងនិទ្ទេសខ្លួន នៅក្រៅប្រទេសចំនួន ៩នាក់ ចូលបំភ្លឺ នៅថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ មេដឹកនាំគណបក្សប្រឆាំងទាំង៩នាក់ រួមមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស និងសមាជិកគណបក្ស ៦រូប គឺមានលោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និងអ្នកស្រី ជូឡុង ស៊ូមូរ៉ា។
ក្រុមចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យក្រុមមេដឹកនាំគណបក្សប្រឆាំងទាំង ៩នាក់ ចូលឆ្លើយបំភ្លឺអំពីបទចោទ "ឧបឃាត" ដែលពាក់ព័ន្ធនឹងអង្គហេតុ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដួលរំលំរដ្ឋាភិបាល ក្រោមឧបាយកល ផែនការវិលត្រលប់ចូលប្រទេសកម្ពុជាវិញ របស់លោក សម រង្ស៊ី នៅឆ្នាំ២០១៩ ដោយអំពាវនាវ និងប្រើប្រាស់ថវិកាប៉ុនប៉ងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ដើម្បីអនុវត្តផែនការ។ បទចោទនេះ ចែងនៅមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។
រីឯលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មកទល់ពេលនេះ មានបណ្ដឹងជាច្រើននៅតុលាការ ក្នុងសំណុំរឿងខ្លះតុលាការបានផ្ដន្ទាទោសលោករួចហើយ រីឯសំណុំរឿងខ្លះទៀត តុលាការមិនទាន់កាត់សេចក្ដីនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។