លោក យឹម សុវណ្ណ ច្រាន​ចោល​ការ​ថ្កោលទោស​ថា​លោក​មើល​ងាយ​តួនាទី​កងទ័ព

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​៣០ មករា ចេញ​លិខិត​មួយ​បដិសេធ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​ថ្កោលទោស​លោក ថា​បាន​មើល​ងាយ​តួនាទី​របស់​កងទ័ព។
ដោយ អ៊ុក សាវបូរី
2014.01.30
Share on WhatsApp
Share on WhatsApp
យឹម សុវណ្ណ ៣០៥ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​ប្រកាស​ថ្កោលទោស​ពី​សំណាក់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នោះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ស្រង់​សម្ដី លោក យឹម សុវណ្ណ ទៅ​ផ្សាយ​ពាក់ព័ន្ធ​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រាន​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​យល់​ច្រឡំ​ការ​អត្ថាធិប្បាយ​របស់​លោក ក្នុង​អត្ថបទ​កាសែត ឌឹ ខេមបូឌា ដេលី។

លោក យឹម សុវណ្ណ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា បំភ្លឺ​ជូន​កងទ័ព​ជាតិ​ថា ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​កាសែត ឌឹ ខេមបូឌា ដេលី ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា លោក​សំដៅ​ទៅ​លើ​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ចំនួន​តូច​ក្នុង​ជួរ​កងទ័ព ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ ច្បាប់​តម្រូវ​ឲ្យ​កងទ័ព​នៅ​អព្យាក្រិត។ តែ​បែរ​ជា​មាន​អ្នក​មួយ​ចំនួន​តូច បែរ​ទៅ​គាំទ្រ​គណបក្ស​មួយ ហើយ​ប្រឆាំង​គណបក្ស​មួយ​ទៀត។

លោក យឹម សុវណ្ណ៖ «នៅ​ពេល​ដែល​យើង​បង្ក្រាប​ទៅ​លើ​បាតុករ​ស្លូត​ត្រង់ អ្នក​ដែល​កាន់​អាវុធ ក្រោម​ការ​បញ្ជា​របស់​មនុស្ស​មួយ​ចំនួន​តូច បាញ់​គ្រាប់​ពិត​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស ហើយ​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​ប្រហែល​ជា ៤០​នាក់ ហ្នឹង​ហើយ​ដែល​ជា​ទង្វើ​មិន​ស្រប​ច្បាប់។ ដូច្នេះ ខ្ញុំ​សុំ​បដិសេធ​ទាំង​ស្រុង​ថា ខ្ញុំ​ទៅ​ប្រមាថ​មើល​ងាយ​កងទ័ព​អី ខ្ញុំ​គ្មាន​ទាល់​តែ​សោះ។ ផ្ទុយ​ទៅ​វិញ គឺ​ខ្ញុំ​តែង​តែ​គិត​ថា ប្រទេស​ជាតិ​ខ្ញុំ ជីវិត​ខ្ញុំ កងទ័ព​ជាតិ​ខ្ញុំ ប្រទេស​ជាតិ​របស់​ខ្ញុំ គឺ​ខ្ញុំ​យល់​ច្បាស់​ណាស់ ក្នុង​នាម​ជា​អ្នក​នយោបាយ​ដែល​បាន និង​កំពុង​តែ​បម្រើ​ប្រទេស​ជាតិ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បដិសេធ និង​ថ្កោលទោស​ចំពោះ លោក យឹម សុវណ្ណ ដែល​និយាយ​ប្រមាថ និង​មើល​ងាយ​តួនាទី​កង​យោធពល​ខេមរភូមិន្ទ​ប្រាប់​ទៅ​កាសែត ឌឹ ខេមបូឌា ដេលី បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ថា៖ «រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋសភា​ខុស​ច្បាប់​នេះ គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​កងទ័ព​ដែល​បម្រើ​ឲ្យ​រដ្ឋាភិបាល​ខុស​ច្បាប់ ក៏​ខុស​ច្បាប់​ដែរ»

លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​ដែល​ហ៊ាន​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ការពារ​ជាតិ​របស់​កងទ័ព​ទេ។ លោក​មាន​តែ​សុំ​ឲ្យ​រដ្ឋសភា​ដំឡើង​ប្រាក់​ខែ​ជូន​កងទ័ព ដើម្បី​ឲ្យ​កងទ័ព​អាច​រស់​នៅ​ប្រកប​ដោយ​ជីវភាព​ថ្លៃថ្នូរ​ក្នុង​សង្គម សម​នឹង​គុណ​បំណាច់​កំពុង​ជួយ​ការពារ​ប្រទេស​ជាតិ៖ «ពីព្រោះ​កងទ័ព​ជា​កងទ័ព​របស់​ជាតិ ត្រូវ​តែ​បម្រើ​ជាតិ ហើយ​កិច្ចការ​នយោបាយ គឺ​កិច្ចការ​របស់​គណបក្ស​នយោបាយ។ នៅ​ពេល​ដែល​មាន​វិបត្តិ​នយោបាយ កងទ័ព​ត្រូវ​ឈរ​នៅ​អព្យាក្រិត មិន​ត្រូវ​គាំទ្រ​គណបក្ស​មួយ ទៅ​ប្រឆាំង​គណបក្ស​មួយ​ទេ។ ខ្ញុំ​ជឿ​ថា កងទ័ព​ជាតិ​ទាំង​មូល​គេ​យល់​ណាស់ ក៏ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​សេចក្តី​សម្រេច​របស់​មនុស្ស​មួយ​ចំនួន​តូច នៅ​ក្នុង​ជួរ​កងទ័ព​ដែល​សម្រេច​មិន​អព្យាក្រិត​បែប​ហ្នឹង។ ប៉ុន្តែ​ជា​ស្មារតី ជា​ទឹក​ចិត្ត​ជា​សម្បជញ្ញៈ​របស់​កងទ័ព​ជាតិ​ទាំង​មូល កង​យោធពល​ខេមរភូមិន្ទ​ទាំង​មូល គេ​នឹង​យល់​អំពី​បញ្ហា​នេះ​បាន​ច្បាស់​ណាស់»

សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បង្ហាញ​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​ហិង្សា។ ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ គណបក្ស​ប្រជាជន​កម្ពុជា ទទួល ៦៨​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប ១២៣។

សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥ លើក​ដំបូង នៅ​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះ​បរម​នាថ នរោត្តម សីហមុនី។ កិច្ច​ប្រជុំ​រដ្ឋសភា​នោះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន បើ​ទោះ​បី​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។

ក្នុង​ចំណុច​ទី​៤ នៃ​សេចក្តី​ប្រកាស​នោះ បញ្ជាក់​ថា ស្ថិត​ក្នុង​សភាពការណ៍​ដែល​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ជាតិ​ត្រូវ​បំផ្លាញ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុខដុមរមនា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ កង​យោធពល​ខេមរភូមិន្ទ ត្រូវ​ការពារ​ដាច់​ខាត​រដ្ឋធម្មនុញ្ញ និង​រាជ​រដ្ឋាភិបាល។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ អំពាវនាវ​ដល់​នាយ​ទាហាន​ពល​ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ មេត្តា​បន្ត​ការ​អត់ធ្មត់​ចំពោះ​ការ​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​មាក់ងាយ​របស់ លោក យឹម សុវណ្ណ មក​លើ​កង​យោធពល​ខេមរភូមិន្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។