ជំទប់ទី១ ឃុំព្រែកជីក ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សំ បូរី បានចូលបំភ្លឺនៅចំពោះមុខអធិការរងនគរបាលស្រុករុក្ខគិរី លោក ទូច វិន ដូចការគ្រោងទុក ដោយមានអ្នកគាំទ្រគណបក្សប្រឆាំងនេះ ប្រមាណ ២០នាក់ចូលរួមឃ្លាំមើល នៅមុខអធិការដ្ឋាននគរបាលស្រុកនេះ នៅព្រឹកថ្ងៃទី២៣ កក្កដា។
សកម្មជនគណបក្សប្រឆាំង លោក សំ បូរី ប្រាប់អាស៊ីសេរី ក្រោយពេលប៉ូលិសបញ្ចប់ការសាកសួរថា ក្នុងចូលបំភ្លឺនោះ អាជ្ញាធរឃុំព្រែកជីក និងប៉ូលិសស្រុករុក្ខគិរី ព្យាយាមបង្ខំឱ្យលោកបង្ហោះសារនៅលើហ្វេសប៊ុកសុំទោសអាជ្ញាធរមូលដ្ឋានម្ដងហើយម្ដងទៀត ប៉ុន្តែត្រូវបានលោកបានបដិសេធ។ លោកបញ្ជាក់ថា មូលហេតុដែលលោកមិនព្រមសុំទោស ព្រោះលោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់អាជ្ញាធរនោះឡើយ៖ «
កាលពីថ្ងៃទី២០ កក្កដា លោក សំ បូរី បានចូលទៅបំភ្លឺនៅសាលាឃុំព្រែកជីកតាមការកោះហៅរបស់អាជ្ញាធរឃុំ ម្ដងរួចមកហើយ ។ការកោះហៅទៅសាកសួរនេះ ដោយអាជ្ញាធរឃុំនេះ បានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះថា បានបង្ហោះសារមួលបង្កាច់អាជ្ញាធរខុសពីការពិត រឿងថា។ ការចោទប្រកាន់បែបនេះ បន្ទាប់ពីលោក សំ បូរី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំព្រែកជីក មានជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច ប៉ុន្តែអាជ្ញាធរមិនបានដាក់ឈ្មោះពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំព្រែកជីករូបនេះក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះឡើយ។
មេឃុំព្រែកជីកលោក ប៊ុត បឿន បានព្រមានថា ប្រសិនបើជំទប់ទី១ ជាប់ឆ្នោតគណបក្សប្រឆាំងរូបនេះ មិនបង្ហោះសារសុំទោសអាជ្ញាធរនោះទេ លោកនឹងចាត់វិធានការតាមច្បាប់។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សដែលបានចុះស្រាវជ្រាវរឿងនេះ ចាត់ទុកការកោះហៅរបស់អាជ្ញាធរនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។